លោក ត្រាំ គំរាមកម្ទេចអ៊ីរ៉ង់ ខណៈក្រុមអ្នកការទូតកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងនៅអង្គការសហប្រជាជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារថា លោក​អាចនឹងកម្ទេចប្រទេសអ៊ីរ៉ង់​ចោល​ទាំង​​ស្រុង​ ប្រសិនបើគ្មានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែលោកក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងមួយអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅអង្គការ​​សហប្រជាជាតិ។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យ​ទ័រ​ កាល​ពីថ្ងៃ​អង្គារ​។​

លោក ត្រាំ បាន​ថ្លែង​ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា លោក​មានការសម្រេចចិត្ត​ដ៏សំខាន់មួយដែលត្រូវធ្វើ។​

សារ​របស់​លោក​បានសង្កត់​ធ្ងន់ថា តើនឹងមានកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យពួកគេកសាងឡើង​វិញ និងបង្កើតប្រទេសមួយដ៏អស្ចារ្យជាងពេល​ណាៗទាំងអស់ដែរឬយ៉ាងណា​?… ឬមួយលោក​គួរតែបំផ្លាញសាធារណរដ្ឋអ៊ីស្លាមនេះចោលទាំងស្រុងនិង​ធ្វើ​យ៉ាងឆាប់រហ័ស ដោយមិនផ្តល់ឱកាសឱ្យពួកគេសម្លាប់ និងបំផ្លាញជីវិត​មនុស្ស ព្រមទាំងប្រទេសផ្សេងៗ​បានទៀតឡើយ។​

ទោះបីជា​យ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ កងកម្លាំងប្រ​ដាប់​​អាវុធរបស់ប្រទេសអ៊ីរ៉ង់បាន​ច្រាន​ចោល​ការ​លើកឡើងរបស់លោក ត្រាំ នៅឯ​អង្គការសហប្រជាជាតិ ហើយ​ថា នេះ​គ្រាន់តែជា “ការឃោសនា” ប៉ុណ្ណោះ ដោយ​បានបញ្ជាក់ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ គឺ “ការត្រៀមខ្លួនជាស្រេចពេញ​លេញ​ ដើម្បីវាយប្រហារយ៉ាងធ្ងន់​ធ្ងរ កម្ទេចចោល និងតាមរបៀបដែលមិនអាចស្មានទុកជាមុនបាន ទៅលើក្រុមអ្នកឈ្លានពាន”។

ក្រៅពីវោហាសាស្ត្រដ៏ក្តៅគគុកនេះ កិច្ចពិភាក្សានៅតែបន្ត ដើម្បីព្យាយាមបញ្ចប់ជម្លោះ​ ដែលមានរយៈពេលជិត ៧ ខែមកនេះ ដែលបានចាប់ផ្តើមឡើងដោយ​ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និង​បានបណ្តាល​ឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ធ្វើឱ្យតម្លៃប្រេងកើនឡើង និងទាញប្រទេសជិត​ខាងឱ្យចូលរួមក្នុងជម្លោះនេះផងដែរ។

លោក ស្ទីវ វីតខហ្វ​ (Steve Witkoff) ជា​ប្រេសិត​សហរដ្ឋ​អាមេរិក បានបង្ហោះ​សារ​តាម​បណ្តាញសង្គមទ្វីត​ធើ​ថា សហរដ្ឋ​អាមេ​រិក និងអ៊ីរ៉ង់ បានបើកកិច្ចពិភាក្សាដ៏យូរមួយកាលពីថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការ​សហប្រជាជាតិ ដោយមានការចូលរួមពីអ្នកសម្របសម្រួល ដែលត្រូវ​នាំសារ​ចុះឡើងរវាងភាគីទាំងពីរពេញមួយថ្ងៃ។

លោក វីតខហ្វ​ បានបន្ថែមថា លោកសង្ឃឹមថា ការពិភាក្សានៅថ្ងៃអង្គារនឹង “បង្ហាញឱ្យឃើញក្នុងន័យស្ថាបនា និងការ​សន្យា”។

លោក ត្រាំ ក៏បានជួបជាមួយមេដឹកនាំនៃបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដែលមានបំណងចង់ស្តារការដឹកជញ្ជូនតាម​ច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដែល​មាន​ចំណែក​មួយភាគប្រាំ​នៃការដឹកជញ្ជូន​ប្រេង​​សកលលោកមុនពេលមានសង្គ្រាម ប៉ុន្តែប្រទេស​នៅមជ្ឈិម​បូព៌ា​មានការប្រុងប្រយ័ត្នចំពោះ​ការ​ផ្តល់អំណាចច្រើនពេកដល់ប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងដ៏យូរលង់របស់ពួកគេ។

ប្រទេស​ជាច្រើនដែល​មាន​ទីតាំងមូលដ្ឋានយោធាអាមេរិកធំៗ បានរងការវាយប្រ​ហារជាបន្តបន្ទាប់ពីសំណាក់ប្រទេស​អ៊ីរ៉ង់ អំឡុងពេលនៃសង្គ្រាម។

ខណៈ​ពេលជួបជាមួយមេដឹកនាំទាំងនោះ លោក ត្រាំ បាននិយាយ​ថា ស្ថានភាពជាមួយប្រទេសអ៊ីរ៉ង់អាចនឹងបញ្ចប់ភ្លាមៗ ​បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាល​អាណត្តិ (នៅថ្ងៃទី ៣ ខែវិច្ឆិកា) ឬអាចនឹងមុននោះ។ ប៉ុន្តែ​លោក​ហាក់បង្ហាញ​ភាព​មិនប្រាកដ​ប្រជា ហើយ​ថា មិនអាចដឹងជាមុនបានឡើយ។

ការធ្វើសកម្មភាពផ្នែកការទូតនេះ កើតឡើងស្របពេលដែលលោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធជុំវិញ​បញ្ហា​ជាច្រើន រួមមាន ការកើនឡើងនៃតម្លៃ​ថាម​ព​ល​នៅក្នុងប្រទេស ជម្លោះក្នុងតំបន់ដែលកំពុងរីករាលដាលកាន់តែខ្លាំង​នៅក្រៅប្រ​ទេស និងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងមកដល់ក្នុងរយៈពេល ៦ សប្តាហ៍ទៀត ដែលអាចនឹងផ្លាស់ប្តូរស្ថានភាពនយោបាយរបស់លោក។

មិនថាការចរចានាំឱ្យមានកិច្ចព្រមព្រៀង ឬសង្គ្រាមកាន់តែរីករាលដាលខ្លាំងជា​ង​មុន​​នោះទេ វាសុទ្ធតែបង្កផលប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោក សន្តិសុខនៅតំបន់ឈូងសមុទ្រ និងប្រជាជនអ៊ីរ៉ង់រាប់លាននាក់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសកាតាបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានជួបពិភាក្សាជា​មួយនាយករដ្ឋមន្ត្រីកាតា លោក សេក ម៉ូហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) ដែលបានចំណាយពេលជាច្រើនខែមកហើយក្នុងការ​ខិត​ខំកាត់បន្ថយភាពតានតឹងនៃជម្លោះនេះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ទីក្រុងតេហេ​រ៉ង់អាចបើកច្រកសមុទ្រហ័រមូសឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ​ ប្រសិនបើអាមេរិកបន្ធូរបន្ថយសម្ពាធផ្នែកយោធា និងដកការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។

ជុំវិញ​ករណីនេះដែរ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា ទីក្រុងតេហេ​រ៉ង់បានបញ្ជូនសំណើ​​ថ្មី​បំផុត​របស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោនតាម​រយៈក្រុម​អ្នកសម្របសម្រួលកាលពីសប្តាហ៍មុន ហើយអាច​បើក​ច្រកសមុទ្រនោះឡើងវិញសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្នុងរយៈពេល ៧ថ្ងៃ ប្រសិនបើការទាមទាររបស់ខ្លួន​ត្រូវបានឆ្លើយ​តប​។

គួរ​រំលឹក​ផងដែរថា មក​ទល់​ពេល​នេះ អ៊ីរ៉ង់​នៅតែ​រក្សា​ជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន​​ ដោយ​ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាហ្គ័រ ហ្គាលីបាហ្វ​ (Mohammad Baqer Qalibaf) ដែលធ្លាប់ដឹកនាំក្រុមចរចារបស់អ៊ីរ៉ង់នៅក្នុងកិច្ចពិភាក្សាកន្លង​មក បានថ្លែងថា អ៊ីរ៉ង់នឹងមិនចុះចាញ់ជាដាច់ខាត ដោយលោកបានបញ្ជាក់ថា លោក ត្រាំ ត្រូវតែយល់ថា លោកមិនអាចប្រើប្រាស់អំណាច ដើម្បីដាក់គំនាបលើប្រជាជនអ៊ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់​បានឡើយ៕

​​​ប្រែសម្រួល​អត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង