មន្ទីរបញ្ចកោណបង្កើត “ទីបញ្ជាការសង្គ្រាមស្វយ័ត” ដើម្បីពង្រីកសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត (AI) និងដ្រូន
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ភីត ហេកសិត (Pete Hegseth) បានប្រកាសអំពីការបង្កើតបញ្ជាការដ្ឋានយោធាថ្មីមួយ ដែលនឹងផ្តោតលើការកសាង និងការផ្តល់សមត្ថភាពបែបស្វយ័ត និងផ្តោតលើការផលិតរ៉ូបូតសម្រាប់វិស័យកងទ័ពអាមេរិកទាំងមូល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះ។
បញ្ជាការដ្ឋាននេះ ដែលលោក ហេកសិត អះអាងថា មានឈ្មោះ “បញ្ជាការដ្ឋានសង្គ្រាមស្វយ័ត” (Autonomous Warfare Command) គឺបង្ហាញឱ្យឃើញពីលក្ខណៈនៃសង្គ្រាមដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងតម្រូវការក្នុងការជំរុញវឌ្ឍនភាពលើប្រព័ន្ធនានា ដូចជាដ្រូន និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
គួរកត់សម្គាល់ថា ការបង្កើតបញ្ជាការដ្ឋានថ្មីមួយមិនមែនជារឿងសាមញ្ញនោះទេ ដោយលើកចុងក្រោយ អាមេរិកបានបង្កើតបញ្ជាការដ្ឋានអវកាសអាមេរិក ឬ US Space Command កាលពីឆ្នាំ២០១៩ ហើយចំណាត់ការនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ប្រព័ន្ធអាវុធបែបប្រពៃណី ដែលមានតម្លៃថ្លៃ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ ដែលមានតម្លៃថោកជាងមុន និងដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ការណ៍នេះ បានបង្ហាញឱ្យឃើញថា បច្ចេកវិត្យាទាំងនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចលទ្ធផលនៃជម្លោះនានានាពេលថ្មីៗនេះ។
ថ្លែងជាមួយនឹងការរិះគន់ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងនៅចំពោះមុខនាយទាហានថ្នាក់ក្រោម និងទាហានធម្មតាជាច្រើនរយនាក់នៅទីក្រុងក្វានទីកូ (Quantico) រដ្ឋវើជីនៀ លោក ហេកសិត រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា បញ្ជាការដ្ឋាននេះ នឹងដឹកនាំដោយនាយទាហានម្នាក់ ដែលមានឋានន្តរស័ក្តិផ្កាយបួន។
លោក ហេកសិត បានថ្លែងថា ល្បឿននៃសង្គ្រាមកំពុងផ្លាស់ប្តូរលឿនជាងដំណើរការនៃការគាំទ្រដល់សង្គ្រាមនោះទៅទៀត។ តាមរយៈសុន្ទរកថាដដែលនេះ លោកក៏បានប្រកាសអំពីការផ្លាស់ប្តូរផ្សេងទៀត រួមទាំងការបង្កើតការិយាល័យកិច្ចការសាសនាផងដែរ។
លោក ហេកសិត បានបន្ថែមថា សមត្ថភាពកុំព្យូទ័រដែលមានតម្លៃទាប បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់បំផុត និងផលិតកម្មពាណិជ្ជកម្មកម្រិតខ្ពស់ បានបើកផ្លូវឱ្យមានការរីកសាយភាយនៃសមត្ថភាពវាយប្រហារ ដែលមានតម្លៃទាប ប៉ុន្តែមានភាពជាក់លាក់ខ្ពស់។
គួររំលឹកថា បច្ចុប្បន្ន កងទ័ពអាមេរិកមានបញ្ជាការដ្ឋានប្រយុទ្ធចំនួន១១ ដែលទទួលខុសត្រូវលើតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោក និងមានភារកិច្ចជាក់លាក់។
ជុំវិញបញ្ហានេះ អ្នកជំនាញបានបង្ហាញក្តីបារម្ភអំពីលទ្ធភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការគ្រប់គ្រង និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដែលអាចបង្កើនហានិភ័យបន្ថែមទៀតនៅក្នុងបរិបទសន្តិសុខសកល។
ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាកម្លាំងចលករសំខាន់ពីរក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ដ៏ទំនើប និងការដាក់ប្រើប្រាស់ប្រព័ន្ធនេះនៅទូទាំងពិភពលោក បាននិងកំពុងមានការខ្វែងគំនិតគ្នាខ្លាំងលើគោលនយោបាយ និងការអនុវត្តក្នុងវិស័យ AI ដោយអ្នកជំនាញផ្នែកសន្តិសុខមកពីប្រទេសទាំងពីរបានអំពាវនាវឱ្យមានការដាក់ចេញនូវយន្តការការពារ និងការកសាងដែលមានការឯកភាពគ្នាពាក់ព័ន្ធនឹងការប្រើប្រាស់ AI នៅក្នុងប្រព័ន្ធយោធា រួមទាំងប្រព័ន្ធអាវុធនុយក្លេអ៊ែរផងដែរ។
អស់រយៈពេលជាយូរមកហើយ ដែលសហរដ្ឋអាមេរិកបានពឹងផ្អែកលើកញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ដើម្បីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអាវុធ ដែលមានតម្លៃថ្លៃបំផុតមួយចំនួននៅលើពិភពលោក។ ប៉ុន្តែមន្ទីរបញ្ចកោណចាប់ផ្តើមយល់ឃើញថា វិធីសាស្ត្រនេះមិនអាចបន្តនិរន្តរភាពបានឡើយ។
បច្ចេកវិទ្យាសង្គ្រាមបានវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាការផ្លាស់ប្តូរមួយ ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយសង្គ្រាម ដែលគ្របដណ្ដប់ដោយរថក្រោះ និងកាំភ្លើងធំ បានប្រែទៅជាសង្គ្រាមដែលប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) កាន់តែខ្លាំងឡើង។
ជាក់ស្តែង ដោយសារមានកម្លាំងរថក្រោះ និងយន្តហោះចម្បាំងតិចជាងគូប្រកួត អ៊ុយក្រែនបានងាកទៅប្រើប្រាស់ប្រព័ន្ធដែលគ្មានមនុស្សបើក ដែលមានតម្លៃទាបសម្រាប់ការឈ្លបយកការណ៍ និងធ្វើការវាយប្រហារ។
ជាមួយគ្នានោះដែរ មានការប៉ាន់ប្រមាណថា ដ្រូន គឺជាមូលហេតុមួយដែលធ្វើឱ្យមានចំនួនអ្នកស្លាប់និងរបួសប្រហែល៧០ភាគរយលើភាគីរុស្ស៊ី ដោយគេអាចបញ្ជាការវាយប្រហារពីចម្ងាយ និងជួយកាត់បន្ថយហានិភ័យដល់អ្នកបើកបរយន្តហោះ និងក្រុមអាកាសយានិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មន្ទីរបញ្ចកោណបានសម្រេចនូវវឌ្ឍនភាពមួយចំនួន រួមទាំងការបង្កើតកងកម្លាំងពិសេសមួយ ដែលមានឈ្មោះថា កងកម្លាំងអន្តរទីភ្នាក់ងាររួម៤០១ (Joint Interagency Task Force 401) ដែលផ្តោតលើការទប់ទល់នឹងដ្រូន៕
ប្រែសម្រួលអត្ថបទដោយលោក អ៊ួច សូនី


