ទំហំខូចខាតដោយសារទឹកជំនន់នៅថៃកើនដល់ ៣២០លានដុល្លារ

នៅថ្ងៃចន្ទនេះ​ ប្រជា​ពលរដ្ឋ​រាប់ពាន់នាក់បានទៅជ្រកកោននៅតាម​មណ្ឌលជម្លៀស​ខ្លួនក្នុងទីក្រុង​បាងកក​ ដែលផ្នែក​មួយចំនួននៃក្រុងនេះ នៅបន្ត​រងការជន់លិច ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ខណៈកម្រិតទឹក​ក្នុងអាងស្តុក​ទឹក នៃខេត្តមួយនៅភាគខាងកើតប្រទេសថៃ ​បានកើនឡើងខ្ពស់ ដែល​តម្រូវ​ឱ្យ​អាជ្ញា​ធរ​ចេញបញ្ជា​ឱ្យប្រជាពលរដ្ឋ​​បន្ថែម​ទៀត​​ជម្លៀសខ្លួនចេញពីលំ​នៅ​ឋានរបស់ពួកគេ។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន​រ៉យ​ទ័រ​នៅ​រសៀល​ថ្ងៃច័ន្ទនេះ។​

តំបន់លំនៅដ្ឋានទាំងមូលត្រូវបានជន់លិច ហើយប្រព័ន្ធរំដោះ​ទឹកក៏ត្រូវ​លិចលង់ទាំង​ស្រុងផងដែរ​ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៣២០មីលីម៉ែត្រ ក្នុងរយៈពេល ២ឬ៣ថ្ងៃជាប់គ្នា កាលពីសប្តាហ៍មុន ដែលបរិមាណនេះស្ទើរតែស្មើនឹងទឹកភ្លៀង​សរុប ដែលទីក្រុងមួយនេះ តែងតែទទួលបានរយៈ​ពេល​ពេញមួយខែកញ្ញានោះ​។

លោក អាន់​សិទ្ធ​ ស៊ុំផាន់រ៉ាត់ (Unsit Sampuntharat) រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រ​សួងមហាផ្ទៃ បានឱ្យ​ដឹង​តាម​រយៈ​សេចក្តីថ្លែងការណ៍មួយថា ប្រជាពលរដ្ឋជាង ៨០០០០នាក់ ដែលរស់នៅក្នុងតំបន់ជន់លិច​ មិនអាចចាកចេញ​ពី​ផ្ទះ​សម្បែងរបស់ពួកគេបានឡើយ ដោយលោកបានបន្ថែមថា ផ្ទះបាយចល័ត និងទូក​​ជា​ច្រើន​គ្រឿង​កំពុងត្រូវបាន​ចល័ត ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

លោក​អះអាងថា គោលបំណង គឺផ្តល់អាហារបីពេលក្នុងមួយថ្ងៃជូនដល់ប្រជាពល​រដ្ឋទាំងអស់ក្នុងអំឡុងពេល…​ជន់​លិច​ និងសម្រាប់​យ៉ាងហោចណាស់រយៈពេល ៧ថ្ងៃទៀត បន្ទាប់ពីទឹកស្រកទៅវិញ ខណៈដែលភ្លៀងបន្ត​ធ្លាក់ជាបន្ត​បន្ទាប់​​​នៅថ្ងៃចន្ទនេះ។

ក្រសួងមហាផ្ទៃ​ថៃ​បានឱ្យ​ដឹង​ថា ទីក្រុងបាងកក គឺស្ថិតក្នុងចំណោមខេត្តចំនួន៤១នៅទូទាំងប្រទេសថៃ ដែលរងគ្រោះដោយទឹកជំនន់ ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងប៉ះពាល់​​ផ្ទះសម្បែង​ជាង ៥៨ ០០០០ខ្នង។

លោក អាត់ ភិសានវ៉ានិច (Aat Pisanwanich) មកពីនាយក​ដ្ឋាន​សេដ្ឋកិច្ចនៃសាក​ល​វិទ្យាល័យរ៉ាំងស៊ីត (Rangsit) បានលើកឡើងថា ទឹកជំនន់អាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងហោចណាស់ ១១ពាន់​លាន​បាត (ស្មើនឹង ៣២៧ លានដុល្លារ​អាមេរិក) នៅទូទាំងប្រទេស ហើយការខាតបង់ទាំងនេះទំនងជានឹងកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពមិនមានភាពប្រសើរឡើង។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា ទឹកជំនន់ត្រូវបានគេរំពឹងថា នឹងកាត់​​បន្ថយអត្រាកំណើនផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ប្រចាំឆ្នាំចំនួន ០,៣ ភាគ​រយ ដែលធ្វើឱ្យអត្រាកំណើនធ្លាក់ចុះមកនៅត្រឹម ២,១ភាគរយ និងកាត់បន្ថយ​អត្រាកំណើនក្នុងត្រីមាសទី៣ ប្រហែល ០,៥ ភាគរយ មកនៅត្រឹម ១,៧ ភាគ​រយ។

ប្រទេសថៃ ដែល​មាន​សេដ្ឋកិច្ចធំបំផុត​ទីពីរនៅអាស៊ីអាគ្នេយ៍ ​មានកំណើនយឺតជាងប្រទេសជិតខាងក្នុងតំបន់ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ មកនោះ ដោយ​ទទួល​បានកំណើន​ ១,៩% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។

លោក អាត់ ភិសានវ៉ានិច បានបន្ថែមថា ទីក្រុងបាងកក និងតំបន់ភាគខាងកើតទំនងជានឹងរងផលប៉ះពាល់ខ្លាំង​ជាង​គេ ជាពិសេស គឺអាជីវកម្មលក់ដុំ និងលក់រាយ ខណៈវិស័យឧស្សាហកម្ម និងកសិកម្ម​នៅ​តំបន់​ផ្សេង​ទៀត​ក៏​នឹង​រង​ផល​ប៉ះ​ពាល់​ផង​ដែរ។

មន្ត្រីរដ្ឋបាលទីក្រុងបាងកក​មួយរូបបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៩០១នាក់ នៅក្នុងទីក្រុងបាងកក បាន​ផ្លាស់ទៅកាន់មណ្ឌលជម្លៀសខ្លួន​បណ្តោះអាសន្ន​ចំនួន ២៣៤កន្លែង។

ទីក្រុងបាងកក ដែលមានសំណង់អគារយ៉ាងច្រើន​ ស្ថិតនៅលើតំបន់ដីសណ្តទន្លេដែលជាដីឥដ្ឋទន់ និងមានកម្ពស់​​ត្រឹម​តែ ១,៥ ម៉ែត្រពីលើកម្រិតទឹកសមុទ្រ កំពុងតែស្រុតចុះក្នុងអត្រាពីរបីមីលីម៉ែត្រក្នុងមួយឆ្នាំ ខណៈដែលប្រជា​ជន​​ជាង ៨,៤លាននាក់ក្នុង​ទីក្រុងនេះ តែងតែប្រឈមនឹងបញ្ហាទឹកជំនន់ អំឡុងរដូវវស្សាដែលមានរយៈពេល ៦ខែ។

កាលពីឆ្នាំមុន គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូង ដែលបង្កឡើងដោយទឹកភ្លៀងកម្រិត ៦៣០ មីលី​ម៉ែត្រ ក្នុងរយៈពេល ៣ថ្ងៃជាប់​គ្នា​ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៥នាក់ស្លាប់ លិចផ្ទះសម្បែងជាង ៣៣០០០​ខ្នង និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាសាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ជា​ដើម៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង