លោក ស៊ី ជីនពីង នឹងជំរុញឱ្យលោក ត្រាំ បញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ ស្របតាមកិច្ចព្រមព្រៀងឆ្នាំ១៩៨២
លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ស្របតាមសេចក្តីថ្លែងការណ៍រួមឆ្នាំ១៩៨២ អំឡុងពេលនៃការបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដោយលោកអាចនឹងលើកឡើងពីបញ្ហានេះ នៅឯបណ្ណសារជាតិអាមេរិក (US National Archives)។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ប្រទេសចិន តែងតែលើកឡើងអំពីបញ្ហាតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាទឹកដីរបស់ខ្លួននោះ ថា ជាបញ្ហាការទូតដ៏រសើប និងសំខាន់បំផុតរបស់ខ្លួន ហើយបានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ឈប់ការលក់អាវុធ។
សហរដ្ឋអាមេរិក មានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ទោះបីជាមិនមានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ។ រដ្ឋាភិបាលតៃវ៉ាន់ ច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំងដែលថា តៃវ៉ាន់ស្ថិតក្រោមអធិបតេយ្យភាពរបស់ក្រុងប៉េកាំង។
ប្រភពព័ត៌មានបី ដែលដឹងពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងចិន មុនពេលលោក ស៊ី ជិនពីង ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បីជួបកំពូលជាមួយលោក ត្រាំ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសចិនទំនងជានឹងលើកឡើងពីការបកស្រាយរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍រួមទី៣ នៃសេចក្តីថ្លែងការណ៍រួមទាំងបី ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅឆ្នាំ១៩៨២។
ក្រោមក្របខ័ណ្ឌនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនមានបំណងកាត់បន្ថយការលក់អាវុធទៅឱ្យតៃវ៉ាន់ជាបណ្តើរៗ ហើយមិនមានបំណងលក់អាវុធរយៈពេលវែងទៅឱ្យទីក្រុងតៃប៉ិនោះទេ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកំណត់ហេតុមួយដែលភ្ជាប់មកជាមួយនោះ ប្រធានាធិបតីអាមេរិកនៅពេលនោះ គឺលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) បានលើកឡើងថា ឆន្ទៈអាមេរិកក្នុងការកាត់បន្ថយការលក់អាវុធ គឺអាស្រ័យទាំងស្រុងទៅលើការបន្តប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះដំណោះស្រាយដោយសន្តិវិធី ចំពោះការខ្វែងគំនិតគ្នាជាមួយកោះតៃវ៉ាន់។
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំងនៅជុំវិញកោះតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធយោធាដែលមានការសាកល្បងបាញ់មីស៊ីលគ្រាប់ពិតផងដែរ។ កងកម្លាំងប្រដាប់អាវុធរបស់ចិនធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ស្ទើរតែជារៀងរាល់ថ្ងៃ។
ក្រសួងការបរទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ហើយថា ការគោរពតាមសេចក្តីថ្លែងការណ៍រួមទាំងបី និងការសន្យាពីមុនៗរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់កិច្ចអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព និងភាពល្អប្រសើរ។
លោក ស៊ី នឹងមកដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ដោយកិច្ចពិភាក្សាជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ហើយការទៅទស្សនាបណ្ណសារដ្ឋាននឹងធ្វើឡើងនៅថ្ងៃសុក្រ។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក ត្រាំ បានថ្លែងថា លោកនឹងធ្វើការសម្រេចចិត្តលើកញ្ចប់លក់អាវុធថ្មីក្នុងរយៈពេលដ៏ខ្លីខាងមុខ។
នៅក្នុងអាណត្តិទី១ របស់គាត់ លោក ត្រាំ បានយល់ព្រមលក់អាវុធឱ្យតៃវ៉ាន់ច្រើនជាងប្រធានាធិបតីដទៃទៀតក្នុងប្រវត្តិសាស្ត្រ ហើយក្នុងអាណត្តិទីពីររបស់លោក លោក ត្រាំ បានអនុម័តលក់អាវុធនៅឆ្នាំដំបូងនៃអាណត្តិរបស់លោកច្រើនជាងការយល់ព្រមក្នុងរយៈពេល៤ឆ្នាំក្រោមអាណត្តិប្រធានាធិបតី ចូ បៃឌិន (Joe Biden) ទៅទៀត។
ក្រសួងការបរទេសតៃវ៉ាន់ បានថ្លែងថា ខ្លួនបន្តតាមដានយ៉ាងដិតដល់នូវការវិវត្តនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងចិន ស្របពេលដែលរក្សាការទំនាក់ទំនងយ៉ាងរឹងមាំជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

