បារាំងសន្យាថា នឹងចាត់វិធានការសមស្រប បន្ទាប់ពីអ៊ីរ៉ង់បិទមជ្ឈមណ្ឌលភាសាបារាំងក្នុងទីក្រុងតេហេរ៉ង់

ក្រសួងការបរទេសបារាំង បានប្រកាសនៅ​ថ្ងៃអាទិត្យ ទី​២០ ខែ​កញ្ញា​នេះ​​ថា ប្រទេសបារាំងនឹងកោះហៅ​ឯក​អគ្គរដ្ឋ​ទូត​អ៊ីរ៉ង់ ហើយ​ចាត់វិធានការសមស្រប ដើម្បី​ឆ្លើយតប បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់​​បាន​បិទមជ្ឈ​មណ្ឌលភាសាបារាំងមួយ​កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថានទូតបារាំងប្រចាំទីក្រុង​តេហេ​រ៉ង់។ នេះបើតាម​សេចក្តីរាយការណ៍​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ កាល​ពីថ្ងៃច័ន្ទ​។​

អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក ប៉ាស្កាល់ កុងហ្វារ៉ូ (Pascal Confavreux) បានឱ្យ​ដឹង​​តាម​រយៈ​សេចក្តីថ្លែង​ការណ៍មួយថា “ការវាយប្រហារថ្មីនេះប្រឆាំងនឹងវត្តមានវប្បធម៌របស់បារាំង​នៅក្នុងប្រទេសអ៊ីរ៉ង់ និង​ក្រោយ​ពីមាន​ការវាយដំលើបុគ្គលិកស្ថានទូតបារាំងពីរនាក់កាល​ពីខែកក្កដាឆ្នាំមុន គឺមិនសមហេតុផល និងមិនអាចទទួល​យក​បាន​ទេ” ។

ទំនាក់​ទំនងរវាងប្រទេសទាំងពីរ មានភាពតានតឹងអស់រយៈពេលជាច្រើន​ឆ្នាំ​មកហើយ ដោយ​សារ​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និងការដែលទីក្រុងតេហេ​រ៉ង់បានឃុំខ្លួនពលរដ្ឋបារាំងមួយចំនួន​។

ទោះបីជាទំនាក់ទំនងមានភាពប្រសើរឡើងវិញ​ បន្ទាប់ពីការដោះលែងជនជាតិ​បារាំងទាំងនោះ​ ហើយ​ក្រុង​ប៉ារីស​ផ្តាច់​ខ្លួន​​ចេញ​​ពី​សង្រ្គាម​របស់អាមេរិក​​ប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏​ស្ថានភាពកាន់​​តែអាក្រក់ទៅៗនៅរដូវក្តៅនេះ បន្ទាប់ពីអ្នកការទូតពីររូបត្រូវបានចាប់ខ្លួន និងត្រូវបានបណ្តេញចេញជាបន្តបន្ទាប់។ បារាំងបាន​ធ្វើ​តប​ទៅវិញ​ដែរ។

ទីភ្នាក់ងារព័ត៌មានតាស្នីម (Tasnim) របស់អ៊ីរ៉ង់ ជាទីភ្នាក់ងារពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ​ថា អាជ្ញាធរបានបិទមជ្ឈមណ្ឌលភាសាបារាំងមួយកន្លែង បន្ទាប់ពីមានដីកាបង្គាប់​ពីការិយាល័យព្រះរាជអាជ្ញា​ក្រុង​តេហេ​រ៉ង់។

អាជ្ញាធរបានអះអាង​ថា មជ្ឈមណ្ឌលនេះបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ​ក្រោមលេសនៃការបង្រៀនភាសាបរទេស ទោះបីជាមានការព្រមានជាច្រើនដងឱ្យស្នើសុំអាជ្ញាបណ្ណក៏ដោយ​។

អាជ្ញាធរបានចោទប្រកាន់មជ្ឈមណ្ឌលនេះថា បានធ្វើសកម្មភាពប្រឆាំងនឹងវប្បធម៌ និងសន្តិសុខ​​​ជាតិរបស់ប្រទេស​​អ៊ីរ៉ង់ ដែលរួមមានការស្វែង​រក​ និងការកសាងបណ្តាញទំនាក់ទំនង ព្រមទាំងការសម្របសម្រួលឱ្យជនជាតិអ៊ីរ៉ង់​ដែល​មានជំនាញចាកចេញពីប្រទេស។

កាលពីពេលកន្លងទៅ ប្រទេសបារាំងបានច្រានចោលការចោទប្រកាន់បែបនេះ ដោយលើកឡើង​ថា មានសកម្ម​ភាពគំរាមកំហែងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលទីក្រុងប៉ារីសព្យាយាមបង្កើនការគាំទ្រ និង​ការពង្រឹងទំនាក់ទំនងជាមួយសង្គមស៊ីវិលក្នុង​ប្រ​ទេសអ៊ីរ៉ង់ បន្ទាប់ពីមានការបង្ក្រាបទៅលើការតវ៉ានានានៅ​ដើម​ឆ្នាំ​នេះ។

ក្រុមអ្នកការទូតបានលើកឡើងថា ប្រទេសអ៊ីរ៉ង់​ក៏មានការមិនពេញចិត្តផងដែរចំពោះការបង្ហោះ​សារថ្មីៗនេះនៅ​លើ​បណ្តាញ​សង្គមដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ូ​ (Jean-Noel Barrot) ដើម្បីរំលឹក​ខួប​​៤ឆ្នាំ​ នៃការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) ដែលបណ្តាល​ឱ្យមានការតវ៉ាទូទាំងប្រទេសនោះ​។

ជាការឆ្លើយតបកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាជី (Abbas Araqchi) បានហៅការបង្ហោះ​នោះថា ជា “ការ​សម្តែង​” ហើយបានចោទប្រកាន់ទីក្រុងប៉ារីសថាបាន​សម្លាប់ប្រជាជនអាល់ហ្សេរីចំនួន ១,៥ លាន​នាក់ អំឡុងសង្គ្រាមដណ្តើមឯករាជ្យ។

លោក អាបបាស បន្តថា ភាពស្ងៀមស្ងាត់របស់អ្នកនៅពេលដែលសហរដ្ឋអាមេរិកបានសម្លាប់សិស្សសាលារបស់យើង​យ៉ាងរង្គាល បានបង្ហាញឱ្យឃើញច្បាស់នូវអ្វីៗទាំងអស់ ដោយលោក​សំដៅទៅលើការវាយប្រហារមួយមក​លើ​ប្រទេស​អ៊ីរ៉ង់ ដែលទីក្រុងតេហេ​រ៉ង់ជឿជាក់ថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ។

រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ គ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ ​នៅក្រៅ​កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភព​លោក​ នៅ​អង្គការសហប្រជាជាតិ៕

ប្រែសម្រួល​អត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង