លោក ម៉ាក ខានី គ្រោងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកកាន់តែធ្ងន់ធ្ងរឡើង

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) គ្រោ​ង​ធ្វើដំណើរទៅកាន់ទីក្រុងស្ត្រាសបឺក (Strasbourg) នៅ​​ថ្ងៃពុធនេះ​​ ដោយ​លោក​ក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាលបរទេសដំបូង​គេ ដែលចូលរួមស្ដាប់សុន្ទរកថា​របស់ប្រធានគណៈកម្មការអឺរ៉ុប ខណៈ លោក​​កំពុងស្វែងរកភាពជាដៃគូថ្មីៗ ចំពេលមានការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ លើ​អធិបតេយ្យភាពរបស់ប្រទេស​កាណាដា។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​រ៉យ​ទ័រ​នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦​​នេះ។​

លោក ខានី​ នឹងថ្លែងសុន្ទរកថាទៅកាន់សភាសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ដោយ​បង្ហាញ​ពីចក្ខុវិស័យរបស់លោកសម្រាប់ “សម្ព័ន្ធភាពពិសេសមួយ” រវាងប្រទេសកាណាដា និងអឺរ៉ុប។

ស្របពេល​ជាមួយគ្នានេះដែរ នាយក​រដ្ឋមន្ត្រីកាណាដា​រូបនេះ បានប្តេជ្ញាបង្កើនទំហំ​ពាណិជ្ជកម្មរបស់ប្រទេសកាណាដា​ជាមួយប្រ​ទេសនានា ដែលមិនមែនជា​សហរដ្ឋអាមេរិក ឱ្យកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ខណៈកាណាដា​​កំពុងងាកចេញពីប្រទេសជិតខាងនៅភាគខាងត្បូងរបស់ខ្លួន ចំពេលដែលសង្គ្រាមពាណិជ្ជ​កម្មកាន់តែមានភាពតានតឹងខ្លាំងឡើង។

អ្នកការទូតសហភាពអឺរ៉ុបចំនួន ៧រូប ប្រចាំនៅកាណាដា និងអឺរ៉ុប បានប្រាប់ទីភ្នាក់​​ងារព័ត៌មានរ៉យ​ទ័រថា មានកិច្ច​ប្រឹង​ប្រែងយ៉ាងសកម្មឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងសន្តិសុខ​​ឌីជីថល ប៉ុន្តែមិនទាន់មានកិច្ច​ពិភាក្សាកម្រិតខ្ពស់អំពីផែនការជាក់លាក់ណាមួយសម្រាប់ទំនាក់ទំនង​ដ៏ទូលំទូលាយជាងមុនរវាងកាណាដា និងសហភាពអឺរ៉ុបនោះទេ។

ទោះបីជាយ៉ាងណា លោក ខានី​ បានលើ​ក​ឡើង​កាលពីថ្ងៃអង្គារថា ការពិភាក្សាលម្អិត​បន្ថែមទៀតនឹងចាប់ផ្តើមនៅក្នុងកិច្ចប្រជុំកំពូលរវាងកាណាដា និងសហភាព​អឺរ៉ុប នៅទីក្រុងម៉ុងត្រេអាល់​នាចុងខែតុលា។

ជុំវិញ​បញ្ហា​នេះ​ដែរ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កាណាដា លោកស្រី អានីតា អាណាន បាន​ប្រាប់​ទីភ្នាក់ងាររ៉យ​ទ័រ​ថា​ ទំនាក់ទំនងរបស់​កាណាដា​ជាមួយសហភាព​​អឺរ៉ុបកាន់តែមានភាពជិតស្និទ្ធឡើងជាលំដាប់ ជាពិសេសក្នុងរយៈពេល​១ឆ្នាំកន្លះកន្លងមកនេះ ហើយ​សហភាពអឺរ៉ុប គឺតំបន់​សំខាន់មួយ ដែលមិនត្រឹមតែមានតម្លៃរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មានផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នាទៀតផង។

កាលពីសប្តាហ៍មុន កាសែតវ៉លស្ទ្រីតជឺណល (Wall Street Journal) បានរាយការណ៍​ថា លោក ខានី​ បានស្នើទៅកាន់មេដឹកនាំអឺរ៉ុប ដើម្បី​ឱ្យ​ប្រទេសកាណាដាក្លាយជា “សមាជិករង” របស់សហភាពអឺរ៉ុប។

ប៉ុន្តែ​ទាក់ទិនបញ្ហានេះ អ្នកការទូតសហភាពអឺរ៉ុបចំនួន ៤រូបប្រចាំនៅប្រទេសកាណាដាបានលើកឡើងថា ការដែលកាណាដាអាចក្លាយជាសមាជិកសហភាពអឺរ៉ុប គឺជារឿងដែល​មិនអាចទៅរួច​ ដោយសារតែឧបសគ្គផ្នែកភូមិសាស្ត្រ និងភាព​​ស្មុគស្មាញ​ផ្នែកច្បាប់ដែលសមាជិកនៃសហភាពត្រូវ​បំពេញ​។

គេនៅមើលឃើញថា ឧបសគ្គធំៗនៅ​បន្ត​រារាំង​ដល់​កំណើត​ទំហំពាណិជ្ជកម្មរវាងកាណាដានិងសហភាព​អឺរ៉ុប​ ដោយ​លោក ម៉ាក មែងហ្គ័រ (Mark Manger) សាស្ត្រា​ចារ្យផ្នែកសេដ្ឋកិច្ចនយោបាយ និងកិច្ចការសកលនៅសាកលវិទ្យា​ល័យ Toronto បានលើកឡើងថា មន្ត្រីសហភាពអឺរ៉ុបមានការខកចិត្តចំពោះការបដិសេធ​របស់ប្រទេសកាណាដា ក្នុង​ការបើកចំហវិស័យចំនួនពីរដែលខ្លួនការ​ពារ​យ៉ាងខ្លាំងក្លានោះ គឺវិស័យទូរគមនាគមន៍ និងវិស័យផលិតផលទឹក​ដោះគោ៕

អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង