មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្សី
អាជ្ញាធររុស្ស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ទ្រង់ទ្រាយធំបំផុតរបស់អ៊ុយក្រែនមកលើតំបន់ជុំវិញក្រុងមូស្គូមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងធ្វើឱ្យខូចខាតផ្នែកខ្លះនៃរោងចក្រចម្រាញ់ប្រេងនៅក្នុងក្រុងនេះ ខណៈរុស្ស៊ីកំពុងឈានចូលដល់ថ្ងៃចុងក្រោយនៃការបោះឆ្នោតសភាតំណាងរាស្ត្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅរសៀលថ្ងៃអាទិត្យនេះ។
អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ទោះបីជាមានការប្រកាសពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទថា ភាគីទាំងពីរបានព្រមព្រៀងបញ្ឈប់សកម្មភាពនេះក៏ដោយ។
លោក សឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានបង្ហោះសារតាមបណ្តាញសង្គម Telegram ថា ប្រទេសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនច្រើនជាង ១ ៦០០ គ្រឿង ចាប់តាំងពីថ្ងៃសៅរ៍មក ដែលក្នុងនោះមាន ៤៥០ គ្រឿងកំពុងហោះឆ្ពោះមកកាន់ទីក្រុងមូស្គូ។
លោកអះអាងថា ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនេះ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ក្នុងគោលបំណងរំខានដល់ការបោះឆ្នោត ប៉ុន្តែសត្រូវមិនបានសម្រេចគោលបំណងរបស់ខ្លួនឡើយ ដោយបានបន្ថែមថា ដ្រូនមួយចំនួនបានទៅដល់បរិវេណរោងចក្រចម្រាញ់ប្រេង ហើយមួយគ្រឿងបានបុកចំអគារអាផាតមិនមួយកន្លែង។
នៅភូមិសូហ្វីយីណូ (Sofyino) ភាគខាងត្បូងទីក្រុងមូស្គូ សាកសពរបស់មនុស្សម្នាក់ ដែលគ្របដោយភួយក្នុងសភាពប្រឡាក់ប្រឡូស បានដេកនៅមុខអគារអាផាតមិន ដែលរងការខូចខាត ហើយបង្អួចជាន់លើរបស់អាគារនេះ ក៏ត្រូវបានផ្ទុះរបើកចេញអស់ដែរ។
ទីភ្នាក់ងារព័ត៌មានអ៊ីនធើហ្វាកស៍ (Interfax) បានរាយការណ៍ថា អភិបាលក្រុងលោក សឺហ្គេ សូប៊ីយ៉ានីន បានទទួលស្គាល់ថា ទីតាំងមួយនៅឯរោងចក្រចម្រាញ់ប្រេងនៅក្រុងមូស្គូបានរងការខូចខាតនៅក្នុងការវាយប្រហារនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ការវាយប្រហាររបស់អ៊ុយក្រែនបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ី ដែលបង្កឱ្យមានការខ្វះខាតផលិតផលប្រេង ការឡើងថ្លៃប្រេងឥន្ធនៈ និងការតម្រង់ជួររកចាក់ប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈក្នុងតំបន់ជាច្រើនទូទាំងប្រទេសផងដែរ។
ទិន្នន័យថ្មីបំផុតបង្ហាញថា រោងចក្រនៅទីក្រុងមូស្គូនេះ ដែលបានក្លាយជាគោលដៅនៃការវាយប្រហារជាច្រើនលើកមកនោះ បានចម្រាញ់ប្រេងចំនួន ១១,៦ លានតោនក្នុងឆ្នាំ២០២៤ ដោយផលិតបានប្រេងសាំងចំនួន ២,៩ លានតោន និងប្រេងម៉ាស៊ូតចំនួន ៣,២ លានតោន។
អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារទាំងនេះទេ។ ប៉ុន្តែភាគីទាំងពីរអះអាងថា ពួកគេមិនផ្តោតគោលដៅលើជនស៊ីវិលឡើយ។
លោកអភិបាល អ៊ែនដ្រេ វ៉ូរ៉ូបយ៉ូវ (Andrei Vorobyov) បានឱ្យដឹងថា នៅក្នុងតំបន់ជុំវិញទីក្រុងមូស្គូ ក្រៅពីករណីស្លាប់មនុស្ស ២ នាក់នេះ មនុស្សចំនួន ៤០០ នាក់ (ក្នុងនោះមានកុមារ ៧០ នាក់) ត្រូវបានជម្លៀសចេញពីអគារអាផាតមិនកម្ពស់ ២១ជាន់មួយកន្លែងក្នុងស្រុករ៉ាម៉េនស្កយ (Ramenskoye) ហើយផ្ទះមួយចំនួនក៏បានរងការខូចខាតផងដែរ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

