អាមេរិកគំរាមមិនបញ្ចេញប្រេងម៉ាស៊ូតរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប បើ​បារាំង​និង​អាល្លឺម៉ង់​មិន​បញ្ចេញ​ស្តុក​ប្រេង​ម៉ាស៊ូតរបស់ខ្លួន

យោងតាមប្រភពព័ត៌មាន​បីនាក់​ ដែលបាន​ដឹងពីកិច្ចពិភាក្សានេះបាន​ឱ្យ​ដឹង​ថា​ រដ្ឋបាលរបស់លោក ត្រាំ​ បានស្នើ​ឱ្យ​ប្រទេស​អាល្លឺម៉ង់ និងបារាំង បញ្ចេញស្តុកប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ដើម្បីជួយសម្រាលបញ្ហាតម្លៃប្រេង​ឥន្ធនៈសកល ដែលកំពុងកើនឡើងខ្ពស់ បើមិនដូច្នោះទេ អាចប្រ​ឈម​នឹងលទ្ធភាព​ដែល​សហរដ្ឋ​អាមេ​រិក​​នឹង​​ហាម​​ការ​​នាំចេញប្រេងម៉ាស៊ូតទៅ​កាន់​ទីផ្សារ​​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​រ៉យ​ទ័រ​កាល​ពីថ្ងៃព្រហស្បតិ៍។

ការ​ព្រមានរបស់​អាមេរិក​នៅពេលនេះ បង្ហាញពីការកើនឡើងនៃសម្ពាធមកលើតំបន់​អឺរ៉ុប ខណៈប្រធានាធិបតីអាមេ​រិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការ​ហាមឃាត់នាំចេញ​ប្រេងម៉ាស៊ូត​របស់អាមេរិក​ ដើម្បីជួយកាត់បន្ថយ​ការកើនឡើង​នៃ​តម្លៃប្រេង​ឥន្ធនៈនៅក្នុង​ស្រុក​ មុនពេលការបោះឆ្នោតពាក់កណ្តាលអា​ណត្តិនៅខែវិច្ឆិកាខាង​​មុខ​នេះ​។

ទំនាក់ទំនងរវាង​អឺរ៉ុបនិង​ទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ចុះខ្លាំង​នៅក្រោមអា​ណត្តិរបស់លោក ត្រាំ ដោយសារតែជម្លោះ​ពន្ធគយ និងការខ្វែងគំនិតគ្នាលើការចំ​ណាយផ្នែកយោធា។

ទោះបីជា​យ៉ាងណា សម្រាប់សហភាពអឺរ៉ុបយល់​ថា​ ការបញ្ចេញស្តុកប្រេងបន្ថែមទៀត គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដោយ​សារខ្លួនត្រូវថ្លឹងថ្លែងរវាងភាព​ចាំបាច់​ក្នុងការទម្លាក់ថ្លៃប្រេង​ក្នុងស្រុក និងការរក្សាស្តុកប្រេងឱ្យនៅកម្រិតខ្ពស់ ដើម្បីត្រៀមលក្ខណៈសម្រាប់ករណី ដែលវិបត្តិប្រេងអាចនឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើលោក ត្រាំ និងប្រទេស​អ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងថា ក្រុមការងារផ្នែកថាមពលរបស់សហភាពអឺរ៉ុប ដែលមានសមាស​ភាពពីគណៈកម្មការអឺរ៉ុប និងប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ នឹងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ។

មន្ត្រីសហភាពអឺរ៉ុបចំនួន២រូបបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា គណៈកម្មការ​អឺរ៉ុប ព្រមទាំងប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងអៀរឡង់ បានធ្វើ​ការសន្ទនាតាមទូរស័ព្ទរួចហើយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា​អំពី​ភាព​ចាំ​បាច់​ក្នុងការបញ្ចេញស្តុកប្រេងម៉ាស៊ូត។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ជាស្ថាប័នត្រួតពិនិត្យវិស័យថាមពលរបស់បណ្តាប្រទេសលោកខាងលិច នៅមិនទាន់ស្នើឱ្យអាល្លឺម៉ង់បញ្ចេញស្តុកថាមពលនៅឡើយទេ។ គេនៅ​មិនទាន់ច្បាស់ថា តើពេលណាដែលទីភ្នាក់​ងារ​ IEA នឹងបើកកិច្ចប្រជុំលើកក្រោយ​នោះ​ទេ។

ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​បានរាយការណ៍កន្លងមក​ថា រដ្ឋាភិ​បាលអាមេរិកមិន​ពេញ​ចិត្តចំពោះប្រទេសបារាំង និង​អាល្លឺម៉ង់ ដោយមន្ត្រីអាមេរិកយល់ឃើញថា ប្រទេសទាំងពីរនេះមិនបានអនុវត្តពេញលេញតាម​ការសន្យាពីមុនរបស់ខ្លួនក្នុងការ​បញ្ចេញស្តុកប្រេង និងផលិតផលប្រេងសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ននោះទេ​​។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា វាជាផលប្រយោជន៍ធំ​របស់អឺរ៉ុប ក្នុងការសហការជាមួយសហរដ្ឋអាមេរិក ខណៈ​អាមេរិក​ស្វែងរកវិធីសាស្ត្រជាច្រើន ដើម្បីបង្កើនការផ្គត់ផ្គង់ផលិតផលប្រេង ដែលបានចម្រាញ់​រួច និង​កាត់បន្ថយចំណាយសម្រាប់អ្នកប្រើប្រាស់។

ប្រភពព័ត៌មាន​ម្នាក់​ទៀត ដែល​មាន​មូលដ្ឋាន​នៅអឺរ៉ុប​ បានឱ្យដឹងថា សហរដ្ឋអាមេ​រិកបានស្នើឱ្យសហភាពអឺរ៉ុបបញ្ចេញប្រេងម៉ាស៊ូតចំនួន១២០លានបារ៉ែលក្នុងរយៈពេល ៦ខែ ខាងមុខ។

គួររំលឹកថា តំបន់​អឺរ៉ុបចាប់ផ្តើម​ពឹង​ផ្អែក​លើប្រេងឥន្ធនៈពី​សហរដ្ឋអាមេរិកកាន់តែ​ខ្លាំង​ឡើង​ បន្ទាប់ពីហាមឃាត់​​ការនាំចូលប្រេង​ពី​ប្រទេសរុស្ស៊ី ដោយ​សារ​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ​ក្រែន និងបន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋ​អាមេ​រិក-អ៊ីស្រា​អែល ប្រឆាំងនឹងអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ពីតំបន់​មជ្ឈិមបូព៌ា។

លោក គ្រីស រ៉ាយ​ (Chris Wright) រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក បានប្រាប់បណ្តា​ញព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍ថា លោកមានទំនុកចិត្តខ្ពស់ថាអឺរ៉ុបអាចកាត់បន្ថយតម្លៃប្រេងឥន្ធនៈបាន ដោយការប្រើប្រាស់ស្តុកប្រេង​ម៉ាស៊ូតសម្រាប់គ្រាអាសន្ន៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង