អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាដាច់ដោយឡែកជាមួយក្រុមអ្នកសម្របសម្រួល ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីបញ្ចប់សង្គ្រាម

មន្ត្រីអាមេរិក និងអ៊ីរ៉ង់បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្រុម​អ្នក​សម្រ​ប​សម្រួលកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងថ្មី​ទៀត​ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៧ខែមក​នេះ។​ នេះបើតាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រកាលពីថ្ងៃចន្ទ​​។

មន្ត្រីម្នាក់ដែលបានទទួលព័ត៌មានអំពីការចរចានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា ការពិភាក្សាបន្ថែមទៀតត្រូវបានគេរំពឹងថា នឹងផ្តោតលើសំណៅកែប្រែ​ថ្មី​ ​នៃសំ​ណើចរចា ដែល​ប្រើ​រយៈពេល៧ថ្ងៃ ហើយ​ដែលអ៊ីរ៉ង់បានដាក់ជូនកាលពីសប្តាហ៍មុននៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនោះ​។

គួររំលឹកថា សង្គ្រាមបានចាប់ផ្តើមកាល​ពី​ចុងខែកុម្ភៈ ដោយ​សារ​ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាលឱ្យ​មនុស្សរាប់ពាន់នាក់ស្លាប់ក្នុងរយៈពេល ៧ខែ និងធ្វើឱ្យទីផ្សារពិភពលោកមានភាព​រង្គោះរង្គើ​ ខណៈដែលផ្លូវទឹកសំខាន់ៗសម្រាប់ការដឹកជញ្ជូនប្រេងនៅតែត្រូវបាន​រាំងខ្ទប់​។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ធ្លាប់បានព្រមព្រៀងគ្នាពីរលើករួចមកហើយលើបទ​ឈប់បាញ់នៅក្នុងកិច្ចចរចាសន្តិភាព ដែលមានការសម្របសម្រួលពីភាគីទីបី គឺនៅ​ខែមេសា និងខែមិថុនា។ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះបានបរាជ័យទៅវិញក្នុង​​រយៈ​ពេល​ដ៏ខ្លី​។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់​អ៊ីរ៉ង់​បានឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រីការបរ​ទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាក​ជី (Abbas Araqchi) ដែលបានបន្តស្នាក់នៅទីក្រុងញូវយ៉កក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ បានថ្លែងថា អ៊ីរ៉ង់រំពឹងថា នឹងទទួលបានការឆ្លើយតបពីសហរដ្ឋអាមេរិកចំពោះសំណើថ្មីបំផុតរបស់ខ្លួនស្តីពីបទឈប់បាញ់ និងលក្ខខណ្ឌនានាសម្រាប់ការ​ស្តារឡើងវិញនូវការធ្វើដំណើររបស់នាវាចរណ៍នៅច្រកសមុទ្រហ័រមូស​។

លោក អារ៉ាកជី បាននិយាយ​ថា ប្រសិនបើភាគីអាមេរិកអះអាងថា ពួកគេកំពុងស្វែងរកកិច្ចព្រមព្រៀង ឬដំណោះស្រាយដោយសន្តិវិធីនោះ អ៊ីរ៉ង់​បានបង្ហាញដំណោះស្រាយនេះ រួចហើយ។

ជុំវិញ​បញ្ហានេះ មន្ត្រីអាមេរិកបានពិភាក្សា​ដាច់ដោយឡែកពីគ្នាជាមួយអ្នកសម្រុះ​សម្រួលកាលពីថ្ងៃចន្ទ។ ដោយ​ឡែក​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានអំពី​កិច្ចពិភាក្សា​នេះ​ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះ​ទេ​។

ផែនការចរចា​ដែលកំណត់​​រយៈ​ពេល​៧ថ្ងៃរបស់អ៊ីរ៉ង់ រួមមាន៖ បញ្ចប់រាល់អរិភាព​នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ បញ្ឈប់​ការ​បង្ក​ក​ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលមានទឹកប្រាក់​រាប់ពាន់លានដុល្លារ ដក​ទណ្ឌកម្មលើការ​លក់​ប្រេងរបស់អ៊ីរ៉ង់ និងបញ្ចប់​ការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។

បន្ទាប់មក​ អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់នាវា​ដឹក​ប្រេង ហើយភាគីទាំងពីរក៏នឹងបន្តកិច្ចពិភា​ក្សា​ឡើងវិញអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងគោល​បំណងរបស់​​លោក ត្រាំ ក្នុងការដកហូត ឬលុបបំបាត់សារធាតុអ៊ុយរ៉ាញ៉ូម ដែលអ៊ីរ៉ង់​ចម្រាញ់បាន​ក្នុង​កម្រិតខ្ពស់។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកបានបដិសេធសំណើរបស់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា អ៊ីរ៉ង់ចង់បាន​កិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័ស ដោយសារតែរង​សម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលប្រទេស​នេះ កំពុងប្រឈម។

ប៉ុន្តែ​កាលពីថ្ងៃអាទិត្យ លោក​បានប្រាប់សារព័ត៌មាន​អ៊ែកស៊ីអូស​ (Axios) ដោយ​បង្ហាញ​ក្តី​​រំពឹងថា អ្នកចរចារបស់សហរដ្ឋ​អាមេរិកនឹងចូលរួមនៅក្នុងកិច្ចពិភាក្សាបន្ថែមទៀតនៅសប្តាហ៍នេះ។

ទោះជា​យ៉ាងណា លោក អារ៉ាកជី រដ្ឋមន្ត្រីការបរ​ទេសអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃអាទិត្យផងដែរ​ថា ភាគីសម្របសម្រួលមិនទាន់បានជូនដំណឹងជាផ្លូវការអំពីការបដិសេធរបស់សហរដ្ឋអាមេរិកនៅឡើយទេ ហើយអ៊ីរ៉ង់កំពុងរង់ចាំជំហរច្បាស់​លាស់របស់ទីក្រុងវ៉ាស៊ីនតោន មុននឹងសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួន។

លោក អារ៉ាកជី បាន​លើកឡើងកាលពីថ្ងៃអាទិត្យថា លក្ខខណ្ឌរបស់អ៊ីរ៉ង់​មានភាព​ច្បាស់លាស់ ហើយរាល់ចំណាត់ការឆ្ពោះ​ទៅរកការបើកច្រកសមុទ្រហ័រមូស ឡើងវិញ គឺអាស្រ័យលើការបំពេញតាមលក្ខខណ្ឌទាំងនេះ ដោយលោកបានបន្ថែម​ថា មានតែដំណោះស្រាយតាមរយៈការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយភាពជាប់គាំងនេះបាន៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

 

អត្ថបទដែលជាប់ទាក់ទង