លោក ត្រាំ និងលោក ស៊ី បង្ហាញភាពស្និទ្ធស្នាលក្នុងពិធីជប់លៀងផ្លូវរដ្ឋ ប៉ុន្តែមានវឌ្ឍនភាពតិចតួចលើបញ្ហាសំខាន់ៗ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្លាស់ប្តូរពាក្យសម្ដីយ៉ាងរាក់ទាក់ នៅក្នុងពិធីលាងសាយភោជន៍នាពេលល្ងាចដ៏អធឹកអធមមួយ នៅសេតវិមាន ប៉ុន្តែបានបង្ហាញតិចតួចណាស់អំពីវឌ្ឍនភាពលើបញ្ហាបន្ទាន់មួយចំនួន។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន BBC នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ប្រទេសនានាគួរតែធានាថា AI នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងធ្វើសកម្មភាពក្នុងនាមជាប្រទេសធំៗ ដែលមានការទទួលខុសត្រូវ ខណៈពេលលោក ត្រាំ បានអបអរសាទរចំពោះអនាគតនៃភាពសុខដុមរមនា សន្តិភាព និងភាពជោគជ័យ សម្រាប់ប្រទេសទាំងពីរ។
ទោះបីជាមានភាពល្អូកល្អើនផ្នែកការទូតក៏ដោយ ប៉ុន្តែភាពតានតឹងនៅតែកើតមាន រួមទាំងបញ្ហាតៃវ៉ាន់ផងដែរ ដោយលោក ស៊ី បានជំរុញលោកត្រាំតាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ឱ្យប្រកាន់យកជំហរត្រឹមត្រូវលើដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន ចំពេលលោក ត្រាំ បានផ្អាកកញ្ចប់អាវុធដ៏ធំមួយសម្រាប់តៃវ៉ាន់នោះ។
មេដឹកនាំអាជីវកម្មមហាសេដ្ឋី មន្ត្រីរដ្ឋបាលលោក ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ស្ថិតក្នុងចំណោមភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងពិធីជប់លៀងនេះដែរ។
ទោះជាយ៉ាងណា ការមកដល់របស់ពួកគេ ត្រូវបានស្វាគមន៍ដោយក្រុមបាតុករ ដែលស្រែកពីខាងក្រៅ ហើយមានអ្នកខ្លះក្នុងចំណោមនោះ ត្រូវបានចាប់ខ្លួន។
ថ្លែងទៅកាន់អ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នានៅល្ងាចថ្ងៃព្រហស្បតិ៍នោះ លោក ត្រាំ បានថ្លែងអំណរគុណដល់លោក ស៊ី ចំពោះការធ្វើដំណើរផ្លូវឆ្ងាយមកកាន់សហរដ្ឋអាមេរិក ហើយបាននិយាយថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ គឺរឹងមាំ។ លោក ត្រាំ បាននិយាយថា ដូចជាគ្មានពេលណាដែលលោកទាំងពីរចុះសម្រុងគ្នាបានល្អជាងពេលនេះទេ។
លោកបានសរសើរប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃទំនាក់ទំនងអាមេរិក-ចិន ខណៈពេលលោកបានឆ្លៀតពេលងាកទៅអួតសរសើរគម្រោងសាងសង់សាលប្រជុំដ៏ធំរបស់លោក ដែលកំពុងដំណើរការសាងសង់។
ថ្លែងដោយគ្មានការព្រៀងទុក លោក ត្រាំ បាននិយាយថា ជាការទទួលស្វាគមន៍ពិសេស។ មេដឹកនាំចិន និងភរិយារបស់លោក អាចជាមនុស្សដំបូងគេ ដែលចូលទៅសាលប្រជុំ ដែលនៅសល់រយៈពេលមួយឆ្នាំទៀតទើបបញ្ចប់ការសាងសង់។
លោក ត្រាំ ក៏បានប្រគល់ជូនលោក ស៊ី នូវរូបចម្លាក់ឥន្ទ្រី ជានិមិត្តរូបជាតិរបស់អាមេរិក ដោយលោកនិយាយថា វាតំណាងឱ្យស្មារតីសេរី និងភាពស្វាហាប់របស់អាមេរិក។
ទន្ទឹមនឹងនេះ លោក ស៊ី បានថ្លែងអំណរគុណដល់លោក ត្រាំ ដែលបានស្វាគមន៍លោក និងភរិយារបស់លោកដោយការយកចិត្តទុកដាក់ និងការពិចារណាយ៉ាងល្អិតល្អន់ ដែលធ្វើឱ្យលោកនិងភរិយា មានអារម្មណ៍ដូចនៅផ្ទះយ៉ាងពិតប្រាកដ។
លោកបាននិយាយថា មេដឹកនាំទាំងពីរកំពុងបង្កើតប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី។
លោក ស៊ី បានបន្ថែមថា លោកនិងលោក ត្រាំ បានព្រមព្រៀងគ្នាកសាងទំនាក់ទំនងចិន-អាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ និងបែបស្ថាបនា ដោយបន្ថែមថា ប្រទេសទាំងពីរបានចែករំលែកការផ្លាស់ប្តូរដោយស្មោះត្រង់ និងស៊ីជម្រៅ ដែលនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
មិនខុសពីលោក ត្រាំ ដែរ ការថ្លែងរបស់លោក ស៊ី គឺផ្តោតលើការសរសើរគ្នាយ៉ាងខ្លាំង ដោយផ្តោតលើទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្ររួមរវាងសហរដ្ឋអាមេរិក និងចិន។
នៅចុងបញ្ចប់នៃសុន្ទរកថា លោកស៊ី បាននិយាយថា គោលដៅរបស់សហរដ្ឋអាមេរិក និងចិនអាចពង្រឹងគ្នាទៅវិញទៅមក។ លោកបានជំរុញឱ្យភាគីទាំងពីរស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ប្រទេសធំៗ ដើម្បីចុះសម្រុងគ្នា។
សេតវិមានបានអញ្ជើញមន្ត្រីអាមេរិកជាច្រើននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយបែបអភិរក្ស ម្ចាស់ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យា នាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គម និងនាយកប្រតិបត្តិសាជីវកម្មល្បីផ្សេងទៀត៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

