អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទី៣ទៅតំបន់មជ្ឈិមបូព៌ា ចំពេលមានភាពជាប់គាំងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

អាមេរិកកំពុងបញ្ជូននាវាផ្ទុក​យន្តហោះចម្បាំងទីបីទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈ​ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ការវាយប្រហារថ្មីៗ លើ​ប្រ​ទេស​អ៊ីរ៉ង់អាចនឹងកើតឡើង។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌​មាន​ The Guardian នៅ​ថ្ងៃទី​០២​ ខែតុលានេះ​។​

ការដាក់ពង្រាយកងកម្លាំងនេះ ដែលរួមបញ្ចូលទាំងក្រុមប្រយុទ្ធ​ពិសេស បាន​ឆ្លុះបញ្ចាំងឱ្យឃើញពីសភាពការណ៍ ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនៃសង្គ្រាម​របស់លោក ត្រាំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅចំពេលដែល​ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកកំពុងខិតជិតមកដល់។

លោក ត្រាំ បានគំរាមថា ការបង្កើនកម្រិតធ្វើ​សង្គ្រាម​ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅតែជាជម្រើសដែលអាចធ្វើទៅបាន ទោះបីជាមានការសន្យាដំបូងរបស់លោកថា សង្គ្រាមនឹងអូសបន្លាយច្រើន​សប្តាហ៍​ក៏ដោយ​។

ក្រុមនាវាដែលកំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានាពេលនេះ មានផ្ទុកកងនាវិក​​ជាង ៧ពាន់​នាក់ និង​កង​​ម៉ារីន ២ពាន់​នាក់។ ក្រុមនេះរួមមានក្រុមវាយប្រហារដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt និងក្រុមត្រៀមប្រតិបត្តិការ​វាយ​បុកច្រាំង​នៅលើ​នាវា​ USS Makin Island ព្រមទាំងនាវាវាយបុកច្រាំង​ចំនួនពីរគ្រឿងផ្សេងទៀត។

យោងតាមមន្ត្រីអាមេរិកម្នាក់ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាវាដឹកយន្តហោះចម្បាំងចំនួន ៣គ្រឿងនឹងមកដល់តំបន់នេះនៅដើមខែតុលា។

ដោយសារ​មាន​កងកម្លាំងស្រាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យចំនួនវត្តមានកងទ័ពជើងទឹកអាមេរិកកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ដោយមានទាំងនាវិក និងកងម៉ារីនជាង ២ម៉ឺន​នាក់ ព្រមទាំងយន្ត​ហោះ​រាប់​រយគ្រឿង។

កាលពីខែមេសា កងទ័ពជើងទឹកអាមេរិក​ធ្លាប់ដាក់​ពង្រាយ​នាវាចម្បាំង​​ផ្ទុកយន្តហោះ​ចំ​នួនបីក្រុម​នៅក្នុងតំបន់មជ្ឈិម​បូព៌ា ជាលើកដំបូងហើយ​ចាប់តាំងពីឆ្នាំ២០០៣មក។

នាវាផ្ទុក​យន្តហោះចម្បាំង USS George H.W. Bush និង USS George Washington កំពុងស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៌ា​នៅពេលនេះ រួមជាមួយនឹងក្រុមត្រៀមប្រតិបត្តិការវាយ​ឡើង​គោកដែល​ដឹកនាំ​ដោយ​នាវា​ USS Boxer។

ជាធម្មតា នាវា Washington ត្រូវបានដាក់ពង្រាយទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែវាត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវា USS Abraham Lincoln ដែលការដាក់ពង្រាយរបស់នាវានេះមាន​ការលំបាក​ ដោយ​ធ្វើឱ្យក្រុមនា​វិក​ត្រូវស្ថិតនៅកណ្តាលសមុទ្ររយៈពេលជាង២៦០ថ្ងៃជាប់ៗគ្នា។

វាអាចថា នាវា Washington នឹងផ្លាស់ទីទៅកាន់ដែនសមុទ្រក្បែរប្រទេសជប៉ុន នៅពេលដែលក្រុមនាវាផ្ទុកយន្ត​ហោះ Theodore Roosevelt មកដល់។

បើ​តាម​បទសម្ភាសន៍ជាមួយទស្សនាវដ្ដី Time ដែលត្រូវបានចេញ​ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានលើក​ឡើងពីលទ្ធភាពនៃការវាយប្រហារថ្មីៗទៀត​ ដោយនិយាយថា វា “អាចទៅរួច” ដែលក្នុងនោះ លោកនឹងបង្កើន​ការទម្លាក់គ្រាប់បែកទៅ​លើ​ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ​​។ ទោះបីជា​យ៉ាងណា លោក ត្រាំ បដិសេធ​មិន​ផ្តល់​ព័ត៌​មានលម្អិត​អំពី​យុទ្ធ​សាស្ត្រ​នៃការ​វាយ​ប្រហារ​នេះទេ។​

ដោយ​លោកបាន​បន្ថែមថា លោក​បាន​បដិសេធ​សំណើ​បទ​ឈប់បាញ់​ថ្មី​បំផុត​របស់អ៊ីរ៉ង់​រួច​ហើយ​ ពីព្រោះ​អ្វីដែល​លោកមិនបាន​យល់ស្រប​កាល​ពី​មួយ​ឆ្នាំមុន​នោះ លោកនឹង​មិន​ឱ្យ​មាន​នៅថ្ងៃនេះទេ។​

លោកថា សំណើរបស់អ៊ីរ៉ង់​ គឺ​ដើម្បី​បើក​ច្រ​កហ័រ​មូស​ ដែលជា​ច្រក​ដឹកជញ្ជូន​ប្រេង​ដ៏សំខាន់​ ប៉ុន្តែ​លោកថា ជា​រួម​ សំណើ​នេះ​មិន​ល្អគ្រប់គ្រាន់​​នោះទេ។​

ដោយលោក ត្រាំ ទទួលស្គាល់ថា ការ​ធ្វើ​សង្គ្រាម​នេះ អាចនឹង​ប៉ះពាល់​សំឡេង​ឆ្នោត​សម្រាប់គណបក្ស​របស់​លោក​នៅក្នុង​ខែ​វិច្ឆិកា​ ប៉ុន្តែ​លោក​ថា អ៊ីរ៉ង់​នឹង​មិន​អាច​មាន​អាវុធនុយក្លេអ៊ែរទេ ហើយ​លោកជឿថា ប្រជា​ពលរដ្ឋ​១០០ភាគរយ​មិន​ចង់ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ រួម​ទាំង​ពិភព​លោកទាំង​មូល​ផងដែរ៕

ប្រែសម្រួលអត្ថបទដោយ​៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង