អវកាសយានិកប៉ាគីស្ថាន ក្លាយជាជនបរទេសដំបូងគេ ដែលធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសធានគុងរបស់ចិន
លោក ហ្ស៊ីសាន អាលី (Zeeshan Ali) ជាជនជាតិប៉ាគីស្ថាន បានក្លាយជាអវកាសយានិកបរទេសដំបូងគេ ដែលបានឡើងទៅកាន់ស្ថានីយ៍អវកាសធានគុង (Tiangong) របស់ប្រទេសចិន កាលពីថ្ងៃពុធ។ ការណ៍នេះ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់មហិច្ឆតាផ្នែកវិទ្យាសាស្ត្ររបស់ប្រទេសលោក និងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការពង្រីកការទូតអវកាសរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ។
ក្រុមអវកាសយានិកបីនាក់ នៃយានអវកាសសិនចូវ-២៤ (Shenzhou-24) បានចូលទៅកាន់ស្ថានីយអវកាសធានគុង នៅម៉ោង២និង៣៥នាទីរសៀល ប្រហែលប្រាំមួយម៉ោង បន្ទាប់ពីពួកគេបានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន ដោយប្រើរ៉ុក្កែត Long March-2F។
អវកាសយានិកវ័យ៤០ឆ្នាំរូបនេះ ជាជនជាតិប៉ាគីស្ថានដំបូងគេ ដែលចូលទៅកាន់គន្លងតារាវិថីផែនដី កំពុងធ្វើការងារជាអ្នកឯកទេសខាងគណនាទម្ងន់ផ្ទុក ហើយគ្រោងនឹងស្នាក់នៅស្ថានីយ៍នេះរយៈពេលពី៥ ទៅ១០ថ្ងៃ។
ក្រុមអវកាសយានិកថ្មី ដែលរួមមានមេបញ្ជាការជនជាតិចិន លោក តាំង ហុងប៉ូ (Tang Hongbo) និងវិស្វករហោះហើរ លោក វូ យី (Wu Yi) ត្រូវបានស្វាគមន៍ដោយសមាជិកជើងហោះហើរយានអាវកាសសិនចូវ-២៣ (Shenzhou-23) ចំនួនបីនាក់ ដែលកំពុងមានវត្តមាននៅក្នុងស្ថានីយ៍នោះស្រាប់។
លោក អាលី បានថ្លែងជាភាសាចិន ដោយបង្ហាញអារម្មណ៍រំភើបរីករាយ ដោយបានក្លាយជាជនបរទេសដំបូងគេ ដែលបានឡើងទៅកាន់ស្ថានីយ៍អវកាសចិន។
ដើម្បីត្រៀមខ្លួនសម្រាប់ការហោះហើរនេះ លោក អាលី បានហ្វឹកហាត់រយៈពេលប្រាំពីរខែនៅទីក្រុងប៉េកាំង ដែលអំឡុងពេលនោះ លោកបានចូលរៀនថ្នាក់ភាសាចិនយ៉ាងស៊ីជម្រៅ រៀនចម្រៀងចិន និងអានកំណាព្យចិនផងដែរ។ លោកក៏បានហាត់សរសេរអក្សរផ្ចង់ និងលេងប៉េងប៉ុងផងដែរ។
ប្រទេសចិនកំពុងផ្សព្វផ្សាយអំពីស្ថានីយ៍អាវកាសធានគុងថា ជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈស្ថានីយ៍អវកាសអន្តរជាតិដែលដឹកនាំដោយ NASA ប្រឈមនឹងលទ្ធភាពចូលនិវត្តន៍នៅឆ្នាំ២០៣០។
ទោះបីជាការស្នាក់នៅតាមការគ្រោងទុករបស់លោក អាលី មានរយៈពេលខ្លីជាងការប្តូរវេនរយៈពេលប្រាំមួយខែជាធម្មតា សម្រាប់អវកាសយានិកចិនក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះ ទទួលបានការអបអរខ្លាំងនៅប្រទេសប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេសបាហ្ស៍ សឺរីហ្វ (Shehbaz Sharif) បានបង្ហោះសារតាមបណ្តាញសង្គម X ថា “នេះមិនមែនគ្រាន់តែជាការធ្វើដំណើររបស់អវកាសយានិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើដំណើររបស់ប្រជាជនប៉ាគីស្ថានទាំង២៤០លាននាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) បានផ្លាស់ប្តូរសារអបអរសាទរ បន្ទាប់ពីក្រុមអវកាសយានិកបានចូលទៅក្នុងស្ថានីយ៍អវកាស។
