សហរដ្ឋអាមេរិកទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយអាវុធក្នុងលំហអាកាស
សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ខ្លួនបានដាក់ពង្រាយអាវុធក្នុងលំហអាកាសនៃគន្លងគោចរផែនដី ហើយនេះជាលើកដំបូង ដែលអាមេរិកបានទទួលស្គាល់ពីសមត្ថភាពវាយប្រហារតាមលំហអាកាស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន BBC នៅថ្ងៃពុធនេះ។
លោក ត្រយ ម៉េក (Troy Meink) រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពអាកាសអាមេរិក បានថ្លែងថា អាវុធដែលស្ថិតនៅក្នុងគន្លងគោចរផែនដីនោះ គឺមានភាពចាំបាច់ ដើម្បីការពារកងទ័ពអាមេរិកពីសកម្មភាពបង្កហេតុរបស់សត្រូវ។
ថ្លែងនៅក្នុងសន្និសីទស្តីពីអាកាសចរណ៍ លំហអាកាស និងប្រព័ន្ធអ៊ីនធើណិត កាលពីថ្ងៃចន្ទ លោក ត្រយ ម៉េក បានលើកឡើងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់សម្រាប់ “ការគំរាមកំហែងដែលកំពុងវិវត្ត” ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីសមត្ថភាពនៃអាវុធទាំងនោះ ឬថាតើអាវុធទាំងនោះ ត្រូវបានដាក់ពង្រាយតាមគន្លងគោចរផែនដីតាំងពីពេលវេលានោះទេ។
មេដឹកនាំយោធាជាន់ខ្ពស់ជាច្រើន ធ្លាប់បានលើកឡើងពីផែនការពង្រឹងសមត្ថភាពយោធានៅក្នុងលំហអាកាស ដោយលើកឡើងអំពីកម្មវិធីរបស់រុស្ស៊ី និងចិនដែលកំពុងអភិវឌ្ឍន៍វិធីសាស្ត្រ ដើម្បីវាយប្រហារ និងរំខានដល់ផ្កាយរណបរបស់សហរដ្ឋអាមេរិកក្នុងករណីមានជម្លោះនាពេលអនាគត។
កាលពីថ្ងៃអង្គារ ប្រទេសចិនបានឆ្លើយតបដោយព្រមានចំពោះ “ការប្រណាំងប្រជែងផ្នែកអាវុធ” នៅក្នុងលំហកាស។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបាននិយាយថា ចិនទទូចឱ្យភាគីអាមេរិកបញ្ឈប់ការបង្កើនសមត្ថភាពយោធា និងការត្រៀមខ្លួនសម្រាប់សង្គ្រាមនៅក្នុងអវកាស។
ទោះបីជាយ៉ាងណា ក្រុមមន្ត្រីអាមេរិក មិនបានលាតត្រដាងព័ត៌មានលម្អិតអំពីរបៀបនៃប្រតិបត្តិការអាវុធប្រភេទនេះទេ។
អ្នកនាំពាក្យកងកម្លាំងអវកាសអាមេរិក បាននិយាយថា “ការគ្រប់គ្រងលំហអាកាស គ្របដណ្ដប់លើតំបន់បេសកកម្ម ដែលតម្រូវឱ្យមានការប្រកួតប្រជែង និងគ្រប់គ្រងដែនអាកាស ហើយសមត្ថភាពទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងវាយលុក និងការពារ តាមការបញ្ជារបស់បញ្ជាការដ្ឋានប្រយុទ្ធ។
អ្នកជំនាញផ្នែកប្រើប្រាស់លំហអាកាសសម្រាប់គោលបំណងយោធា បានកត់សម្គាល់ថា មានព័ត៌មានតិចតួចបំផុតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ អំពីបច្ចេកវិទ្យានេះ និងបានប្រាប់បណ្តាញព័ត៌មាន BBC ថា អាចមានប្រព័ន្ធអាវុធផ្សេងៗគ្នាជាច្រើនប្រភេទ។
លោកបណ្ឌិត ប្លេដឌីន បូវិន (Bleddyn Bowen) មកពីវិទ្យាស្ថានរ៉ូយ៉ាល់យូណាយធីតសឺវីស (Royal United Services Institute) បានលើកឡើងថា លោកមិនដឹងច្បាស់ពីប្រភេទអាវុធនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកអាចនឹងកំពុងសំដៅទៅលើ “ប្រភេទសង្គ្រាមអេឡិចត្រូនិក ឬឧបករណ៍រំខានរលកវិទ្យុ” ណាមួយ។
លោក បូវិន បាននិយាយថា នោះគឺជាប្រភេទអាវុធដែលមានស្រាប់នៅលើផែនដី ហើយអាចរំខានដល់ការទំនាក់ទំនងតាមវិទ្យុបាន។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា សមត្ថភាពប្រតិបត្តិការក្នុងលំហអាកាស និងមីស៊ីលស្ទាក់ចាប់ គឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធការពារដែនអាកាសហ្គោលឌិនដូម (Golden Dome) ដែលគ្រោងនឹងបង្កើតឡើង ដើម្បីការពារសហរដ្ឋអាមេរិកពីមីស៊ីល និងការគំរាមកំហែងផ្សេងទៀតតាមផ្លូវអាកាស។
កាលពីឆ្នាំមុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលមិនត្រឹមតែការពារទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាកងកម្លាំងវាយប្រហារទៀតផង៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

