ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ មានចំនួន ២១២ដុល្លារក្នុងមួយខែ
លទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត នៅឆ្នាំ២០២៧ មានចំនួន ២១០ដុល្លារក្នុងមួយខែ ខណៈរាជរដ្ឋាភិបាលបានសម្រេចផ្តល់បន្ថែមចំនួន ២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារក្នុងមួយខែ។
នេះបើតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្រសួងការងារ បានឱ្យដឹងថា តាមការបោះឆ្នោតពីតួលេខដែលខាងភាគីតំណាងកម្មករនិយោជិតបានដាក់ចំនួន ២២៥ដុល្លារ និងតួលេខពីខាងតំណាងនិយោជកដែលបានដាក់ ២១០ដុល្លារនោះ ជាលទ្ធផល គឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចយកតួលេខ ២១០ដុល្លារក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។
តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្ថែមចំនួន ២ដុល្លារទៀត លើតួលេខដែលបានបោះឆ្នោតនោះ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនដល់២១២ដុល្លារក្នុងមួយខែ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានឯកភាពរក្សាទុកប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសាហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ចំនួន ២.៥ដុល្លារក្នុងមួយខែ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៧ផងដែរ។ ជាមួយគ្នានេះ អត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារក្នុងមួយខែ និងសាហ៊ុយធ្វើដំណើរនិងថ្លៃស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ ប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារក្នុងមួយខែនៅឆ្នាំទី២ និងកើនឡើង១ដុល្លាររៀងរាល់ឆ្នាំរហូតដល់ឆ្នាំទី១១ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀលក្នុងមួយថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ គឺនៅរក្សាដដែល។
ការណ៍នេះ ក្រសួងថា ប្រាក់ឈ្នួលគោលក្នុងមួយខែ ដែលកម្មករនិយោជិត ក្នុងផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដសម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពីជាង ២៣១ដុល្លារ ដល់ជាង ២៤២ដុល្លារក្នុងមួយខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងបណ្តាញសង្គមរបស់លោកដែរថា រាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម។
គួរបញ្ជាក់ថា អំឡុងពេលចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតឆ្នាំ២០២៧ ដែលធ្វើឡើងចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៦មក ក្រុមសហជីពដែលគេដឹងថាឯករាជ្យ បានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួនជាង ២៥០ដុល្លារក្នុងមួយខែ។ ចំណែកក្រុមសហជីពមួយចំនួនទៀត បានដាក់ស្នើតួលេខចំនួន ២២៥ដុល្លារ ខណៈតំណាងភាគីនិយោជក បានរក្សាតួលេខ ២១០ដុល្លារក្នុងមួយខែ។
ក្រៅពីនោះ គេក៏សង្កេតឃើញមានសហព័ន្ធសហជីពមួយចំនួនទៀត ក៏បានដាក់សំណើទៅកាន់ក្រសួងការងារ ស្នើឱ្យរដ្ឋាភិបាលពិចារណាបន្ថែមប្រាក់ឧបត្ថម្ភការធ្វើដំណើរនិងស្នាក់នៅចំនួន ៨ដុល្លារ លើប្រាក់ឧបត្ថម្ភការធ្វើដំណើរឬស្នាក់នៅដែលមានស្រាប់ ដល់កម្មករនិយោជិតផងដែរ ដើម្បីជួយសម្រាលបន្ទុកជីវភាពជាក់ស្តែង និងជួយកម្មករនិយោជិតអាចមានលទ្ធភាពទទួលបានមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ប៉ុន្តែសំណើរនេះ ហាក់មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃការចរចាប្រាក់ឈ្នួលគោលឆ្នាំ២០២៧នេះឡើយ។
បើតាមការសិក្សាអំពីប្រាក់ឈ្នួលរស់នៅសមរម្យរបស់អង្គការសង់ត្រាល់ ដែលផ្អែកលើការគណនាស្តង់ដារជីវភាពរស់នៅសមរម្យ និងផ្អែកលើការកើនឡើងនៃតម្លៃទំនិញ ថ្លៃផ្ទះជួល បន្ទុកគ្រួសារ និងអតិផរណា បានលើកឡើងថា ប្រាក់ឈ្នួលគោលដែលកម្មករគួរទទួលបានពិតប្រាកដ ដើម្បីរស់នៅដោយថ្លៃថ្នូរ គឺចន្លោះពី ៣០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយខែ។
យ៉ាងណា បើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តំណាងភាគីកម្មករនិយោជិត ក៏បានដាក់សំណើរជូនរាជរដ្ឋាភិបាល ដើម្បីមានវិធានការបន្ថែមក្នុងការកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃ ពង្រឹងសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ និងពង្រឹងសុវត្ថិភាពមធ្យោបាយធ្វើដំណើររបស់កម្មករ និងស្នើសុំឱ្យមានវិធានការកាត់បន្ថយចំណាយភស្តុភារកម្ម ស្របតាមសំណើរបស់តំណាងភាគីនិយោជកដែរ។
ចំណែក តំណាងភាគីនិយោជក ស្នើដល់រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្នែកសារពើពន្ធ តម្លៃអគ្គិសនី និងតម្លៃទឹក ជាពិសេសសម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មដើមខ្សែ និងពាក់កណ្តាលខ្សែនៃឧស្សាហកម្មវាយនភណ្ឌ រួមមាន រោងចក្រផលិតក្រណាត់ជ្រលក់ពណ៌ បោះពុម្ភ ដែលជាទូទៅត្រូវការទុនវិនិយោគធំ។ ជាមួយគ្នានេះ តំណាងនិយោជក ក៏បានស្នើឱ្យមានវិធានការបន្ទាន់ថែមទៀត ដើម្បីកាត់បន្ថយចំណាយផ្នែកភស្តុភារកម្ម ពង្រឹងតម្លាភាពក្នុងការអនុវត្តវិធានបរិស្ថាន និងពង្រឹងការចុះអធិការកិច្ចតាមយន្តការអធិការកិច្ចអន្តរក្រសួងផងដែរ៕


