នាយកក្រុមហ៊ុន Nvidia ថា AI នឹងមិនវិវត្តដល់កម្រិតបំផ្លាញពិភពលោកនៅត្រឹមឆ្នាំ២០៣០ទេ
នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបអ៊ែនវីឌា (Nvidia) ដ៏ល្បីល្បាញ បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងមិនវិវត្តដល់កម្រិតដែលធ្វើឱ្យមនុស្សជាតិផុតពូជក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ ដោយលោកបានច្រានចោលការអះអាងទាំងនោះថា គ្រាន់តែជា “រឿងនិទានអំពីអវសាននៃពិភពលោក” ដែលត្រូវបានគេបំផ្លើសហួសហេតុ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian នៅថ្ងៃច័ន្ទនេះ។
លោក ជិនសិន ហ័ង (Jensen Huang) ជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប AI បាននិយាយថា ការអះអាងដែលធ្វើឡើងដោយលោក ចាកុប ខកសិន (Jacob Coxon) អតីតអ្នកស្រាវជ្រាវនៅក្រុមហ៊ុនអែនស្រូភិក (Anthropic) ថា AI អាចក្លាយជា “កំពូលមនុស្ស” និងសម្លាប់មនុស្សក្នុងទសវត្សរ៍នេះ គឺជាការលើកឡើងដែល “គ្មានការទទួលខុសត្រូវ”។
លោក ជិនសិន ហ័ង បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CBS News ថា ឆ្នាំ២០៣០ នឹងមិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេ។ ឱកាសដែលថា វានឹងក្លាយជាទីបញ្ចប់នៃពិភពលោកនោះ គឺស្មើសូន្យភាគរយ។ ការធ្វើឱ្យមនុស្សភ័យខ្លាច គឺជារឿងមិនចាំបាច់ ហើយវាជាទង្វើដែលខ្វះការទទួលខុសត្រូវ។
ការលើកឡើងរបស់ លោក ខកសិន ដែលត្រូវបានគាំទ្រដោយអ្នកស្រាវជ្រាវពីររូបផ្សេងទៀត មកពីក្រុមហ៊ុន Claude ដែលបង្កើតប្រព័ន្ធ AI បានបង្កឱ្យមានការជជែកដេញដោលជាលក្ខណៈអន្តរជាតិ អំពីហានិភ័យ និងកង្វះការត្រួតពិនិត្យលើបច្ចេកវិទ្យា AI ខណៈក្រុមហ៊ុននានាកំពុងប្រជែងគ្នាអភិវឌ្ឍគំរូ AI ដែលមានសមត្ថភាពកាន់តែខ្លាំងឡើងៗ។
ស្របពេលជាមួយគ្នានេះដែរ សមាជិកសភាអាមេរិក បានរិះគន់ក្រុមហ៊ុនបច្ចេកវិទ្យា AI ពាក់ព័ន្ធនឹងហានិភ័យនានា ខណៈដែលក្រុមហ៊ុនអ៊ែនស្រូភិក បានចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែង ដែលបង្ហាញលម្អិតអំពីរបៀបដែលឧក្រិដ្ឋជន ក្រុមដែលទទួលបានការគាំទ្រពីរដ្ឋ អ្នកលក់កម្មវិធីប្រមូលទិន្នន័យ (spyware) អ្នកវិទ្យាសាស្ត្រ និងអ្នកឃោសនាបានព្យាយាមប្រើប្រាស់គំរូ AI ដែលមានសមត្ថភាពខ្ពស់របស់ខ្លួន ដើម្បីបង្កើតមីស៊ីល និងគ្រាប់បែក បង្កើតវីរុសដ៏កាចសាហាវ និងធ្វើចារកម្មលើក្រុមអ្នកប្រឆាំង។
លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) នាយកប្រតិបត្តិក្រុមហ៊ុនអ៊ែនស្រូភិក លោក សាំ អាល់មែន (Sam Altman) ប្រធានក្រុមហ៊ុន OpenAI (ដែលជាក្រុមហ៊ុនបង្កើត ChatGPT) និងលោក អេឡុន ម៉ាស់ (Elon Musk) បានអំពាវនាវឱ្យមានការបន្ថយល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យានេះ។
ទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភជុំវិញការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយចាត់ទុកថា វាជា “រឿងបោកបញ្ឆោត” និង “ការសមគំនិត” ដោយបានបន្ថែមថា ការបន្ថយល្បឿននៃការអភិវឌ្ឍនេះ អាចផ្តល់ផលចំណេញ ឬភាពជាអ្នកនាំមុខដល់ប្រទេសចិនទៅវិញ។
កាលពីថ្ងៃអាទិត្យ លោក ស្កុត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នាបង្កើតយន្តការសន្ទនាអំពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីជូនដំណឹងទៅវិញទៅមក ក្នុងគោលបំណងជួយទប់ស្កាត់ហានិភ័យ ដែលអាចកើតមានពីបច្ចេកវិទ្យានេះ។
ទោះបីជាយ៉ាងណា លោក ជិនសិន ហ័ង បានលើកឡើងថា ការព្យាករអំពីព្រឹត្តិការណ៍ដែលបង្កឱ្យមានការសាបសូន្យនៃមនុស្សជាតិ ដោយសារតែបញ្ញាសិប្បនិម្មិត (AI) នោះ គឺ “គ្មានមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ” ទេ។
លោក ហ័ង ក៏បានអះអាងដែរថា ការអំពាវនាវនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា AI ឱ្យមានការដាក់ចេញនូវបទប្បញ្ញត្តិសុវត្ថិភាពទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ គឺមានគោលបំណងគេចវេះពីច្បាប់ដែលមានស្រាប់ ដែលតម្រូវឱ្យពួកគេទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
ដោយលើកឡើងពីករណីថ្មីៗដែលក្រុមហ៊ុន AI មួយចំនួន រួមទាំងក្រុមហ៊ុន Anthropic និង OpenAI បានបង្កឱ្យមានបញ្ហាសន្តិសុខសាយប័រ អំឡុងពេលធ្វើតេស្តនោះ លោក ហ័ង បានអះអាងថា មានច្បាប់ជាច្រើនរួចទៅហើយសម្រាប់ដោះស្រាយបញ្ហាទាំងនេះ ដោយលោកបន្តថា ឥឡូវនេះ ចូរពិនិត្យមើលឱ្យស៊ីជម្រៅទៅលើអ្វីដែលពួកគេចង់និយាយ។ តាមពិតទៅ ពួកគេមិនបានស្នើសុំឱ្យមានច្បាប់បន្ថែមទៀតនោះទេ ប៉ុន្តែពួកគេកំពុងស្នើសុំឱ្យមានការលើកលែង ឬដកចេញនូវច្បាប់ដែលមានស្រាប់។ ហើយ នោះគឺជាបញ្ហា។
ជុំវិញបញ្ហានេះដែរ កាលពីថ្ងៃចន្ទ វិទ្យាស្ថានស្រាវជ្រាវ ថូនីប្លែរ អ៊ីនស្ទីតស្យូត Tony Blair Institute (TBI) បានចេញផ្សាយរបាយការណ៍មួយដែលលើកឡើងថា បណ្តាប្រទេសជាច្រើននឹងប្រឈមមុខនឹងហានិភ័យនៃការចាញ់ប្រៀបធ្ងន់ធ្ងរ និងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើពួកគេខកខានក្នុងការទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយពួកគេនឹងបោះជំហានយឺតជាងប្រទេសដទៃទៀត៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

