UN ថា មានការរីករាលដាលនៃអំពើហិង្សាផ្លូវភេទក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយករណីភាគច្រើនពាក់ព័ន្ធនឹងទាហានរុស្ស៊ី

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រថា កងកម្លាំង​រុស្ស៊ីបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទដ៏រាលដាល​លើ​ជនស៊ីវិល និងឈ្លើយ​សឹក​​​នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការរំលោភ​បូក​ និងការប្រើចរន្ត​អគ្គិសនី​ឆក់​លើប្រដាប់ភេទ ខណៈអាជ្ញាធរអ៊ុយក្រែនក៏ទទួលខុសត្រូវចំពោះករណីរំលោភ​បំពានមួយចំនួនតូចផងដែរ​។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​កាល​ពីថ្ងៃ​សុក្រ។​

របាយការណ៍នេះបានកត់ត្រានូវករណីអំពើហិង្សាផ្លូវភេទដែលពាក់ព័ន្ធនឹងសង្គ្រាម​ចំនួន ១.០០៤ ករណី ដែលត្រូវបានផ្ទៀងផ្ទាត់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ជា​ពេលដែលរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន រហូត​ដល់ខែកក្កដា ឆ្នាំ២០២៦។

ក្នុងចំណោមករណីទាំងនោះ ៨៩% ត្រូវបានសន្មត់ថា ពាក់ព័ន្ធនឹងភាគីរុស្ស៊ី រួមទាំងសមាជិកនៃកងកម្លាំងប្រដាប់អាវុធ សេវាពន្ធនាគារ និងភ្នាក់ងារសន្តិសុខ ខណៈ ១១% ទៀត​ជាប់​ពាក់​ព័ន្ធ​នឹងប្រទេស​​អ៊ុយក្រែន រួមទាំងសមាជិក​នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនផងដែរ។

បេសកកម្មការទូតអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំទីក្រុងហ្សឺណែវ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំ​វិញ​របាយការណ៍នេះទេ។

ទោះបីជា​យ៉ាងណា​ ក្រសួងការបរទេសអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយស្វា​គមន៍ចំពោះការចេញផ្សាយ​របាយការណ៍នេះ ដោយ​លើកឡើងថា របាយការណ៍នេះ បានបង្ហាញពីកម្រិតនៃការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្ត​ឡើងដោយប្រទេសរុស្ស៊ី និងវិធានការនានាដែលអ៊ុយក្រែនកំពុងអនុវត្ត ដើម្បីទប់ស្កាត់អំពើហិង្សាបែបនេះ ព្រម​ទាំងផ្តល់សំណងដល់ជនរងគ្រោះ ប៉ុន្តែក្រសួង​ការបរទេស​អ៊ុយ​ក្រែន​ មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើ​ការ​រកឃើញអំពីករណីនៃការរំលោភបំពានប្រព្រឹត្ត​ដោយកងកម្លាំងអ៊ុយក្រែនឡើយ។

របាយការណ៍ដដែល​បានក្រើន​រំឭក​ផងដែរ​ថា ការរកឃើញនេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ​ទេ ដោយ​សារ​តែអំពើហិង្សាផ្លូវភេទពាក់ព័ន្ធនឹងសង្គ្រាម​ជា​ច្រើន​ករណីទៀត​មិនត្រូវបានគេ​រាយការណ៍។

របាយការណ៍បានបន្ត​ថា ការដែលរុស្ស៊ីបដិសេធមិនអនុញ្ញាតឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចូលទៅកាន់ទឹកដីអ៊ុយក្រែនដែលកំពុងត្រូវបានកាន់​កាប់ ក៏ដូចជាចូលទៅជួបអ្នកឈ្លើយ​សឹក​​ និងជនស៊ីវិលដែលត្រូវបានឃុំខ្លួននោះ មានន័យ​ថា តួលេខទាំងនេះទំនងជាមិនបានឆ្លុះបញ្ចាំងពីកម្រិតពិតប្រាកដនៃការរំលោភបំពាននោះ​​ទេ។

របាយការណ៍បានបន្ថែមទៀត​ថា នៅក្នុងតំបន់ជា​ច្រើន​ដែលស្ថិតក្រោមការកាន់កាប់ និងនៅក្នុង​ប្រទេសរុស្ស៊ី អាជ្ញាធររុស្ស៊ីបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទទៅលើអ្នកទោសជនជាតិអ៊ុយក្រែន និងជនស៊ីវិលដែលត្រូវបានឃុំខ្លួន នៅគ្រប់ដំណាក់កាលនៃការឃុំខ្លួន រួមទាំងក្នុងអំឡុងពេលចាប់ខ្លួន ការផ្លាស់ប្តូរទីកន្លែងឃុំខ្លួន ការសួរចម្លើយ និង​ការ​ឃុំខ្លួន។

ការរំលោភបំពានទាំងនោះរួមមាន ការរំលោភបូក​ ការចាប់រំលោភ ការកាត់ប្រដាប់បន្តពូជ និងការប្រើ​ចរន្តអគ្គិសនី​ឆក់លើប្រដាប់បន្តពូជរបស់បុរសជា​ដើម​។ ការរកឃើញទាំងនេះ គឺផ្អែកលើបទ​សម្ភាសជាមួយជនរងគ្រោះនៃ​អំពើហិង្សាផ្លូវភេទ ដែលប្រព្រឹត្តឡើងដោយភាគីទាំងសង​​ខាងនៃសង្គ្រាម​។

ជនរងគ្រោះភាគច្រើនដែលត្រូវបានឃុំខ្លួនគឺជាបុរស ជាពិសេសគឺឈ្លើយ​សឹក​​ និងអ្នកដែលត្រូវបានឃុំខ្លួនផ្សេងទៀត ទោះបីជាស្ត្រី និងកុមារក៏រងផលប៉ះពាល់ផងដែរ ដែល​ភាគច្រើន​កើត​មាន​នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី។

លោកស្រី ដានីញែល បេល (Danielle Bell) ប្រធានបេសកកម្មអង្គការសហប្រជាជាតិសម្រាប់តាមដានសិទ្ធិមនុស្សប្រចាំ​នៅអ៊ុយក្រែន បានមានប្រសាសន៍ថា ជារឿយៗ មានការយល់ច្រ​​ឡំ​ថា អំពើហិង្សាផ្លូវភេទក្នុងពេលមានសង្គ្រាម​​ប៉ះពាល់ជាចម្បងទៅលើស្ត្រី និងក្មេងស្រី ប៉ុន្តែនៅក្នុងបរិបទនៃសង្គ្រាមនៅអ៊ុយក្រែន ជនរងគ្រោះភាគច្រើនគឺជាបុរស។

របាយការណ៍របស់ UN បានសន្និដ្ឋានថា ប្រទេសរុស្ស៊ីបានបរាជ័យក្នុងការចាត់វិធានការ ដើម្បីទប់ស្កាត់ ស៊ើបអង្កេត ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអំពើហិង្សាផ្លូវភេទដែលប្រព្រឹត្តដោយ​​យោធា​របស់ខ្លួន ហើយក៏មិនបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ផងដែរ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង