យោធាភូមាបានវាយប្រហារទៅលើពិធីរៀបការ និងសាលារៀន បណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត

ការវាយប្រហារតាមផ្លូវ​អាកាសដោយយោធាភូមា​ បានសម្លាប់មនុស្សរាប់សិបនាក់​ នៅក្នុង​​ប្រ​ទេសនេះ​ រួមទាំង​ការ​វាយ​ប្រហារទៅលើ​ទីតាំង​រៀបអាពាហ៍ពិពាហ៍ និងសាលារៀនផងដែរ។ នេះបើតាម​សេចក្តីរាយការណ៍​របស់បណ្តាញព័ត៌មាន​ BBC កាល​ពីថ្ងៃសៅរ៍​។​

ក្រុមអ្នកជួយសង្គ្រោះ​ បាននិយាយថា យ៉ាងហោចណាស់ មានមនុស្ស ២១នាក់ ត្រូវបានបញ្ជាក់ថា បាន​ស្លាប់ និងយ៉ាង​​ហោច​​ណាស់ ៣៥នាក់​​ផ្សេងទៀតរងរបួស នៅឯកន្លែងរៀបអាពា​ហ៍ពិ​ពាហ៍​​​មួយ​​ក្នុង​ភូមិ​ម៉ូបាយ (Moe Bye) ក្នុង​រដ្ឋសាន (Shan) ភាគខាងត្បូងប្រទេស កាល​ពី​រសៀលថ្ងៃសៅរ៍​។

កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់ មានជនស៊ីវិល ២០នាក់ ​ត្រូវបានសម្លាប់ រួមទាំងសិស្ស ព្រះសង្ឃ និងគ្រូបង្រៀន នៅពេលដែលការវាយប្រហារតាមផ្លូវ​អាកាសបានធ្លាក់​ចំ​សាលារៀនមួយ​កន្លែង​​ នៅភូមិអ៊ីនយ៉ុន ក្នុងតំបន់​ម៉ាវ៉េ ភាគកណ្តាលប្រទេសភូមា​ ជាកន្លែងដែល​កងកម្លាំងត​ស៊ូ​​កំពុងធ្វើសកម្មភាព នេះបើយោងតាមរដ្ឋាភិ​បាល​រួប​រួម​ជាតិ​មីយ៉ាន់ម៉ា (NUG) ដែលនិរទេសខ្លួន​។

រដ្ឋាភិបាលដឹកនាំដោយយោធាមីយ៉ាន់ម៉ាមិនទាន់អត្ថាធិប្បាយជុំវិញ​ការវាយប្រហារនេះទេ​។ យោធាក៏បានធ្វើការវាយប្រហារតាមអាកាសទៅលើ​ទីប្រជុំជនម្រូ​កអ៊ូ​ (Mrauk-U) ក្នុងរដ្ឋរ៉ាឃីន (Rakhine)​ ភាគខាងលិចប្រទេសភូមា​ផងដែរ កាលពីល្ងាចថ្ងៃសៅរ៍។

នៅវេលាម៉ោងប្រហែល ២០:០០ នាទី (ម៉ោងក្នុងស្រុក) តំបន់លំនៅដ្ឋានមួយកន្លែង​ក្នុងទីប្រជុំជន​នេះ ត្រូវបានទម្លាក់​គ្រាប់បែក ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាង ១០ នាក់ និងរបួសប្រហែល ២០នាក់ផ្សេងទៀត។

តំបន់នេះត្រូវបានគ្រប់គ្រងដោយកងទ័ពអារ៉ាកាន (AA)  ជាកងទ័ពជនជាតិភាគតិចខ្លាំងបំផុតមួយ ដែលកំពុង​ប្រយុទ្ធ​ប្រឆាំង​នឹងរបបយោធារបស់ប្រទេសភូមា។

ការវាយប្រហារតាមអាកាសរបស់យោធាបានកើតឡើងស្ទើរតែរាល់ថ្ងៃនៅទូទាំងប្រទេសចាប់តាំងពីរដ្ឋប្រហារមួយក្នុងឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលបណ្តាលឱ្យមានសង្គ្រាមស៊ីវិលអូសបន្លាយ​។

ភូមិនានាត្រូវបានដុតបំផ្លាញ ហើយការវាយលុកដោយ​ទ័ពថ្មើរ​ជើង ត្រូវបានអនុវត្តដោយយោធាលើតំបន់ដែលខ្លួនមិនអាចគ្រប់គ្រងបាន រួមទាំងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបានិរទេស​ NUG និងអង្គការប្រដាប់អាវុធជន​ជាតិ​ភាគ​តិច។

ការវាយប្រហារថ្មីបំផុតនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាត្រូវបានរកឃើញពិរុទ្ធភាព​ពី​បទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

គួររំលឹកថា ការបង្ក្រាប​ដោយ​យោធា​ក្នុង​ឆ្នាំ២០១៧ បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ជាង ៧០០ ០០០នាក់​ភៀសខ្លួន ប៉ុន្តែ​ប្រទេស​មីយ៉ាន់ម៉ា​បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន​ប្រ​ព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ទេ ដោយ​​អះ​អាង​​ថា ​កងកម្លាំង​របស់​ខ្លួន​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រ​ហារ​​ដោយ​ក្រុម​ប្រដាប់អាវុធ។

សាលក្រម​នេះ​បានកត់​​សម្គាល់​​ជា​លើក​ដំបូង​ ដែល​រដ្ឋ​មួយ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​​ពូជសាសន៍៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង