ភ្នាក់ងារ AI របស់ចិនអាចនិយាយកុហក និងរៀបគម្រោងបោកបញ្ឆោតបានដូចគ្នាទៅនឹង AI របស់អាមេរិកដែរ
យោងតាមឯកសារស្រាវជ្រាវ និងក្រុមអ្នកជំនាញបានឱ្យដឹងថា ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI) ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន បានរៀនពីរបៀបបោកបញ្ឆោត គេចវេះពីការរឹតត្បិត និងបិទបាំងភាពបរាជ័យ ដោយបានបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួននៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិតស្វ័យភាព ដែលករណីនេះ ធ្លាប់បង្កឱ្យមានការព្រួយបារម្ភជាសកលរួចមកហើយចំពោះគំរូបញ្ញាសិប្បនិម្មិតរបស់អាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ។
នៅក្នុងករណីមួយនៅឆ្នាំនេះ ភ្នាក់ងារ AI ដែលដំណើរការដោយគំរូបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុនចិន Alibaba ក្រុមហ៊ុន DeepSeek និង Moonshot បាននិយាយកុហកអំពីសមត្ថភាពរបស់ខ្លួនក្នុងព្យាយាមឈ្នះការដេញថ្លៃអាជីវកម្មដែលធ្វើឡើងជាការសាកល្បងមួយ ហើយបន្ទាប់មក វាបានបន្តនិងបង្កើនឥរិយាបថភូតកុហក់របស់វាកាន់តែខ្លាំងជាងមុន នៅពេលត្រូវបានប្រាប់ឱ្យសាកល្បងម្តងទៀត។
នៅក្នុងករណីមួយផ្សេងទៀត ភ្នាក់ងារ ដែលជាកម្មវិធីប្រើប្រាស់គំរូបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍កុំព្យូទ័រ ដើម្បីអនុវត្តកិច្ចការស្មុគស្មាញដោយមានការចូលរួមពីមនុស្សតិចតួច ឬគ្មានសោះនោះ បានលាក់បាំងភាពបរាជ័យក្នុងការបំពេញកិច្ចការនៅក្នុងស្ថានភាពសាកល្បង ដោយបង្កើតលទ្ធផលក្លែងក្លាយ និងការបង្កើតឯកសារមិនពិត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានពិនិត្យមើលឯកសារជាង ២០០ច្បាប់ ដែលរាប់ចាប់តាំងពីឯកសារស្រាវជ្រាវរបស់សាកលវិទ្យាល័យ រហូតដល់របាយការណ៍បច្ចេកទេស ហើយបានរកឃើញការសិក្សា ឬការវាយតម្លៃយ៉ាងហោចណាស់ចំនួន២០ អំឡុងឆ្នាំ២០២៥ ដែលបានពិពណ៌នាអំពីករណីដែលភ្នាក់ងារ AI បង្ហាញអាកប្បកិរិយាដូចជា ការបោកបញ្ឆោត ការចម្លងសកម្មភាពខ្លួនឯងឡើងវិញ និងការបំពានលើដែនកំណត់ ដែលអ្នកជំនាញផ្នែក AI ចាត់ទុកឥរិយាបថទាំងនេះថា ជាមូលដ្ឋានឆ្ពោះទៅរកការរំដោះខ្លួនចេញពីការគ្រប់គ្រង ដែលអាចនឹងធ្វើឱ្យមនុស្សកាន់តែពិបាកក្នុងការគ្រប់គ្រងនៅពេលដែលប្រព័ន្ធទាំងនេះកាន់តែមានការវិវត្តជឿនលឿន។
ការពិនិត្យឡើងវិញនេះ ដែលរួមទាំងបទសម្ភាសជាមួយអ្នកជំនាញ និងអ្នកដែលមានចំណេះដឹងស៊ីជម្រៅអំពីឧស្សាហកម្ម AI របស់ប្រទេសចិនផងនោះ មិនបានរកឃើញភស្តុតាងណាមួយបង្ហាញថា ប្រព័ន្ធ AI របស់ចិនបានគេចចេញដោយឯករាជ្យទៅកាន់បណ្តាញអ៊ីនធឺណិតទូលំទូលាយ ឬគេចផុតពីការបិទដំណើរការនោះទេ។
ទោះបីជាយ៉ាងណា លោក ខូលីន សៀ ប្លីមេយ័រ (Colin Shea-Blymyer) ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ Georgetown បាននិយាយថា លទ្ធផលទាំងនេះផ្តល់នូវភស្តុតាងបញ្ជាក់ថា កត្តាមួយចំនួន ដែលចាំបាច់សម្រាប់ AI គេចចេញពីការគ្រប់គ្រងនោះ គឺមានវត្តមានរួចហើយ។
លោកបន្តថា វាជាការសមស្របក្នុងការចាត់ទុកចំណុចនេះជាការព្រមានមួយ ដោយលោកគាំទ្រលើមតិរបស់អ្នកជំនាញផ្នែក AI ចំនួនបួននាក់ផ្សេងទៀតដែលបានត្រួតពិនិត្យករណីទាំងនេះ។
ករណីភាគច្រើនបានកើតឡើងនៅក្នុងពេលធ្វើពិសោធន៍ដែលមានការគ្រប់គ្រង ដែលក្នុងនោះ មានករណីជាច្រើនត្រូវបានរៀបចំឡើងដោយចេតនា ដើម្បីបង្ហាញពីការបរាជ័យដែលអាចកើតមាន។
ប៉ុន្តែថា មិនមែនភ្នាក់ងារ ពាក់ព័ន្ធទាំងអស់សុទ្ធតែត្រូវបានបង្កើត ឬដំណើរការដោយអ្នកសរសេរកម្មវិធី ឬក្រុមហ៊ុន AI របស់ចិននោះទេ ប៉ុន្តែពួកគេប្រើប្រាស់ប្រព័ន្ធ AI របស់ចិន ដើម្បីដំណើរការវា។
លោក អាឡិក ម៉ាឡេន (Alex Mallen) ជាអ្នកស្រាវជ្រាវនៅអង្គការមិនស្វែងរកប្រាក់ចំណេញ Redwood Research ដែលសិក្សាអំពីហានិភ័យនៃប្រព័ន្ធ AI បាននិយាយថា នេះគឺជាសញ្ញាព្រមានដូចគ្នាទៅនឹងអ្វីដែលមន្ទីរពិសោធន៍នានានៅសហរដ្ឋអាមេរិកកំពុងរកឃើញដែរ ដែលកើតឡើងនៅក្នុងប្រព័ន្ធ AI ដែលមានសមត្ថភាពទាបជាង។
លោកបាននិយាយថា គំរូ AI របស់ចិនមិនមានគ្រោះថ្នាក់ទេ ជាពិសេសបើមើលទៅលើកម្រិតសមត្ថភាពបច្ចុប្បន្ន ប៉ុន្តែខណៈពេលដែលភ្នាក់ងារ AI កាន់តែមានសមត្ថភាព ឥរិយាបថមិនសមរម្យរបស់វាក៏កាន់តែខ្លាំងជាងមុន ហើយដូច្នេះវាកាន់តែពិបាកសម្រាប់មនុស្សក្នុងការឆ្លើយតប។
ក្រុមហ៊ុន Alibaba ក្រុមហ៊ុនDeepSeek ក្រុមហ៊ុន Moonshot និងក្រុមហ៊ុន Z.ai មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រនោះទេ។
ប៉ុន្តែក្រុមហ៊ុន Alibaba ក្រុមហ៊ុន DeepSeek និង Moonshot ធ្លាប់បានបញ្ជាក់ថា ពួកគេតែងតែធ្វើតេស្តប្រព័ន្ធ និងធ្វើបច្ចុប្បន្នភាពវិធានការការពារសុវត្ថិភាពជាប្រចាំ។ ចំណែកក្រុមហ៊ុន Z.ai បានលើកឡើងថា បន្ទាប់ពីមានហេតុការណ៍មួយដែលនាំឱ្យមានការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនមក ក្រុមហ៊ុននេះស្វាគមន៍ចំពោះការត្រួតពិនិត្យនានា ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមាន។
ទោះជាយ៉ាងណាក៏ដោយ មិនដូចនៅសហរដ្ឋអាមេរិកទេ ក្រុមហ៊ុន AI របស់ចិនមិនបានប្រឈមនឹងការស៊ើបអង្កេតជាសាធារណៈ ឬការអំពាវនាវពីសំណាក់បុគ្គលិកដែលហ៊ានទម្លាយការសម្ងាត់ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ណាម្នាក់ ដែលចង់ឱ្យមានការបន្ថយល្បឿននៃការប្រកួតប្រជែងផ្នែក AI នោះទេ។
គួររំលឹកផងដែរថា នៅដើមឆ្នាំនេះ ភ្នាក់ងារ AI ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក OpenAI បានគេចចេញពីដែនគ្រប់គ្រងរបស់មន្ទីរពិសោធន៍ ហើយបានជ្រៀតចូលទៅក្នុងវេទិកាប្រភពបើកចំហ (open-source platform) ដែលមានឈ្មោះថា ហាក់ហ្គិង ហ្វេស (Hugging Face)។
នៅក្នុងករណីមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI របស់អាមេរិកនេះដែរ និងកំពុងបង្កឱ្យមានការព្រួយបារម្ភនោះ ប្រទេសអូស្ត្រាលីបានឱ្យដឹងកាលពីខែកញ្ញាថា ភ្នាក់ងារ AI របស់ក្រុមហ៊ុន OpenAI បានជ្រៀតចូលទៅក្នុងវេបសាយរបស់សុខាភិបាលរបស់អូស្ត្រាលី។
លោក អេរិក ហ្ស៊ូ ជាប្រធានប្តូរវេនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានប្រាប់អ្នកសារព័ត៌មានកាលពីខែកញ្ញាថា ក្រុមហ៊ុនចិនមួយនេះ ប្រហែលជាត្រូវអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមទៀត មុនពេលជួបប្រទះករណីបែបនេះ ប៉ុន្តែលោកបានបន្ថែមថា ត្រូវរក្សាតុល្យភាពរវាងការជំរុញការអភិវឌ្ឍ AI និងការគ្រប់គ្រងហានីភ័យរបស់ AI ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


