អ៊ីរ៉ង់ទទូចឱ្យមានដំណោះស្រាយការទូត បន្ទាប់ពីលោក ត្រាំ បដិសេធផែនការសន្តិភាព
កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានទទូចថា មានតែយន្តការការទូតប៉ុណ្ណោះ ដែលអាចដោះស្រាយជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធសំណើរបស់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ និងបញ្ចប់ការប្រយុទ្ធគ្នា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃអាទិត្យនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាកជី (Abbas Araqchi) បានបង្ហោះសារតាមបណ្តាញផ្សព្វផ្សាយសង្គមថា លក្ខខណ្ឌរបស់អ៊ីរ៉ង់ គឺច្បាស់លាស់ ហើយការបោះជំហានណាមួយឆ្ពោះទៅរកការបើកច្រកសមុទ្រហ័រមូសឡើងវិញ គឺអាស្រ័យលើការបំពេញតាមលក្ខខណ្ឌទាំងនេះ។ លោកថា មានតែដំណោះស្រាយតាមការចរចាប៉ុណ្ណោះ ទើបអាចចាកចេញពីភាពជាប់គាំងបាន។
គួររំលឹកថា អ៊ីរ៉ង់បានប្រកាសសំណើសន្តិភាពមួយកាលពីសប្តាហ៍មុននៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយអះអាងថា ខ្លួនបានបញ្ជូនសំណើរនេះទៅឱ្យអាមេរិកតាមរយៈអ្នកសម្របសម្រួលមកពីប្រទេសកាតា។ ប៉ុន្តែលោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានបដិសេធផែនការនេះ ហើយអះអាងថា ភាពអស់សង្ឃឹមកំពុងជំរុញឱ្យអ៊ីរ៉ង់ស្វះស្វែងរកកិច្ចព្រមព្រៀងលើផ្លូវទឹកដ៏សំខាន់នេះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អ៊ីរ៉ង់ចង់សម្រេចកិច្ចព្រមព្រៀងមួយ ដើម្បីបើកច្រកសមុទ្រហ័រមូសភ្លាមៗ ពីព្រោះពួកគេកំពុងចាញ់យ៉ាងធ្ងន់ធ្ងរ។
ទោះបីជាមានការថ្លែងជាសាធារណៈរបស់លោក ត្រាំ ក៏ដោយ ក៏អ្នកសម្របសម្រួលដែលកំពុងសម្របសម្រួលកិច្ចចរចារបស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកមិនបានបង្ហាញជាផ្លូវការអំពីការបដិសេធរបស់សហរដ្ឋអាមេរិកចំពោះផែនការនេះទេ។
សហរដ្ឋអាមេរិកបានបិទផ្លូវសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឱ្យបញ្ឈប់ការវាយប្រហារទៅលើនាវាដឹកទំនិញតាមច្រកសមុទ្រហ័រមូស ដែលធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់តំបន់នោះធ្លាក់ចុះយ៉ាងខ្លាំង ទោះបីជាលោក ត្រាំ អះអាងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកគ្រប់គ្រងផ្លូវទឹកនេះក៏ដោយ។
កាសែតវ៉លស្ទ្រីតជឺណល (Wall Street Journal) បានរាយការណ៍មុនគេថា លោក ត្រាំ បានបដិសេធសំណើរបស់អ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ។
កាសែតវ៉លស្ទ្រីតជឺណល បានសរសេរថា លោក ត្រាំ មានការសង្ស័យជុំវិញការណ៍ដែលថា អ៊ីរ៉ង់នឹងបំពេញតាមការទាមទាររបស់លោក ហើយបានប្រាប់មន្ត្រីរបស់លោកថា យុទ្ធនាការទម្លាក់គ្រាប់បែកទំនងជាបន្តឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។
មន្ត្រីអាមេរិកម្នាក់បាននិយាយមុននេះថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់តាមរយៈអ្នកសម្របសម្រួល គឺមានលក្ខណៈវិជ្ជមាន និងបែបស្ថាបនា។
អ៊ីរ៉ង់ក៏បានទាក់ទងជាមួយគូប្រជែងអារ៉ាប៊ីសាអូឌីតផងដែរទាក់ទងនឹងច្រកសមុទ្រហ័រមូស ដោយគូសបញ្ជាក់ពីហានិភ័យនៃជម្លោះរយៈពេលប្រាំពីរខែនេះ ដែលបានរំខានដល់លំហូរប្រេងតាមផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
ជាមួយគ្នានេះដែរ លោក អារ៉ាកជី បានប្រាប់អ្នកយកព័ត៌មាននៅអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងមានការរាប់ថយក្រោយរយៈពេលប្រាំពីរថ្ងៃ ដើម្បីបើកច្រកសមុទ្រឡើងវិញ និងការផ្អាកការប្រយុទ្ធគ្នាក្នុងតំបន់។
លោក អារ៉ាកជី បានបន្តថា ប្រសិនបើមានភាពប្រាកដប្រជាពីភាគីអាមេរិកក្នុងការឈានទៅរកកិច្ចព្រមព្រៀង និងការបើកច្រកសមុទ្រហ័រមូសឡើងវិញ នោះអ្វីៗគ្រប់យ៉ាង នៅពេលនេះ ត្រូវបានរៀបចំរួចរាល់ហើយ។ ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម ភាគីជម្លោះអាចចាប់ផ្តើមការចរចាកាន់តែទូលំទូលាយលើប្រធានបទដែលបានព្រមព្រៀងគ្នា។
ទោះបីជាយ៉ាងណា កិច្ចព្រមព្រៀងណាមួយនោះអាចរួមបញ្ចូលការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោក ត្រាំ ធ្លាប់និយាយថា ទីក្រុងតេហេរ៉ង់មិនត្រូវទទួលបានគ្រាប់បែកនុយក្លេអ៊ែរឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់នឹងមិនដកថយឡើយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាសហរដ្ឋអាមេរិកទទួលយកកិច្ចព្រមព្រៀងសន្តិភាពរបស់ខ្លួនក៏ដោយ។
មន្ត្រីរូបនេះបាននិយាយថា អ៊ីរ៉ង់នឹងមិនផ្តល់សម្បទានណាមួយលើសិទ្ធិរបស់ខ្លួនឡើយ រួមទាំងការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម ឬការដឹកជញ្ជូនជាតិអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានរបស់ខ្លួនចេញពីប្រទេស៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

