ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន ១២៩នាក់ បន្ទាប់ពីឧប្បត្តិហេតុលិចនាវាដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី

នៅ​ថ្ងៃចន្ទនេះ​ ក្រុម​អ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីរាប់រយនាក់ រួមទាំងកងការពារឆ្នេរ​សមុទ្រ និងកងទ័ពជើងទឹក បាន​ប្រញាប់ប្រញាល់ឡើងទៅលើនាវាដឹកអ្នកដំ​ណើរ​មួយគ្រឿង ដែលបានលិចនៅក្នុងសមុទ្រចាវា (Java Sea) កាល​ពីចុងសប្តាហ៍​ ដើម្បី​ស្វែងរកមនុស្សចំនួន ​១២៩នាក់ ដែលនៅបាត់ខ្លួន ខណៈចំនួនអ្នកស្លាប់ត្រូវ​បាន​គេរាយការណ៍​ថា មាន ៦នាក់នៅពេលនេះ​។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យ​ទ័រនៅ​ថ្ងៃ​ច័ន្ទនេះ​​​។

ទីភ្នាក់ងារជួយសង្គ្រោះបានឱ្យដឹងថា នាវាវើហ្គោ ត្រែនស្ប៉ត 8 (Virgo Transport 8) ដែលដឹកអ្នកដំណើរ​ ២៤៣​នាក់ បានបាត់ការ​ទាក់​ទង​នៅក្នុងស្ថានភាពអា​កាស​​​ធាតុមិន​ល្អ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ រហូត​មក​ដល់ពេល​នេះ អាជ្ញាធរ​បានជួយសង្គ្រោះ​មនុស្ស​ចំនួន ១០៨ នាក់ ចេញពីនាវានោះ ដែលធ្វើដំ​ណើរ​​ពីទី​ក្រុង​សឺរ៉ាបាយ៉ា (Surabaya) ក្នុងតំបន់អ៊ីសចាវ៉ា​ (East Java) ទៅកាន់ទីក្រុងបាន​​ចាម៉ាស៊ីន​ (Banjarmasin) ក្នុងតំបន់កាលី​ម៉ាន​តាន​​ភាគ​ត្បូង​ (South Kalimantan)។

លោក ម៉ូហាម៉ាដ ស៊ីយ៉ាហ្វី (Mohammad Syafii) ប្រធានទីភ្នាក់ងារជួយសង្គ្រោះជាតិ បានឱ្យដឹងថា ស្ថានភាពទឹកដែលមានរលកខ្ពស់បន្តបន្ទាប់​ និងខ្យល់បក់ខ្លាំង បានបង្កការលំបាកដល់ប្រតិបត្តិការស្វែងរកមនុស្ស​នៅ​ថ្ងៃចន្ទនេះ​។

លោក ស៊ីយ៉ាហ្វី​ បានអះអាង​ថា ទីភ្នាក់ងារជួយ​សង្គ្រោះ​ បានដាក់ពង្រាយបុគ្គ​លិក​​យ៉ាងហោចណាស់ ៦២២នាក់ នាវាសង្គ្រោះ ១៧គ្រឿង ព្រមទាំងឧទ្ធម្ភា​គ​ចក្រ និង​យន្តហោះចំនួន ៥គ្រឿង ដើម្បីស្វែងរកអ្នកដំណើរដែលបានបាត់ខ្លួន​។

លោកបានបញ្ជាក់ថា នាវាខ្លះបានទៅដល់ទីតាំងកើតហេតុហើយ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះជួបការលំបាកក្នុងការចូលទៅក្នុងនាវាដែលបានក្រឡាប់មួយ​ផ្នែក​ចូលក្នុងទឹក​នោះ។

លោកបានមានប្រសាសន៍ថា អង្គភាព​របស់លោក​ក៏ចង់ដាក់ពង្រាយបុគ្គលិកដែលមានជំនាញជួយសង្គ្រោះក្រោម​ទឹកផងដែរ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅពេលនេះ មិនអនុញ្ញាតឱ្យក្រុម​ការងារ​ធ្វើដូច្នេះបានឡើយ។

បើតាម​លោក ស៊ីយ៉ាហ្វី ថា ខណៈ​ពេលកំពុង​រង់ចាំឱ្យស្ថានភាពអាកាសធាតុប្រ សើរឡើង ក្រុមការ​ងារ​កំពុងស្វែង​រកបុគ្គលិក ដែលមានជំនាញពិសេសបន្ថែមទៀត​ឱ្យ​មកជួយ​ ដោយ​បាន​បន្ថែមថា ចំនួនអ្នកស្លាប់នៅត្រឹម​៦នាក់ដដែល​នៅពេលនេះ​។

នៅក្នុងរូបភាព​វីដេអូ​មួយ ដែលត្រូវបានចែករំលែកដោយទី​ភ្នាក់ងារជួយសង្គ្រោះ បាន​បង្ហាញ​ថា នាវាដ៏ធំមួយ ដែល​​មាន​ពណ៌ក្រហមលាយ​ខ្មៅបានក្រឡាប់ និងលិចមួយផ្នែកទៅក្នុងទឹក​​សមុទ្រ​ ដោយផ្នែកបាត​នាវា ដែល​លាប​ពណ៌​ក្រហម​នោះ បាន​ងើប​ឡើងផុតពីផ្ទៃទឹក។

ជាមួយគ្នានោះដែរ គេឃើញទូកតូចៗចំនួនពីរ ដែលសុទ្ធតែមានមនុស្សជិះ កំពុងអណ្តែតនៅលើ​ផ្ទៃ​ទឹកដែលមាន​រលក​បោក​បក់ខ្លាំង នៅក្បែរកប៉ាល់​ដែលបានក្រ​ឡាប់​នោះ​។

មន្ត្រីម្នាក់នៅ​ទីភ្នាក់ងារជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា ទីតាំងដែលនាវា​បានលិចនោះ គឺស្ថិតនៅចម្ងាយប្រហែល​ ១៥០ គីឡូម៉ែត្រពីមជ្ឈ​មណ្ឌ​ល​នៃ​កំពង់ផែទ្រីសាក់ទី (Trisakti) ក្នុងទីក្រុងបេនចាម៉ាស៊ីន (Banjarmasin)។ មន្ត្រី​មួយរូប បានបន្ត​​ថា ស្ថានភាពនៅទីនោះមានខ្យល់បក់ខ្លាំង ដែលធ្វើឱ្យនាវាលំ​បាក​ក្នុងការចូលចត។

បើតាម​លោក ស៊ីយ៉ាហ្វី ប្រធានទីភ្នាក់ងារជួយសង្គ្រោះជាតិ បាននិយាយថា អា​កាសធាតុមានសភាពអាក្រក់ខ្លាំងនៅពេលកើតហេតុ ដោយមានរលកកម្ពស់រហូត​ដល់ ៣ ម៉ែត្របោកបក់មកលើនាវា​។

គួរបញ្ជាក់ថា ការធ្វើដំណើរពីកំពង់ផែទ្រីសាក់ទី ប្រើពេលប្រ​ហែល ៥ ម៉ោង ដើម្បី​​​ដល់​គោលដៅ ​ក្នុងស្ថានភាពអាកាស​​ធាតុល្អ ប៉ុន្តែអាចត្រូវការពេលរហូតដល់ ៩ ម៉ោង ប្រសិន​បើ​ស្ថានភាពអាកាសធាតុមិនល្អ។

ជុំវិញ​​ករណីលិច​នាវា​នេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ឌូឌី ពូវ៉ាហ្គានឌី (Dudy Purwagandhi) បាននិយាយ​ថា នាវា​ដែលបានលិចនោះ មានសមត្ថភាពផ្ទុកអ្នកដំ​ណើរបាន ៥០០នាក់ ដូច្នេះវាមិនមែនជាបញ្ហា​ នៃ​ការផ្ទុកលើសកម្រិតនោះទេ។

ប្រទេសឥណ្ឌូនេស៊ីពឹងផ្អែកលើការធ្វើដំណើរតាមផ្លូវទឹក​ ដើម្បីភ្ជាប់ទំនាក់ទំនង​ទូ​ទាំង​​​កោះចំ​នួន ១៧.​០០០របស់ខ្លួន ហើយ​​មួយផ្នែក​ដោយសារការធ្វើដំណើរតាម​​ផ្លូវ​សមុទ្រមា​នត​ម្លៃធូ​រ​ថ្លៃ និង​ងាយ​ស្រួលជាងការធ្វើដំណើរតាមយន្ត​ហោះ ប៉ុន្តែ​ក៏​មាន​គ្រោះថ្នា​ក់​ជា​ច្រើន​លើកមកហើយដែរ​៕​

អត្ថបទប្រែសម្រួលដោយ​៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង