សភាអាមេរិកថា ការចំណាយក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់បានកើនដល់ ៣៨ពាន់លានដុល្លារ គិតត្រឹមដើមខែសីហា
ការិយាល័យថវិកាសភាអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា សង្គ្រាមអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលមានរយៈពេល ៦ខែមកនេះ បានចំណាយថវិកាអស់ ៣៨ ពាន់លានដុល្លារ រួចទៅហើយ ហើយគេព្យាករថា ការចំណាយនឹងកើនឡើង ៣ពាន់លានដុល្លារក្នុងមួយខែ ខណៈរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងស្វែងរកវិធីបញ្ចប់ជម្លោះ និងបើកឡើងវិញនូវច្រកសមុទ្រហ័រមូស (Strait of Hormuz)។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ជុំវិញបញ្ហានេះ មជ្ឈដ្ឋានជាច្រើនរំពឹងថា សង្រ្គាមនឹងបង្កើនអតិផរណាចំនួន០,៥% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៧ នេះបើយោងតាមគណនារបស់ការិយាល័យថវិកាសភា ដែលបានបូកសរុបការចំណាយដល់ថ្ងៃទី១ ខែសីហា។
ការកើនឡើងនៃការចំណាយនេះ បានបង្កើតសម្ពាធលើស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យតម្លៃថាមពលកើនឡើង ដែលបង្កជាក្តីបារម្ភអំពីសមត្ថភាពរបស់ប្រទេសនេះ ក្នុងការឆ្លើយតបទៅនឹងជម្លោះដែលអាចកើតមានផ្សេងទៀត ព្រមទាំងបង្កើនសម្ពាធលើថវិកាសហព័ន្ធ ដែលកំពុងស្ថិតក្នុងស្ថានភាពតានតឹងស្រាប់ទៅហើយនោះ។
ការចំណាយនេះ គឺប្រហាក់ប្រហែលនឹងទឹកប្រាក់ចំនួន ៣៧,៥ ពាន់លានដុល្លារ ដែលលោក ភីត ហ៊ែកសិត (Pete Hegseth) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានរាយការណ៍នៅក្នុងពេលដេញដោលនៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែកក្កដា។
ការិយាល័យថវិកា បានឱ្យដឹងថា ការចំណាយភាគច្រើន គឺបណ្តាលមកពីការប្រើប្រាស់គ្រាប់រំសេវយ៉ាងឆាប់រហ័ស ដោយប៉ាន់ប្រមាណថា អាចនឹងត្រូវចំណាយពេល ៥ឆ្នាំ ដើម្បីបំពេញស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកឡើងវិញ។
ទាក់ទិននឹងការប្រើប្រាស់គ្រាប់រំសេវយ៉ាងឆាប់រហ័ស ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែសីហាថា សហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន «ស្ទើរតែទាំងអស់» អំឡុងសង្គ្រាម។
ការិយាល័យថវិកាសភា បានរាយការណ៍លើកឡើងផងដែរថា ក្រសួងការពារជាតិមិនបានសហការជាមួយអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់សភាឡើយ។
ទោះបីជាយ៉ាងណា លោកស្រី អានណា ខេលលី អ្នកនាំពាក្យសេតវិមាន បានហៅការវាយប្រហាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើប្រទេសអ៊ីរ៉ង់ថា ជាសកម្មភាពដ៏ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់មិនឱ្យបង្កគ្រោះថ្នាក់ដល់បុគ្គលិកយោធាអាមេរិក ឬផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
លោកស្រីបានលើកឡើងថា កងទ័ពអាមេរិកមាន «គ្រាប់រំសេវ គ្រឿងបំពាក់ និងស្តុកសម្ភារៈយោធាគ្រប់គ្រាន់លើសពីតម្រូវការ ដើម្បីបម្រើដល់គោលដៅយុទ្ធសាស្ត្រទាំងអស់របស់អគ្គមេបញ្ជាការ និងលើសពីនេះទៅទៀត»។
ស្រដៀងគ្នានេះដែរ លោក ស៊ាន ផាណែល (Sean Parnell) អ្នកនាំពាក្យជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ក៏បានជំទាស់នឹងការរបាយការណ៍ដែលថា មានការខ្វះខាតគ្រាប់រំសេវ ហើយថា អាមេរិកមានអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធ្វើការវាយប្រហារទៅតាមពេលវេលា និងទីកន្លែងដែលប្រធានាធិបតីបានជ្រើសរើស។
គួររំលឹកថា ការសួរដេញដោលអំពីការចំណាយនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់លោក ប៊្រែនឌិន បយ (Brendan Boyle) សមាជិកសភាជាន់ខ្ពស់រដ្ឋភែនស៊ីលវ៉ានៀមកពីគណបក្សប្រជាធិបតេយ្យប្រចាំគណៈកម្មាធិការថវិការបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។
លោក ប៊្រែនឌិន បយ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សង្គ្រាមដ៏មហន្តរាយរបស់លោក ដូណាល់ ត្រាំ នៅប្រទេសអ៊ីរ៉ង់ បានឆក់យកជីវិតយោធាអាមេរិកដ៏ក្លាហាន និងបណ្តាលឱ្យអ្នកផ្សេងទៀតរងរបួសច្រើននាក់រួចទៅហើយ។
លោក ប៊ែនឌិន បយ បន្តងថា ក្រៅពីការបាត់បង់អាយុជីវិតមនុស្ស របាយការណ៍ពីការិយាល័យថវិកាសភា (CBO) ដែលមិនលំអៀងទៅលើគណបក្សនយោបាយណាមួយនេះ បានបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមនេះក៏បានធ្វើឱ្យអ្នកបង់ពន្ធអាមេរិកត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ហើយការចំណាយនេះនៅតែបន្តកើនឡើងថែមទៀត។ សូមបញ្ជាក់ថា យោធាអាមេរិកចំនួន ១៨ នាក់បានស្លាប់នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។
របាយការណ៍ដដែលនេះ មិនបានរាប់បញ្ចូលការខាតបង់កើតចេញពីការវាយប្រហារថ្មីៗ ទៅលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) និងការវាយប្រហារទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះទេ ហើយក៏មិនបានរាប់បញ្ចូលប្រាក់កម្ចីសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមនេះដែរ ដែលអាចបន្ថែមទឹកប្រាក់រាប់សិបពាន់លានដុល្លារទៀតទៅលើការចំណាយសរុប។
របាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក បានរកឃើញថា សង្គ្រាមនេះ អាចបង្កផលវិបាកយ៉ាងខ្លាំងដល់ជំហរការពារជាតិរបស់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចក្នុងស្រុក។
ការិយាល័យថវិការដ្ឋសភាអាមេរិក បន្ថែមទៀតថា ការខ្វះខាតគ្រាប់រំសេវសំខាន់ៗ រួមទាំងមីស៊ីលស្ទាក់ចាប់ផងដែរនោះ អាចបង្កហានិភ័យដល់សមត្ថភាពឆ្លើយតបរបស់មន្ទីរបញ្ចកោណក្នុងករណីមានជម្លោះធំមួយទៀត ដូចជាការប៉ះទង្គិចគ្នា ដែលអាចកើតមានរវាងចិន និងតៃវ៉ាន់ ជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

