នាយកប្រតិបត្តិក្រុមហ៊ុន OpenAI និង Anthropic ត្រូវបានកោះហៅឱ្យចូលបំភ្លឺនៅអូស្ត្រាលីជុំវិញការស៊ើបអង្កេតពាក់ព័ន្ធ AI
ប្រធានក្រុមស៊ើបអង្កេតបាននិយាយកាលពីថ្ងៃអាទិត្យថា នាយកប្រតិបត្តិនៃក្រុមហ៊ុន OpenAI និងអ៊ែនស្រូភិក (Anthropic) ត្រូវបានកោះហៅឲ្យចូលបង្ហាញខ្លួននៅក្នុងការស៊ើបអង្កេតរបស់ព្រឹទ្ធសភាអូស្ត្រាលីលើបញ្ញាសិប្បនិម្មិត (AI) តែប៉ុន្មានថ្ងៃបន្ទាប់ពីមានការបង្ហាញថា បូតអូភិនអេអាយ (OpenAI bot) បានលួចចូលមូលដ្ឋានទិន្នន័យនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី អ៊ែនថូនី អាល់បានីស (Anthony Albanese) បានថ្កោលទោសការជ្រៀតចូលប្រព័ន្ធសុខាភិបាលនេះ ហើយបានហៅករណីនេះថា ជាឧប្បត្តិហេតុដ៏លេចធ្លោបំផុតមួយពាក់ព័ន្ធនឹងភ្នាក់ងារ AI ដែលចូលលុកលុយប្រព័ន្ធព័ត៌មានខាងក្រៅនៃទឹកដីអាមេរិក។
លោក សាំ អាល់មែន (Sam Altman) ជានាយកប្រតិបត្តិក្រុមហ៊ុន OpenAI និងលោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) នាយកប្រតិបត្តិក្រុមហ៊ុនអ៊ែនស្រូភិក ត្រូវបានកោះអញ្ជើញតាមរយៈលិខិតជាលាយលក្ខណ៍អក្សរ ដើម្បីបង្ហាញខ្លួននៅក្នុងការសាកសួរ ដែលនឹងធ្វើឡើងនៅរដ្ឋធានីកង់បេរ៉ានៅថ្ងៃព្រហស្បតិ៍ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យរបស់សមាជិកព្រឹទ្ធសភា សារ៉ា ហានសិន យ៉ាំង (Sarah Hanson-Young) មកពីគណបក្សឆ្វេងនិយម អូស្ត្រាលីហ្គ្រីន (Australian Greens Party) ដែលជាប្រធានក្រុមដឹកនាំការស៊ើបអង្កេតនេះ។
ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Anthropic មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។
ទោះបីជាយ៉ាងណា អ្នកជំនាញគោលនយោបាយបច្ចេកវិទ្យានិយាយថា ការជ្រៀតជ្រែកដោយភ្នាក់ងារ AI របស់ក្រុមហ៊ុន OpenAI ទៅលើស្ថាប័នមួយក្នុងចំណោមស្ថាប័នរដ្ឋ ដែលមានអ្នកប្រើប្រាស់សេវាច្រើនបំផុតរបស់ប្រទេសនេះ អាចជំរុញឱ្យរដ្ឋាភិបាលរបស់គណបក្សពលកររបស់លោក អាល់បានីស រឹតបន្តឹងច្បាប់ជាក់លាក់បន្ថែមទៀតទាក់ទងនឹងបច្ចេកវិទ្យា AI ហើយករណីនេះអាចបន្ថែមសម្ពាធដល់ទំនាក់ទំនងអូស្ត្រាលី-សហរដ្ឋអាមេរិក ដែលត្រូវបានសាកល្បងរួចមកហើយតាមរយៈការដាក់ចេញបម្រាមរបស់ទីក្រុងកង់បេរ៉ាមិនឱ្យក្មេងជំទង់ប្រើប្រាស់បណ្តាញសង្គម។
ការស៊ើបអង្កេតរបស់ព្រឹទ្ធសភាកំពុងពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមាននៃបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យទៅលើសហគមន៍ ឧស្សាហកម្ម វិស័យធនធានទឹក និងថាមពលនៅក្នុងប្រទេសអូស្ត្រាលី។ វាគឺជាការស៊ើបអង្កេតមួយក្នុងចំណោមការស៊ើបអង្កេតជាច្រើនរបស់រដ្ឋ និងសហព័ន្ធទៅលើបញ្ញាសិប្បនិម្មិត AI។
លោកស្រី ហានសិន យ៉ាំង បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានសំណួរធ្ងន់ៗជាច្រើនសម្រាប់លោក សាំ អាល់មែន ដែលត្រូវឆ្លើយអំពីការលួចជ្រៀតចូលគេហទំព័ររបស់រដ្ឋាភិបាលអូស្ត្រាលីដោយក្រុមហ៊ុន OpenAI។
លោកស្រីបាននិយាយថា លោក អាល់មែន និងលោក អាម៉ូដេ ត្រូវតែបង្ហាញខ្លួន ដើម្បីប្រឈមមុខនឹងសំណួររបស់ព្រឹទ្ធសភា និងធ្វើការសន្ទនាដោយស្មោះត្រង់អំពីអ្វីដែលជាបទប្បញ្ញត្តិមានប្រសិទ្ធភាព និងយូរអង្វែង ដែលគួរមានសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាមួយនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក អាល់បានីស បានបង្ហើបឱ្យដឹងអំពីការជ្រៀតចូលមូលដ្ឋានទិន្នន័យនៃប្រព័ន្ធសុខាភិបាលដែលកើតមានតាំងពីខែមិថុនា ដោយលោកបានហៅករណីនេះថា មិនអាចទទួលយកបាន និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់លោក អាល់មែន។
ក្រុមហ៊ុន OpenAI អះអាងថា ខ្លួនទើបតែបានដឹងអំពីការជ្រៀតចូលមូលដ្ឋានទិន្នន័យរបស់ក្រសួងសុខាភិបាលអូស្ត្រាលីកាលពីខែសីហាកន្លងទៅនេះ ជាករណីមួយក្នុងចំណោមករណីជ្រៀតចូលគេហទំព័ររបស់រដ្ឋាភិបាលអូស្ត្រាលីយ៉ាងហោចណាស់បួន ប៉ុន្តែថា ឧប្បត្តិហេតុនេះមិនមែនជាចេតនានោះទេ ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ព័ត៌មានឯកជនណាមួយដែរ៕
ប្រែសម្រួលអត្ថបទដោយៈ លោក អ៊ួច សូនី