កិច្ចសហប្រតិបត្តិការអវកាសរវាងចិន និងប៉ាគីស្ថានមានតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ ចិនបានបាញ់បង្ហោះផ្កាយរណបប៉ាគីស្ថាន ហើយយានរុករក ដែលផលិតដោយប៉ាគីស្ថាន ក៏គ្រោងរួមដំណើរក្នុងបេសកកម្មទៅឋានព្រះចន្ទរបស់ចិន នៅប្រហែលឆ្នាំ២០២៨ ផងដែរ។
ខណៈពេលកំពុងស្ថិតនៅក្នុងលំហអាកាស លោក អាលី នឹងជួយធ្វើការងារផ្នែកពិសោធន៍ រួមទាំងការពិសោធន៍មួយ ដោយលោកនឹងពិនិត្យមើលពីរបៀប ដែលសមាសធាតុធ្វើពីសរសៃកាបូន ដែលមានសមត្ថភាពជុសជុលដោយខ្លួនឯង អាចជួសជុលស្នាមប្រេះតូចៗនៅក្នុងយានអវកាសដោយស្វ័យប្រវត្តិ។
ថ្លែងនៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ប៉ាគីស្ថាន លោក អាសាន អ៊ីកបាល់ (Ahsan Iqbal) បាននិយាយថា លោកសង្ឃឹមថា ការហោះហើរនៅពេលនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការអវកាសបន្ថែមទៀតជាមួយប្រទេសចិន រួមទាំងបេសកកម្មរួមគ្នានៅកាន់ឋានព្រះចន្ទផងដែរ។
ស្ថានីយ៍អវកាសធានគុង ដែលសាងសង់ដោយប្រទេសចិនខ្លួនឯង បានដាក់ឱ្យដំណើរការពេញលេញចាប់តាំងពីចុងឆ្នាំ២០២២។ វាអាចផ្ទុកអវកាសយានិករហូតដល់ប្រាំមួយនាក់ អំឡុងពេលប្តូរវេនគ្នា ជាពេលដែលក្រុមអវកាសយានិកថ្មីមានគ្នាបីនាក់មកដល់ ហើយស្នាក់នៅមួយរយៈជាមួយក្រុមអវកាសយានិកចាស់ដែលត្រូវចាកចេញ។
លោក ជូ យ៉ាងជូ (Zhu Yangzhu) មេបញ្ជាការយានអវកាសសិនចូវ-២៣ (Shenzhou-23) នឹងបន្តស្នាក់នៅ ដើម្បីគាំទ្រដល់ការសិក្សារបស់ទីក្រុងប៉េកាំងអំពីរបៀប ដែលរាងកាយមនុស្សទប់ទល់នៅក្នុងលំហអាកាស ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកបេសកកម្មទៅកាន់ឋានព្រះចន្ទ និងដំណើរដ៏មានសក្តានុពលទៅកាន់ភពអង្គារផងដែរ។
លោក ជូ ដែលនឹងត្រូវបំពេញបេសកកម្មនៅទីអវកាសរយៈពេលមួយឆ្នាំពេញ នឹងក្លាយជាអវកាសនាយនិកចិន ដែលមានកំណត់ត្រាស្នាក់នៅយូរជាងគេបំផុតក្នុងគន្លងគោចរ នៅពេលលោកបញ្ចប់បេសកកម្ម និងចាកចេញពីស្ថានីយ៍អវកាស។
គោលដៅរបស់ប្រទេសចិនក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០៣០ នៅតែមិនផ្លាស់ប្តូរ បន្ទាប់ពីការពន្យារពេលបេសកកម្មចាងអ៊ឺ-៧ (Chang’e-7) របស់ខ្លួន បានបរាជ័យ ដោយសារមិនបានបំពេញតាមលក្ខខណ្ឌបាញ់បង្ហោះនៅឆ្នាំនេះ និងបញ្ហាអាកាសធាតុមិនល្អ ដោយសារព្យុះត្រូពិច។
ដោយឡែក សហរដ្ឋអាមេរិកកំពុងផ្តោតគោលដៅនៅឆ្នាំ២០២៨ ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទវិញ ស្របពេលមានការប្រណាំងប្រជែងដ៏តានតឹងក្នុងការសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទ ជាជំហានមួយឆ្ពោះទៅការរុករកនៅលើភពអង្គារដោយមនុស្សនាពេលអនាគត។ ចំណែកប្រទេសចិន ក៏មានគម្រោងបង្កើតមូលដ្ឋានស្រាវជ្រាវមួយនៅលើឋានព្រះចន្ទនៅឆ្នាំ២០៣៥ ជាមួយរុស្ស៊ីផងដែរ។
ទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ទីក្រុងប៉េកាំងអាចមានបំណងគ្រប់គ្រងការចូលទៅកាន់តំបន់នានានៅលើឋានព្រះចន្ទ ដែលសម្បូរទៅដោយធនធានធម្មជាតិ ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនគាំទ្រការប្រើប្រាស់លំហអាកាសដោយសន្តិវិធី៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


