លោក ត្រាំ ថានឹងហាមឃាត់ស្ថាប័នព័ត៌មានធំៗចំនួន៣ មិនឱ្យចូលយកព័ត៌មាននៅសេតវិមាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងហាមឃាត់ស្ថាប័នព័ត៌មានធំៗចំនួនបី គឺ CNN MSNBC និង Politico មិនឱ្យចូលទៅយកព័ត៌មានក្នុងសេតវិមានឡើយ ដែលនេះ គឺជាការគំរាមកំហែងថ្មីបំផុតរបស់លោកទៅលើសារព័ត៌មានឯករាជ្យ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
វិធានការនេះ ប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ ដោយសារអ្នកជំនាញផ្នែកសេរីភាពនៃការបញ្ចេញមតិ បានលើកឡើងថា ការធ្វើបែបនេះ គឺផ្ទុយនឹងការការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ លោក ដូណាល់ ត្រាំ បានចោទប្រកាន់បណ្តាញព័ត៌មានទាំងនោះថា បាន “ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ” លើបណ្តាញសង្គម ហើយបានលើកឡើងថា ពួកគេ “មិនគួរអាចបន្តសរសេរ ឬផ្សព្វផ្សាយរឿងដែលមិនមែនជាការពិត និងការភូតកុហកទៀតឡើយ នៅពេលពួកគេធ្វើសេចក្តីរាយការណ៍ អំពីប្រធានាធិបតីសហរដ្ឋអាមេរិក”។ លោក ត្រាំ បានបន្ថែមថា នឹងមានបណ្តាញព័ត៌មានក្លែងក្លាយផ្សេងទៀត ដែលនឹងត្រូវហាមឃាត់ដូចគ្នាដែរ។
តាមព័ត៌មានថា គេឃើញតំណាងមកពីស្ថាប័នព័ត៌មានទាំង៣ កំពុងបំពេញការងារនៅឯសេតវិមាន កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីការបង្ហោះសាររបស់លោក ត្រាំ។ យោងតាមការរាយការណ៍របស់ Fox News ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សេតវិមានបានជូនដំណឹងដល់ស្ថាប័នទាំង៣នោះ ហើយថា ពួកគេនឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងបរិវេណសេតវិមាន ចាប់ពីថ្ងៃសៅរ៍តទៅ។
ជុំវិញការហាមឃាត់នេះដែរ លោក ត្រាំ បានអះអាងថា មិនមានហេតុការណ៍ជាក់លាក់ណាមួយ ដែលនាំឱ្យមានការហាមឃាត់នេះទេ ដោយលោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យអូវ៉លអហ្វីស (Oval Office) ថា មានរឿងរ៉ាវជាច្រើនកើតឡើងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
លោក ត្រាំ បានលើកឡើងផងដែរ ពីកាសែត New York Times និង Washington Post ដោយចាត់ទុកស្ថាប័នទាំងនេះថា ជា “ព័ត៌មានក្លែងក្លាយ”។
ទោះបីជាយ៉ាងណា វិសាលភាពនៃការហាមឃាត់ដែលប្រកាសដោយលោក ត្រាំ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
តុលាការអាមេរិក បានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយ ឱ្យប្រធានាធិបតីក្នុងការសម្រេចចិត្តជ្រើសរើសអ្នកដែលអាចចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជា កិច្ចប្រជុំនៅក្នុងការិយាល័យអូវ៉លអហ្វីស (Oval Office) និងក្រុមអ្នកសារព័ត៌មានតូចៗជាដើម ប៉ុន្តែការហាមឃាត់មិនឱ្យចូលប្រើប្រាស់ទីកន្លែង ឬបដិសេធប័ណ្ណសម្គាល់ ដែលជាទូទៅអាចទទួលបាន អាចប្រឈមនឹងការជំទាស់ខ្លាំង ដោយផ្អែកលើរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា ចំណាត់ការរបស់លោក ត្រាំ ធ្វើឡើងប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ដែលក្នុងនោះសមាជិកគណបក្សសាធារណរដ្ឋ កំពុងការពារសំឡេងភាគច្រើនទាំងប្រផិតប្រផើយនៅក្នុងសភា។
ការស្ទង់មតិដែលរៀបចំឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងក្រុមហ៊ុន Ipsos បង្ហាញថា មហាជនចាប់ផ្តើមមិនពេញចិត្តនឹងគណបក្សសាធារណរដ្ឋ ខណៈអត្រានៃការពេញចិត្តចំពោះលោក Trump ផ្ទាល់បានធ្លាក់ចុះមកនៅកម្រិតទាបបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយសារតែសង្គ្រាមជាមួយអ៊ីរ៉ង់ដែលលោកបានផ្តួចផ្តើមឡើង ហើយត្រូវបានមហាជនប្រឆាំងយ៉ាងខ្លាំង ព្រមទាំងបានធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់។
រដ្ឋបាលរបស់លោក ត្រាំ បានកែប្រែទំនៀមទម្លាប់ដែលបានអនុវត្តអស់ជាច្រើនទសវត្សរ៍ ក្នុងទំនាក់ទំនងរវាងសេតវិមាននិងសារព័ត៌មាន ដោយកាត់បន្ថយសិទ្ធិរបស់ស្ថាប័នព័ត៌មានធំៗជាច្រើន ដែលធ្លាប់មានជាមួយប្រធានាធិបតី ស្របពេលបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានថ្មីៗដែលគេមើលឃើញថា មានការគាំទ្រចំពោះរដ្ឋបាលរបស់លោក។
បណ្តាញព័ត៌មាន CNN បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ស្ថាប័ននេះ គាំទ្រអ្នកសារព័ត៌មានរបស់ខ្លួន ដែលចូលយកព័ត៌មាននៅសេតវិមាន។
CNN បានលើកឡើងថា ស្ថាប័ននេះ មានសិទ្ធិស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិក ក្នុងការធ្វើសេចក្តីរាយការណ៍ដោយគ្មានការរារាំង ឬការជ្រៀតជ្រែកពីរដ្ឋាភិបាល ហើយថា បម្រាមដែលលោកប្រធានាធិបតីគំរាមអនុវត្តនេះ នឹងរំលោភលើសិទ្ធិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ៕

