អ៊ីរ៉ង់ថា ខ្លួនទទួលបានការឆ្លើយតបពីអាមេរិកចំពោះសំណើថ្មីបំផុតរបស់ខ្លួន ខណៈក្រុងវ៉ាស៊ីនតោនចាប់ផ្តើមដកទ័ពចេញពីអ៊ីរ៉ាក់
កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ង់បានអះអាងថា ខ្លួនបានទទួលការឆ្លើយតបពីសហរដ្ឋអាមេរិកចំពោះសំណើថ្មីបំផុតរបស់ខ្លួន ដើម្បីស្តារឡើងវិញនូវបទឈប់បាញ់ដែលបានដួលរលំ គឺប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកបានបដិសេធសំណើនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
កាលពីថ្ងៃពុធ សម្ព័ន្ធមិត្តមួយចំនួនរបស់ប្រទេសអ៊ីរ៉ង់បានអបអរសាទរនឹងដំណឹងនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកកងកម្លាំងចុងក្រោយរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសក្បែរខាង ទីដែលទាហានអាមេរិកចំនួន ៤៥០០នាក់ បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដ៏ធំបំផុតក្នុងសតវត្សរ៍នេះ។ ជនស៊ីវិលអ៊ីរ៉ាក់ជាង ២០០ ០០០នាក់ បានស្លាប់នៅក្នុងភាពវឹកវរ ដែលបានកើតឡើង បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្ដួលរំលំមេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន (Saddam Hussein) កាលពីឆ្នាំ២០០៣។
ទីក្រុងតេហេរ៉ង់ចាត់ទុកការដកកងទ័ពនេះថា ជាជ័យជម្នះសម្រាប់ក្រុមប្រដាប់អាវុធ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងជាជំហានមួយឆ្ពោះទៅរកគោលដៅក្នុងការបណ្តេញកងកម្លាំងអាមេរិកចេញពីតំបន់។
ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានអូសបន្លាយចូលដល់ខែទី៨ ហើយនោះ កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានដាក់ចេញនូវសំណើមួយ ដែលក្នុងនោះ តម្រូវឱ្យអាមេរិកដកការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ៧ថ្ងៃ។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកបានបដិសេធសំណើនេះ ប៉ុន្តែលោក អាប់បាស អារ៉ាកជី (Abbas Araqchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេហេរ៉ង់មិនទាន់ទទួលបានការបដិសេធជាផ្លូវការណាមួយទេ។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គមទ្វីតធើកាលពីថ្ងៃពុធថា លោក អារ៉ាកជី បានបញ្ជូនការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់។
អ៊ីរ៉ង់បានលើកឡើងថា ផែនការរបស់ខ្លួនមានគោលបំណងស្តារកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលបានដួលរលំទៅវិញត្រឹមតែប៉ុន្មានសប្តាហ៍នោះ បន្ទាប់ពីត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេហ្សេសខ្យាន (Masoud Pezeshkian) កាលពីខែមិថុនា។
កាលពីសប្តាហ៍មុន អ្នកសម្របសម្រួលមកពីប្រទេសកាតាបានដើរតួនាទីជាអ្នកសម្របសម្រួលរវាងតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងទីក្រុងញូវយ៉ក នៅក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ដែលនេះ គឺជាការចរចាដោយប្រយោលលើកដំបូងរវាងភាគីជម្លោះទាំងពីរ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់បានបរាជ័យ។
មន្ត្រីម្នាក់ដែលទទួលបានព័ត៌មានអំពីកិច្ចពិភាក្សានេះ ហើយមិនមែនជាជនជាតិអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ភាគីកាតាបានជម្រាបជូនលោក អារ៉ាកជី អំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ នៅពេលដែលលោក អារ៉ាកជី បានឈប់សម្រាកនៅទីក្រុងដូហា (Doha) អំឡុងពេលធ្វើដំណើរត្រឡប់មកពីទីក្រុងញូវយ៉កវិញ។
យោងតាមមន្ត្រីរូបនេះ ភាគច្រើន ភាគីទាំងពីរបានឯកភាពគ្នាលើដំណោះស្រាយជាជំហានៗ ដែលចាំបាច់ត្រូវអនុវត្ត ប៉ុន្តែនៅតែមានការខ្វែងគំនិតគ្នាអំពីលំដាប់លំដោយនៃការអនុវត្តជំហានទាំងនោះ។
អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយនៅពេលអនាគត ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក និងនៅក្បែរឆ្នេរសមុទ្ររបស់ខ្លួន។
សកម្មភាពដឹកជញ្ជូនតាមច្រកសមុទ្រនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្រុមហ៊ុនដឹកជញ្ជូនគិតថ្លៃសេវាខ្ពស់ ដើម្បីហ៊ានប្រឈមនឹងហានិភ័យនៃការវាយប្រហារ។ ទោះជាយ៉ាងណាក៏ដោយ លំហូរប្រេងឆៅ ផលិតផលប្រេងដែលបានចម្រាញ់រួច និងឧស្ម័នធម្មជាតិ នៅតែបន្តរងការរំខានយ៉ាងខ្លាំង។
កាលពីថ្ងៃពុធកន្លងទៅនេះ មន្ត្រីអាមេរិក និងអ៊ីរ៉ាក់បានប្រកាសពីការដកកងទ័ពអាមេរិកចុងក្រោយចេញពីមូលដ្ឋាននានាក្នុងប្រទេសអ៊ីរ៉ាក់ ដោយអនុវត្តតាមផែនការដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន (Joe Biden) និងត្រូវបានអនុវត្តដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ស្របពេលដែលអាមេរិកធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ជាប្រទេសក្បែរខាងរបស់អ៊ីរ៉ាក់៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


