ប្រភពព័ត៌មានជាច្រើនថា អាមេរិកនឹងបើកមូលដ្ឋានយោធាថ្មីចំនួនពីរកន្លែងនៅតំបន់ហ្គ្រីនឡែន
យោងតាមប្រភពព័ត៌មានចំនួនបីដែលដឹងរឿងនេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបង្កើតឡើងវិញ នូវមូលដ្ឋានយោធាសម័យសង្គ្រាមត្រជាក់នៅភាគខាងត្បូងនៃតំបន់ហ្គ្រីនឡែន (Greenland) និងបង្កើតមូលដ្ឋានមួយទៀតនៅឆ្នេរសមុទ្រភាគខាងកើត ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយ ដែលគ្រោងនឹងចុះហត្ថលេខាជាមួយប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែននៅថ្ងៃអង្គារនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភពព័ត៌មានពីរនាក់ បានឱ្យដឹងថា ទីតាំងទាំងនោះរួមមានតំបន់ណាសាស្វាក ( Narsarsuaq) ដែលចំនួនប្រជាជនបានធ្លាក់ចុះមកនៅក្រោម៦០នាក់ប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធាប៊្លូវ៉េសវ័ន (Bluie West One) របស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និងម៉េស្ទ័រស្វីក (Mestersvig) ដែលជាប៉ុស្តិ៍យោធាប្រើប្រាស់ដោយក្រុមល្បាតប្រើរទេះអូសដោយសត្វឆ្កែ ដែលជាអង្គភាពកងកម្លាំងពិសេសរបស់ប្រទេសដាណឺម៉ាក។
ប្រទេសដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅវេលាម៉ោង ១០:៣០ ព្រឹក នៅថ្ងៃអង្គារនេះ។
ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ហើយមនុស្សបីនាក់ដែលដឹងពីដំណើរការនៃកិច្ចព្រមព្រៀងនេះ និងសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ព័ត៌មានលម្អិតនឹងមិនទាន់ត្រូវបានកំណត់ជាស្ថាពរនោះទេ រហូតទាល់តែមានការចុះហត្ថលេខារួចរាល់។
រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។
អ្នកនាំពាក្យសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ ដោយបានបញ្ជាក់ឡើងវិញនូវសេចក្តីថ្លែងការណ៍លើកមុនថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃអង្គារនេះ នឹង “ធានា និងការពារសន្តិសុខរបស់កោះហ្គ្រីនឡែន និងសហរដ្ឋអាមេរិក”។
ប្រទេសដាណឺម៉ាក បានលើកឡើងថា កិច្ចព្រមព្រៀងនេះដាក់បញ្ហាសន្តិសុខនៅតំបន់អាក់ទិក (Arctic) ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់អង្គការណាតូ (NATO) ដែលជាសម្ព័ន្ធភាពការពារផ្នែកយោធា ជាជាងទុកឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងដាណឺម៉ាកទាំងស្រុងនោះ។
កិច្ចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីមានការដាក់សម្ពាធអស់រយៈពេលជាច្រើនខែពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងជាយូរមកហើយថា លោកចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងដែនដីហ្គ្រីនឡែន ហើយពេលខ្លះលោកថែមទាំងមិនបានបដិសេធលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ឬវិធានការសេដ្ឋកិច្ច ដើម្បីទទួលបានដែនដីរបស់ប្រទេសដាណឺម៉ាកដែលមានស្វ័យភាពពាក់កណ្តាលនេះទៀតផង។
ទោះបីជាយ៉ាងណា លទ្ធផលស្ទង់មតិបង្ហាញថា គំនិតនេះត្រូវបានបដិសេធដោយប្រជាជនហ្គ្រីនឡែនភាគច្រើនលើសលប់។
ការគំរាមកំហែងរបស់លោក ត្រាំ ដែលបានឈានដល់កម្រិតកំពូលនៅខែមករា បានបង្កឱ្យមានវិបត្តិការទូតនៅក្នុងអង្គការណាតូ (NATO) និងជំរុញឱ្យប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនឡែនចូលរួមក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបន្ធូរបន្ថយសម្ពាធ។
សូមបញ្ជាក់ថា អំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកមានមូលដ្ឋានយោធាចំនួន ១៧កន្លែង និងកងទ័ពជាង ១០,០០០ នាក់ នៅក្នុងទឹកដីហ្គ្រីនឡែន។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មានតែមូលដ្ឋានអវកាសប៊ីឌូហ្វីក (Pituffik) ប៉ុណ្ណោះដែលនៅសេសសល់ ដោយមានបុគ្គលិកយោធាអាមេរិកប្រហែល ១៥០នាក់៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

