ប្រទេសសម្ព័ន្ធមិត្តកោះប្រជុំបន្ទាន់ ខណៈក្រុមហ៊ូទីបង្កើនការវាយប្រហារលើ អារ៉ាប៊ីសាអូឌីត
ប្រទេសអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថាន នឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់និងបន្ទាន់មួយ ក្រោមកិច្ចព្រមព្រៀងការពាររួម ដើម្បីពិភាក្សារកវិធីគាំទ្រព្រះរាជាណាចក្រអារ៉ាប់មួយនេះ ចំពេលក្រុមសកម្មប្រយុទ្ធហ៊ូទីនៅប្រទេសយេម៉ែនបន្តវាយប្រហារ ខណៈអាជ្ញាធរសាសនាកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រាប់កងទ័ពឱ្យត្រៀមខ្លួនលះបង់ជីវិតរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រនេះ។
ក្រុមហ៊ូទីបានបើកការវាយប្រហារមកលើរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន និងបានផ្លោងគ្រាប់ម្តងហើយម្តងទៀតចូលទៅទឹកដីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយរំខានដល់ការដឹកជញ្ជូនប្រេងពីប្រទេសនាំចេញថាមពលធំជាងគេបំផុតរបស់ពិភពលោក និងជាផ្នែកមួយនៃសង្គ្រាមតំបន់មជ្ឈិមបូព៌ាដ៏រាលដាល ដែលផ្តើមចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។
ក្រុមឧទ្ទាមហ៊ូទីបានអះអាងថា ពួកគេបានបាញ់មីស៊ីលរាប់សិបគ្រាប់ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងវាយប្រហារលើគោលដៅមួយចំនួននៅអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ខណៈអាជ្ញាធរអារ៉ាប៊ីសាអូឌីតបាននិយាយថា ពួកគេបានស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួនប្រាំមួយគ្រាប់ ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូទី។
នៅពេលមុននេះបន្តិច អារ៉ាប៊ីសាអូឌីត បានចេញការព្រមានបន្ទាន់សម្រាប់តំបន់នានា រួមទាំងទីក្រុងមេកា ជាក្រុងពិសិដ្ឋ ក្រុងជេដា និងក្រុងយ៉ានប៊ូ ដែលជាកំពង់ផែប្រេងសំខាន់របស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះដោយទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីតនៅល្ងាចថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា មូហ្វទីអារ៉ាប៊ីសាអូឌីត ដែលជាអាជ្ញាធរសាសនាកំពូលរបស់ព្រះរាជាណាចក្រអារ៉ាប់នេះ បានអំពាវនាវឱ្យទាហានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី រហូតដល់ក្រុមនេះត្រូវបានបណ្តេញចេញពីអំណាច។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា ចំពេលដែលមានការវាយប្រហារនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគីបានជួបប្រជុំគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពាររួមទីក្រុងមេកា។ ប្រទេសទាំងបីបានថ្កោលទោសការវាយប្រហារ ដែលកំណត់គោលដៅលើទីក្រុងមេកា និងទីតាំងស៊ីវិលផ្សេងទៀត ប៉ុន្តែបានបញ្ជាក់ពីសិទ្ធិរបស់អារ៉ាប៊ីសាអូឌីតក្នុងការការពារខ្លួនផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំបន្ទាន់មួយរវាងនាយអគ្គសេនាធិការនៃប្រទេសទាំងបី ដើម្បីពិភាក្សាអំពីមធ្យោបាយគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមកិច្ចព្រមព្រៀងការពាររួមទីក្រុងមេកា ដែលចែងថា ការវាយប្រហារប្រឆាំងនឹងភាគីណាមួយក្នុងចំណោមភាគីទាំងបី គឺស្មើនឹងការវាយប្រហារប្រឆាំងនឹងភាគីទាំងអស់។
កិច្ចប្រជុំនេះ ត្រូវបានប្រកាសភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូត ផេហ្សេសខ្យាន(Masoud Pezeshkian) ព្យាយាមផ្តាច់អ៊ីរ៉ង់ចេញពីក្រុមសកម្មប្រយុទ្ធហ៊ូទី តាមរយៈបទសម្ភាសន៍មួយតាមទូរទស្សន៍អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដែលនៅពេលនោះ លោកបានប្រាប់បណ្តាញព័ត៌មាន Fox News មួយថ្ងៃ បន្ទាប់ពីលោកបានបង្ហាញខ្លួននៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉កថា “ក្រុមហ៊ូទីទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេដោយផ្ទាល់”។
បទសម្ភាសន៍ និងសុន្ទរកថារបស់លោក ផេហ្សេសខ្យាន បានធ្វើឡើងចំពេលមានការផ្អាកការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការប៉ុនប៉ងមួយរយៈពេលខ្លីលើផ្នែកការទូតនៅទីក្រុងញូវយ៉ក ដោយប្រទេសកាតាដើរតួនាទីជាអន្តរការីរវាងភាគីជម្លោះនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាកជី (Abbas Araqchi) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងតេហេរ៉ង់បានបញ្ជូនសំណើមួយទៅសហរដ្ឋអាមេរិកតាមរយៈអន្តរការី ដែលក្នុងនោះ ច្រកសមុទ្រហ័រមូសនឹងត្រូវបានបើកឡើងវិញ ប្រសិនបើលក្ខខណ្ឌរបស់ក្រុងតេហេរ៉ង់ត្រូវបានអនុវត្តតាម។
បើតាមសំណើរបស់អ៊ីរ៉ង់ គឺថា ត្រូវបញ្ចប់ការប្រយុទ្ធគ្នាគ្រប់សមរភូមិទាំងអស់ រួមទាំងនៅប្រទេសលីបង់ផងដែរ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ លោក អាប់បាស អារ៉ាកជី បាននិយាយថា សហរដ្ឋអាមេរិកត្រូវបញ្ចប់ការបិទខ្ទប់លើកំពង់ផែអ៊ីរ៉ង់ ឈប់បង្កកមូលនិធិរបស់អ៊ីរ៉ង់ និងលើកលែងទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ផងដែរ។
លោក អារ៉ាកជី បានបន្ថែមថា “ច្រកសមុទ្រហ័រមូស នឹងត្រូវបានបើកឡើងវិញនៅថ្ងៃចុងក្រោយ” ដោយបន្ថែមថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើបញ្ហាផ្សេងទៀត រួមទាំងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងចាប់ផ្តើមនៅពេលបន្ទាប់។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ក្រុងតេហេរ៉ង់កំពុងពិនិត្យមើលការឆ្លើយតបរបស់ក្រុងវ៉ាស៊ីនតោនចំពោះសំណើសន្តិភាពរបស់អ៊ីរ៉ង់។
តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ខណៈទីផ្សារបានថ្លឹងថ្លែងពីលទ្ធភាពនៃបទឈប់បាញ់មួយ បើទោះបីជាចំនួនកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស បានធ្លាក់ចុះមកត្រឹមប្រាំបួនកាលពីថ្ងៃព្រហស្បតិ៍ មានន័យថា ត្រឹមពាក់កណ្តាលនៃចំនួនជាមធ្យម១០គ្រឿងក្នុងមួយថ្ងៃក៏ដោយ។
គួររំលឹកថា សង្គ្រាមដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមជាមួយអ៊ីស្រាអែលក្នុងខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលជាសកល៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

