នាយករដ្ឋមន្ត្រី៖ ការបញ្ចេញលុយថ្មីប្រភេទ៥ម៉ឺន និង១០ម៉ឺនរៀល ដើម្បីពង្រឹងសុវត្ថិភាពកុំឱ្យមានលុយក្លែងក្លាយ
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការប្រកាសដាក់ឱ្យប្រើ និងចរាចរក្រដាសប្រាក់ប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល គំរូថ្មី មិនមែនដោយសាររាជរដ្ឋាភិបាលអស់សាច់ប្រាក់ និងប្រព័ន្ធធនាគារមានបញ្ហានោះទេ ប៉ុន្តែជាការកែលម្អសុវត្ថិភាពដើម្បីកុំឱ្យមានលុយក្លែងក្លាយ និងជាការបោះពុម្ភក្រដាសប្រាក់ថ្មីជំនួសក្រដាសប្រាក់ចាស់ដែលបានកិនចោល។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះ ប្រជាពលរដ្ឋហាក់ដូចជាមានការព្រួយបារម្ភពាក់ព័ន្ធនឹងវិស័យធនាគារ ស្របពេលដែលធនាគារជាតិនៃកម្ពុជា បានបញ្ចេញក្រដាសប្រាក់ ៥ម៉ឺនរៀល និង ១០ម៉ឺនរៀលថ្មី។
ដើម្បីជៀសវាងការភាន់ច្រឡំទៅលើបញ្ហានេះ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅដែលរាជរដ្ឋាភិបាលបោះពុម្ភក្រដាសប្រាក់ថ្មីទាំងពីរប្រភេទនេះ គឺដើម្បីរៀបចំឡើងវិញនូវសោភណ្ឌភាពខ្លះ ខណៈដែលក្រដាសប្រាក់ទាំងពីរប្រភេទនេះ បានបោះពុម្ភនិងប្រើប្រាស់ជាង ១០ឆ្នាំមកហើយ ហើយគោលដៅចម្បងមួយទៀត គឺពង្រឹងប្រព័ន្ធសុវត្ថិភាពកុំឱ្យមានលុយក្លែងក្លាយ ព្រោះក្រដាសប្រាក់ប្រភេទធំៗបែបនេះ មានការក្លែងបន្លំច្រើន។
លោកថា៖ «ការបញ្ចេញក្រដាសប្រាក់នេះ គោលដៅរបស់វា គឺរៀបចំការពង្រឹងនូវទី១ សោភណ្ឌភាព និងសំខាន់សុវត្ថិភាពកុំឱ្យមានលុយក្លែងក្លាយ ព្រោះលុយមានក្លែងក្លាយ ចឹងអាបច្ចេកវិទ្យាថ្មី ឱ្យគេបង្កប់ក្រដាសបង្កប់ស្អីនៅក្នុងអាក្រដាសថ្មីហ្នឹងដែលពិបាកក្លែងក្លាយ។ មើលដូចគ្នា ប៉ុន្តែបើលើកទៅឆ្លុះអីទៅឃើញពិតមិនពិត ហើយអាលុយក្រដាសធំៗ គឺជាលុយដែលចរាចរណ៍ច្រើន ហើយជាលុយដែលងាយក្លែងក្លាយ ព្រោះក្រដាសមួយពាន់រៀល គេមិនងាយធ្វើក្លែងក្លាយប៉ុន្មានទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបោះពុម្ភក្រដាសប្រាក់ថ្មីនេះ ក៏ធ្វើឡើងក្នុងគោលដៅជំនួសក្រដាសប្រាក់ចាស់ ដែលធនាគារជាតិបានប្រមូលទិញ និងបានកិនចោលផងដែរ។
ក្រោមហេតុផលទាំងនេះ ទើបរាជរដ្ឋាភិបាលបោះពុម្ភ និងបញ្ចេញក្រដាសប្រាក់ ៥ម៉ឺនរៀល និង ១០ម៉ឺនរៀលថ្មី ដោយមិនមែនមកពីរាជរដ្ឋាភិបាលអស់លុយ ឬកម្ពុជាមានបញ្ហាសេដ្ឋកិច្ចប៉ះពាល់វិស័យធនាគារនោះទេ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
បើតាមប្រមុខរាជរដ្ឋាភិបាល រយៈពេល ៤ខែ ពោលគឺចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានកម្ទេចចោលក្រដាសប្រាក់ចាស់ ទក់ រហែក ប្រមាណ ៤៣៥ លានសន្លឹក។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិ ដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់នូវក្រដាសប្រាក់ប្រភេទថ្មី ៥ម៉ឺនរៀល និង ១០ម៉ឺនរៀល ទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចររួចហើយ៕


