ក្រុមហ៊ុនអ៊ែនស្រូភិកកំពុងពង្រីកកម្មវិធីដោយប្រើ AI ដើម្បីស្រាវជ្រាវនិងផលិតឱសថ
ក្រុមហ៊ុនអ៊ែនស្រូភិក (Anthropic) បានបង្កើតមន្ទីរពិសោធន៍មួយដោយស្ងាត់ៗ ដើម្បីធ្វើការងារផ្នែកជីវសាស្ត្រជាក់ស្តែង ខណៈខ្លួនកំពុងជំរុញមហិច្ឆតាផ្នែកបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងវិស័យផលិតឱសថ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីរសៀលថ្ងៃសុក្រ។
ចំពេលដែលសាធារណជនកំពុងមានការព្រួយបារម្ភអំពីបច្ចេកវិទ្យា AI ក្រុមហ៊ុនអ៊ែនស្រូភិកបានបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រ ឬកន្លែងសម្រាប់ធ្វើការពិសោធន៍ជាក់ស្តែងមួយនៅក្នុងតំបន់សាន់ហ្វ្រានស៊ីស្កូបេយ (San Francisco Bay Area) នេះបើយោងតាមប្រភពព័ត៌មានពីអ្នកដែលដឹងរឿងនេះ។
ក្រុមហ៊ុនអ៊ែនស្រូភិក បានបញ្ជាក់ថា ខ្លួនមានបំណងស្វែងរកវិធីព្យាបាលជំងឺកម្រនានា ហើយការងារផ្នែកជីវសាស្ត្ររបស់ខ្លួនបានបោះជំហានហួសពីការវាយតម្លៃតាមរយៈកុំព្យូទ័រទៅហើយ។
តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ លោក អេរិក ខូឌ័ររើ អាប្រាមស៍ (Eric Kauderer-Abrams) ជាប្រធានផ្នែកវិទ្យាសាស្ត្រជីវសាស្ត្ររបស់ក្រុមហ៊ុនអ៊ែនស្រូភិក បានទទួលស្គាល់ថា ក្រុមហ៊ុននេះពិតជាមានមន្ទីរពិសោធន៍ជីវសាស្ត្រមែន។
លោក អេរិក បាននិយាយថា ការសិក្សាផ្នែកជីវសាស្ត្រ ការធ្វើតេស្តចុងក្រោយ គឺនៅតែជាការងារពិសោធន៍ជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍។ សព្វថ្ងៃនេះ ក្រុមការងារពិតជាកំពុងអនុវត្តវិធីសាស្ត្រនេះ ហើយអាចនិយាយបានថា វិធីសាស្ត្រនេះ គឺស្រដៀងគ្នាទៅនឹងអ្វី ដែលគេបានឃើញជាទូទៅនៅតាមក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រភាគច្រើន។ ពោលគឺអនុវត្តការងារមួយផ្នែកនៅក្នុងបរិវេណក្រុមហ៊ុនរបស់ផ្ទាល់ និងមួយផ្នែកទៀត គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។
ក្រោយមក អ្នកនាំពាក្យម្នាក់ បានបញ្ជាក់ថា មន្ទីរពិសោធន៍របស់ក្រុមហ៊ុនអ៊ែនស្រូភិក មិនមែនបង្កើតឡើងសម្រាប់តែការស្វែងរកឱសថថ្មីនោះទេ ដោយអ្នកនាំពាក្យរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ទោះបីជាយ៉ាងណា ប្រភពម្នាក់ក្នុងចំណោមអ្នកដឹងរឿងនេះ បាននិយាយថា វិធានការនេះ គឺជាជំហានតូចមួយឆ្ពោះទៅរកមហិច្ឆតាដ៏ធំធេងរបស់ក្រុមហ៊ុន អ៊ែនស្រូភិក ក្នុងការដោះស្រាយបញ្ហាជំងឺនានា ដែលខ្លួនយល់ថា ត្រូវបានឧស្សាហកម្មផលិតឱសថមើលរំលង ហើយថា ការងារនេះ ត្រូវធ្វើឱ្យបានមុនពេលដែលបុគ្គលិក និងសាធារណជនបាត់បង់ជំនឿលើបច្ចេកវិទ្យា AI ដោយសារពួកគេបារម្ភថា AI ដណ្តើមការងារ ឬអាចបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស។
គេមិនប្រាកដថា កម្មវិធីផលិតឱសថ ដែលក្រុមហ៊ុនអ៊ែនស្រូភិកកំពុងអនុវត្តនេះ នឹងទទួលបានជោគជ័យនោះទេ ដោយសារឱសថភាគច្រើនបរាជ័យក្នុងដំណាក់កាលធ្វើតេស្តផ្នែកសុវត្ថិភាព និងប្រសិទ្ធភាព។
ដោយឡែកសម្រាប់ លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) ជានាយកប្រតិបត្តិក្រុមហ៊ុនអ៊ែនស្រូភិក យល់ថា កិច្ចប្រឹងប្រែងនេះ គឺមានសារៈសំខាន់ចំពោះលោកផ្ទាល់។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយថ្មីៗនេះ លោក អាម៉ូដេ បានលើកឡើងថា ឪពុករបស់លោកបានទទួលមរណភាពដោយសារជំងឺមួយប្រភេទ ត្រឹមតែប៉ុន្មានឆ្នាំមុនពេលថ្នាំព្យាបាលជំងឺនេះ ត្រូវបានគេរកឃើញ។ លោក ខូឌ័ររើ អាប្រាមស៍ ក៏យល់ស្របចំពោះរឿងនេះផងដែរ។
លោក ខូឌ័ររើ អាប្រាមស៍ បាននិយាយថា បេសកកម្មរបស់ក្រុមហ៊ុន គឺការអភិវឌ្ឍបច្ចេកវិទ្យា AI ដ៏មានឥទ្ធិពល ក្នុងទម្រង់មួយ ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយថា រហូតមកទល់ពេលនេះ គ្រប់គ្នាមើលឃើញថា វិស័យវិទ្យាសាស្ត្រផ្នែកជីវសាស្ត្រ គឺជាឱកាសដ៏ធំបំផុតសម្រាប់សម្រេចគោលដៅនេះ ហើយវា គឺជាកត្តាជំរុញសកម្មភាពទាំងអស់ ដែលកំពុងអនុវត្ត៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

