តម្លៃប្រេងកើនឡើង ខណៈការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តជាប់គាំង
នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានហក់ឡើងវិញជាង ១% បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធកិច្ចព្រមព្រៀងសន្តិភាព ដែលស្នើដោយប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះ និងបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ។ ការណ៍នេះ ធ្វើឱ្យភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្តកើនឡើង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
តម្លៃប្រេងឆៅនៅលើសន្ទស្សន៍ប្រ៊េន (Brent) បានកើនឡើង ១,៣២ដុល្លារ ឬស្មើ ១,២៧ភាគរយ ដល់តម្លៃ ១០៥,៦៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៧កន្លះព្រឹកនៅកម្ពុជា ខណៈប្រេងឆៅនៅលើសន្ទស្សន៍ វ៉េស តិចសាស អ៊ីនធើមីឌាត (West Texas Intermediate) របស់អាមេរិកមានតម្លៃ ៩៣,១១ដុល្លារក្នុងមួយបារ៉ែល គឺកើនឡើង ៧០សេន ឬស្មើ ០,៧៦% ។
កាលពីសប្តាហ៍មុន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក អ៊ីរ៉ង់បានប្រកាសពីសំណើសន្តិភាពមួយ ដោយបញ្ជាក់ថា សំណើនេះ ត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិកតាមរយៈអ្នកសម្របសម្រួលមកពីប្រទេសកាតា។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានថ្លែងថា លោកបានបដិសេធផែនការនោះ ប៉ុន្តែបានប្រាប់សារព័ត៌មានអ៊ែកស៊ីអូស (Axios) នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញថា លោករំពឹងថា អ្នកចរចាអាមេរិកនឹងបន្តការចរចាបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។
អ្នកវិភាគរបស់ធនាគារ ANZ ជាធនាគារដ៏ធំមួយនៅអូស្ត្រាលីបានលើកឡើងនៅក្នុងរបាយការណ៍មួយថា ហានិភ័យផ្នែកភូមិសាស្ត្រនយោបាយនៅតែមានកម្រិតខ្ពស់ ខណៈក្រុមហ៊ូទី (Houthis) និងប្រទេសអ៊ីរ៉ង់បន្តវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រឈមនឹងហានិភ័យ។
សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានឱ្យដឹងកាលពីព្រឹកថ្ងៃសៅរ៍ថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចផ្លោងរយៈចម្ងាយឆ្ងាយពីរគ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួនពីរ បាញ់ដោយក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់មកលើព្រះរាជាណាចក្រអារ៉ាប់នេះ។
កាលពីសប្តាហ៍មុន តម្លៃប្រេងតាមសន្ទស្សន៍ប៊្រេន (Brent) បានកើនឡើងបន្តិចបន្តួច គឺ ០,៤% ប៉ុន្តែតម្លៃប្រេងនៅលើសន្ទស្សន៍ វ៉េស តិចសាស អ៊ីនធើមីឌាត (WTI) បានធ្លាក់ចុះ ៧,៩% ដោយសារក្តីបារម្ភថា សហរដ្ឋអាមេរិកអាចនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃ ដែលកំពុងឡើងដល់កម្រិតខ្ពស់បំផុតនេះ ហើយវិធានការនេះ អាចនឹងកាត់បន្ថយផលិតកម្មនៃការចម្រាញ់ប្រេងនៅក្នុងសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងថា ផលិតផលប្រេងដែលបានចម្រាញ់រួចនៅតែជាកត្តាបង្កសម្ពាធ ដោយតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលការណ៍នេះ ធ្វើឱ្យហានិភ័យនៃអតិផរណាកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានការពិភាក្សាឡើងវិញអំពីលទ្ធភាពនៃការដាក់កម្រិតលើការនាំចេញនេះ។
ក្រុមអ្នកវិភាគបានបន្ថែមថា រាល់ការរឹតត្បិតលើការនាំចេញប្រេងម៉ាស៊ូតរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យការផ្គត់ផ្គង់នៅក្រៅសហរដ្ឋអាមេរិកមានភាពលំបាក ខណៈដែលតម្លៃប្រេងនៅអឺរ៉ុបនឹងប្រែប្រួល ដោយសារតែក្តីរំពឹងនៃការថយចុះការផ្គត់ផ្គង់របស់អាមេរិក។
ទន្ទឹមនឹងនេះ ទិន្នន័យវិភាគបឋមពីក្រុមហ៊ុនខេភ្ល័រ (Kpler) ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា ការនាំចេញប្រេងឆៅពីបណ្តាប្រទេសផលិតប្រេងសំខាន់ៗនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងវិញនៅក្នុងខែកញ្ញានេះ ដោយកើនដល់កម្រិត ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ខណៈប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបានបង្កើនការនាំចេញរបស់ខ្លួនផងដែរ។
ទិន្នន័យនេះ បានបង្ហាញថា ការកើនឡើងជាថ្មីនេះបានកើតមាន បន្ទាប់ពីមានសក្មភាពឡើងវិញនៃការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស ដែលគេរំពឹងថា នឹងកើនដល់ប្រហែល ៧,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែនេះ ខណៈប្រទេសអារ៉ាប៊ីសាអូឌីតបានបង្វែរការនាំចេញពីកំពង់ផែយ៉ានប៊ូ (Yanbu) នៅសមុទ្រក្រហម ទៅកាន់កំពង់ផែរ៉ាស តានូរ៉ា (Ras Tanura) នៅភាគខាងកើតវិញ បន្ទាប់ពីមានការវាយប្រហារ ដែលបង្កការខូចខាតដល់បំពង់បង្ហូរប្រេងអ៊ីសវ៉េស (East-West) របស់ខ្លួននាពេលថ្មីៗនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

