អតីតអ្នកស្រាវជ្រាវក្រុមហ៊ុន Anthropic ថាបុគ្គលិកផ្នែក AI មានការភ័យខ្លាចខ្លាំងចំពោះអនាគតរបស់មនុស្សជាតិ

អ្នកស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត (AI) ម្នាក់​ ដែលបានលាលែងពីក្រុមហ៊ុនអ៊ែនស្រូភិក​ (Anthropic) បាននិយាយ​​ថា បុគ្គលិកដែលធ្វើការលើបច្ចេកវិទ្យានេះ មានអារ​ម្មណ៍​ភ័យខ្លាចយ៉ាងខ្លាំង ចំពោះល្បឿន​នៃការរីកចម្រើនរបស់​បច្ចេក​វិទ្យា​នេះ​ និងផលប៉ះ​ពាល់​ដែលអាចកើតមាន​ចំពោះមនុស្សជាតិ។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញព័ត៌មាន​ BBC កាល​ពីថ្ងៃអាទិត្យ​។​

កាលពីថ្ងៃ​សៅរ៍ លោក ចាកុប ខកសិន (Jacob Coxon) បានប្រាប់អ្នកសារព័ត៌មាន របស់ BBC អំពីការបង្ហោះសារលាលែងពីតំណែងរបស់លោក ដែលបានក្លាយជាប្រ​ធាន​បទក្តៅ​​​​នៅលើបណ្ដាញសង្គម ដែលក្នុងនោះលោក ចាកុប ខកសិន បានលើកឡើង​ពីកង្វល់ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដែលមិនអាចគ្រប់គ្រងបាន។

នៅក្នុងបទសម្ភាសន៍​នេះ លោក ចាកុប បាន​បង្ហាញ​ការ​ជឿជាក់ថា ប្រសិនបើមិនបន្ថយល្បឿន នៃការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ននេះទេ នោះនឹង​មានលទ្ធភាពខ្ពស់ ដែលយើងទាំងអស់គ្នាអាចនឹងស្លាប់នៅពេលដ៏ខ្លីខាងមុខ។

គួររំលឹកផងដែរថា ការលាលែងពីតំណែងរបស់លោក​ ចាកុប បានកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់​តែ​ខ្លាំង ​អំពីសុវត្ថិភាពនៅក្នុងវិស័យ​បច្ចេកវិទ្យា​នេះ ដែល​​ក្នុងនោះ លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) ដែលជា​ប្រ​ធាន​ក្រុម​ហ៊ុន អ៊ែនស្រូភិក (Anthropic) ក៏​បានលើកឡើងនៅក្នុងអត្ថបទមួយថា ការអភិវឌ្ឍបច្ចេក​វិទ្យា​​នេះ គួរ​​តែ​ត្រូវ​បានបន្ថយល្បឿន។

ម្ចាស់​ក្រុមហ៊ុន AI ពីរ ដែល​ជា​គូប្រជែងនឹងគ្នា​ គឺលោក សាំ​ អាល់មែន (Sam Altman) មកពីក្រុមហ៊ុន OpenAI និងលោក អេឡុន ម៉ាស់ (Elon Musk) មកពីក្រុមហ៊ុន xAI សុទ្ធ​តែបានថ្លែងថា ខ្លួន​យល់ស្របនឹងសំណើរបស់លោក អាម៉ូដេ​ ដែលបាន​ស្នើឱ្យមានការបន្ថយល្បឿន និងការដាក់ចេញនូវបទប្បញ្ញត្តិសម្រាប់វិស័យនេះទាំងមូល ព្រមទាំងការត្រួតពិនិត្យដោយឯករាជ្យលើការអភិវឌ្ឍគំរូ AI។

បើតាម​ការ​លើកឡើង​របស់​​លោក អាម៉ូដេ ថា ការអភិវឌ្ឍបច្ចេកវិទ្យានេះ មិនមែនជាបញ្ហាទេ ប៉ុន្តែហានិភ័យ ដែលពាក់ព័ន្ធនឹងវា គឺមានលក្ខណៈ “ធ្ងន់ធ្ងរ” ហើយចាំបាច់​ត្រូវតែផ្តល់​​ពេលវេលាឱ្យ​ក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

លោក ខកសិន​ វ័យ២៧ឆ្នាំ ដែលធ្លាប់បម្រើការនៅក្រុមហ៊ុន OpenAI មុនពេលចូលរួមជាមួយក្រុមហ៊ុន Anthropic បានស្វាគមន៍សំណើឱ្យមានការបន្ថយល្បឿន ប៉ុន្តែបានលើកឡើងថា ចាំបាច់ត្រូវមានការសម្របសម្រួលជាមួយប្រទេសចិនផងដែរ​ ដើម្បីជៀសវាង ការប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ។

លោក ខកសិន បាន​និយាយ​​ថា បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនទាំងនេះ ពិតជាចង់​​ឱ្យមានការដាក់ចេញនូវ​បទ​ប្បញ្ញត្តិ​ពិត​​ប្រាកដមែន​ ព្រោះពួកគេយល់ថា ខ្លួនកំពុង​ជាប់ផុង​នៅក្នុងការប្រ​កួតប្រជែងមួយ ហើយពួកគេមានការបារម្ភ​ចំពោះលទ្ធផលនៃការប្រកួតប្រជែងនោះ។

បើ​តាមលោក ខកសិន សំណួរដែលពិបាកឆ្លើយបំផុតគឺថា តើវិនាសកម្ម ដែលបង្កឡើងដោយ AI នឹងមានលក្ខណៈបែប​ណា។

ទោះបីជាយ៉ាងណា ហានិភ័យមួយក្នុងចំណោមហានិភ័យដែលបានលើកឡើងនៅក្នុងបទ​អត្ថាធិប្បាយរបស់លោក អាម៉ូដេ គឺ​លទ្ធភាព​នៃ​បណ្តុំ​កម្មវិធីកុំព្យូទ័រ ដែល​​​ធ្វើ​ការ​ដោយស្វ័យ​ប្រវត្តិនោះ ​​អាចដំណើរការរួមគ្នាប្រៀបដូចជាកុំព្យូទ័រដ៏មានអានុភាពខ្លាំងក្លាមួយ​ ដែល​អាចគ្រប់គ្រងបណ្តាញអ៊ីនធឺណិតបាន។

ដោយ​​លោក ខកសិន លើកឡើងថា ស្ថានភាពបែបនេះអាចនឹងក្លាយជាការពិតក្នុងរយៈ​ពេលពី ៦ ខែទៅមួយឆ្នាំទៀត​។

ដើម្បីឆ្លើយតបទៅនឹងការចាកចេញរបស់លោក ខកសិន​ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Anthropic បានប្រាប់បណ្តាញ​ព័ត៌​មាន​ BBC ថា ក្រុមហ៊ុន​របស់​លោក​តែងតែបង្ហាញ​​តម្លា​ភាព​ថា បច្ចេកវិទ្យា AI នឹងនាំមកនូវទាំងអត្ថប្រយោជន៍​ដ៏មហាសាល និងហានិភ័យដែលមិនធ្លាប់មានពីមុនមកផងដែរ​។

អ្នក​នាំពាក្យ​រូបនេះ ​បន្តថា ដើម្បីដោះស្រាយហានិភ័យទាំងនេះ ក្រុមហ៊ុន​បន្តបង្កើតគំរូផ្សេងៗ ដោយមានវិធានការការពារដ៏រឹងមាំបំផុតមួយចំនួននៅក្នុងវិស័យនេះ ហើយ​​​ថា ក្រុមហ៊ុនរបស់​លោក គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការសិក្សា​អំពីរបៀបដែលគំរូ AI ដំណើរការ។  លើសពីនេះទៅទៀត ​ក្រុមហ៊ុន Anthropic គឺជាស្ថាប័នដំ​បូងគេ ដែល​បាន​ចេញផ្សាយក្របខ័ណ្ឌសម្រាប់កាត់បន្ថយហានិភ័យ ដែលកើតចេញពីការអភិវឌ្ឍបច្ចេកវិទ្យានេះ និង​បានធ្វើតេស្ត​គំរូយ៉ាងម៉ត់ចត់ និងផ្សព្វផ្សាយលទ្ធផលទាំងនោះ ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យ និងទប់ស្កាត់បញ្ហានៃ​ភាព​មិនស្របគ្នានៃគោលដៅរបស់ AI ផងដែរ​៕​

អត្ថបទប្រែសម្រួល​ដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង