អ៊ីរ៉ង់ និងអាមេរិក ចាប់ផ្តើមគំរាមដាក់គ្នាជាថ្មី បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូទីធ្វើឱ្យជម្លោះក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង
ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានគំរាមដាក់គ្នាជាថ្មី នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងជួបបរាជ័យផ្នែកសេដ្ឋកិច្ច ឬប្រឈមនឹងការបាត់បង់ថ្នាក់ដឹកនាំរបស់ខ្លួន ប្រសិនបើមិនព្រមសម្រេចកិច្ចព្រមព្រៀងណាមួយ ប៉ុន្តែយោធាអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងសងសឹកយ៉ាងធ្ងន់ធ្ងរចំពោះរាល់ការវាយប្រហារថ្មីៗណាមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។
ជម្លោះនេះហាក់ដូចជាជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ដោយគ្មានសញ្ញាណាមួយបង្ហាញថា ភាគីណាមួយព្រមធ្វើការសម្របសម្រួលឡើយ ទោះបីជាសង្គ្រាមនេះ បានធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ បំផ្លាញផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចអ៊ីរ៉ង់ និងបង្កឱ្យមានការកើនឡើងនៃភាពតានតឹងថ្មីៗនៅក្នុងតំបន់ក៏ដោយ។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មាន Fox News លោក ត្រាំ បាននិយាយថា មេដឹកនាំអ៊ីរ៉ង់គួរតែសម្រេចកិច្ចព្រមព្រៀង បើមិនដូច្នោះទេ ពួកគេនឹងត្រូវរលាយហិនហោចផ្នែកសេដ្ឋកិច្ច ឬត្រូវកម្ទេចចោលតែម្តង។
ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេហ្សេសខ្យាន (Masoud Pezeshkian) ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងញូវយ៉កនៅសប្តាហ៍នេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនោះ លោក ត្រាំ បាននិយាយថា លោកបើកចំហចំពោះការជួបជាមួយមេដឹកនាំរូបនេះ។
លោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតដោយមិនបញ្ជាក់ច្បាស់លាស់ អំពីការបង្កើនសកម្មភាពយោធាទ្រង់ទ្រាយធំ អំឡុងពេលនៃជម្លោះដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែលោកមិនបានអនុវត្តតាមការគំរាមកំហែងទាំងនោះឡើយ។
មុននេះ បញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអ៊ីរ៉ង់បានថ្លែងថា ការវាយប្រហារថ្មីណាមួយនឹងបង្កឱ្យមានការសងសឹកជាបន្តបន្ទាប់ទៅលើមូលដ្ឋាន និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកហើយសម្ព័ន្ធមិត្តក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោននឹងត្រូវចាត់ទុកថា ជាភាគីនៃជម្លោះនេះដែរ។
កងទ័ពអ៊ីរ៉ង់បានបន្ថែមថា ខ្លួនទទួលបានព័ត៌មានអំពីការរៀបចំធ្វើការវាយប្រហារមួយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា ជាព័ត៌មានអ្វីខ្លះនោះទេ។
គួរកត់សម្គាល់ផងដែរថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្របានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ដោយសារសង្គ្រាម បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយគ្មានការព្រមានទុកជាមុនទៅលើអ៊ីរ៉ង់។ ការណ៍នេះបានធ្វើឱ្យទីក្រុងនានារបស់សម្ព័ន្ធមិត្តរងការវាយប្រហារពីសំណាក់អ៊ីរ៉ង់វិញ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេរងការខូចខាតយ៉ាងខ្លាំង ដោយសារតែការបិទផ្លូវទឹកដ៏សំខាន់ គឺច្រកសមុទ្រហ័រមូស (Strait of Hormuz)។
កាលពីថ្ងៃសៅរ៍ ស្ថានភាពលំបាករបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង ខណៈដែលក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលមានការគាំទ្រពីអ៊ីរ៉ង់ បានបន្តបាញ់មីស៊ីល និងប្រើប្រាស់ដ្រូនវាយប្រហារទៅលើរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានប្រៀបយ៉ាងឆាប់រហ័សក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន ដែលបានផ្ទុះឡើងវិញកាលពីដើមខែនេះ។
វីដេអូរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ ដែលហុយចេញពីតំបន់អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ទីក្រុងរីយ៉ាដ បន្ទាប់ពីមានសំឡេងផ្ទុះនៅពេលយប់។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាព ដោយលើកឡើងពីសកម្មភាពឃោរឃៅរបស់ក្រុមហ៊ូទី។ សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា មានលទ្ធភាពនៃការកើនឡើងភាពតានតឹងជាយថាហេតុនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយប្រជាពលរដ្ឋអាមេរិកគួរតែបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនចំពោះលទ្ធភាពនៃការលុបចោលជើងហោះហើរ និងការបិទដែនអាកាស។
ប្រទេសអារ៉ាប៊ីសាអូឌីតមិនបានធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះទេ ប៉ុន្តែសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី បានឱ្យដឹងថា ខ្លួនបានរារាំងការវាយប្រហារផ្សេងទៀតមកលើព្រះរាជាណាចក្រនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

