ក្រុមហ៊ុន OpenAI ផ្អាកការចាប់ផ្តើមលក់ភាគហ៊ុនដំបូងជាសាធារណៈ ដោយសារកង្វល់អំពីហានិភ័យបង្កឡើងដោយ AI
លោក សាម អាល់មែន (Sam Altman) នាយកប្រតិបត្តិក្រុមហ៊ុន OpenAI បានថ្លែងនៅថ្ងៃសៅរ៍ថា ក្រុមហ៊ុន OpenAI នឹងមិនចាប់ផ្តើមលក់ភាគហ៊ុនដំបូងជាសាធារណៈនៅឆ្នាំ២០២៦ នេះទេ ដោយសារតែមានកង្វល់អំពីសុវត្ថិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) ដោយលោកអះអាងថា លទ្ធភាពនៃហានីភ័យត្រឹមតែ ១០% ដែលថា AI អាចបង្កវិនាសកម្មដល់មនុស្សជាតិ នៅត្រឹមដំណាច់ទសវត្សរ៍នេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីព្រឹកថ្ងៃអាទិត្យនេះ។
ការអះអាងរបស់លោក ធ្វើឡើងស្របពេលដែលសមាជិកសភាអាមេរិកកាន់តែច្រើនឡើងកំពុងជំរុញឱ្យមានការដាក់ចេញនូវវិធានថ្មីៗ ដើម្បីគ្រប់គ្រងប្រព័ន្ធ AI បន្ទាប់ពីមានការព្រមានដ៏គួរឱ្យភ័យខ្លាច ពីអ្នកស្រាវជ្រាវពីររូបមកពីក្រុមហ៊ុនអែនស្រូភិក (Anthropic) ដែលជាគូប្រជែងរបស់ក្រុមហ៊ុន OpenAI បង្ហើបថា បច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ អាចនាំទៅរកការសាបសូន្យនៃមនុស្សជាតិនៅពេលអនាគតដ៏ខ្លីខាងមុខ។
លោក អាល់មែន បានប្រាប់ទស្សនាវដ្ដីហ្វតធ្យូន (Fortune) ថា ដោយសារតែបញ្ហាផ្សងៗ ដែលកំពុងកើតឡើងពាក់ព័ន្ធនឹងសុវត្ថិភាព ពេលនេះមិនមែនជាពេលវេលាដ៏ស័ក្តិសម ក្នុងការដែលក្រុមហ៊ុនរបស់លោកហក់ចូលទីផ្សារភាគហ៊ុននោះទេ។
ទោះបីជាយ៉ាងណា នៅពេលត្រូវបានសួរថា តើ AI ពិតជាមានលទ្ធភាពត្រឹម ១០% ដែលអាចបង្កវិនាសកម្មដល់មនុស្សជាតិមែនឬយ៉ាងណានោះ លោកបាននិយាយថា លោកមិនដឹងថា គេធ្វើការប៉ាន់ប្រមាណតាមរបៀបណានោះទេ ប៉ុន្តែលោកបានព្រមានថា ហានិភ័យនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់ ហើយថា ក្រុមហ៊ុន AI និងរដ្ឋាភិបាលនានា មិនគួរព្រងើយកន្តើយនឹងរឿងនេះឡើយ។
លោក អាល់មែន បានបន្ថែមថា មិនថា ហានិភ័យមានត្រឹម ១០ភាគរយ ឬ ៨ភាគរយ ឬ ៦ភាគរយ នោះទេ អ្វីដែលសំខាន់ គឺគ្រប់គ្នាមានការទទួលខុសត្រូវដ៏ធំធេង ហើយគេមិនគួរមានអំណួត ឬចង់បានតែប្រាក់ចំណេញ ហើយបណ្តោយឱ្យអ្វីផ្សេងៗទៀតមកបង្អាក់ការងារការពារសុវត្ថិភាពប្រជាពលរដ្ឋនោះទេ ហើយត្រូវចាត់វិធានការដើម្បីធានាថា គ្រប់គ្នាមិនប្រឈមនឹងហានិភ័យទាំងនោះ ដោយលោកមានជំនឿថា គ្រប់គ្នាអាចធ្វើបាន។
ជុំវិញបញ្ហានេះដែរ អ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យមានវិធានការបន្ថែមទៀត បន្ទាប់ពីមានករណី ដែលប្រព័ន្ធសូហ៊្វែរ AI បានដំណើរការហួសពីដែនកំណត់របស់ខ្លួនរហូតដល់លួចចូលប្រព័ន្ធកុំព្យូទ័រខាងក្រៅ និងករណី ដែលអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព AI បានលាលែងពីការងារនៅក្រុមហ៊ុនរបស់ពួកគេ ដោយសារតែបារម្ភអំពីហានិភ័យនៃបច្ចេកវិទ្យានេះ។
កាលពីខែមិថុនា កាសែតញ៉ូវយ៉កថាមស៍ (New York Times) បានរាយការណ៍ថា ក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco កំពុងពិចារណាថា តើគួរពន្យារពេលរហូតដល់ឆ្នាំក្រោយឬយ៉ាងណា ចំពោះការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលអាចមានតម្លៃរហូតដល់ទៅមួយពាន់ពាន់លានដុល្លារនោះ។
នៅពេលនោះដែរ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Space X របស់លោក អេឡិន ម៉ាស( Elon Musk) កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការកើនឡើងយ៉ាងគំហុក ដែលបានរុញច្រានតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឱ្យឡើងដល់ ១,៨ ពាន់ពាន់លានដុល្លារ។
បើតាមទស្សនាវដ្តី Fortune លោក អាល់មែន បានអះអាងផងដែរថា ក្រុមហ៊ុនOpenAI និងក្រុមហ៊ុន AI ឈានមុខគេផ្សេងទៀត អាចនឹងជិតឈានដល់ការប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបន្ថយល្បឿននៃការអភិវឌ្ឍ AI ហើយសហការគ្នាដោះស្រាយហានិភ័យផ្នែកសុវត្ថិភាព។
ជុំវិញសុវត្ថិភាព AI នេះដែរ កាលពីថ្ងៃសៅរ៍ លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) នាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានទទូចឱ្យក្រុមហ៊ុននានាដែលអភិវឌ្ឍន៍បច្ចេកវិទ្យា AI អនុវត្តវិធីសាស្ត្រ ដែលមានការគិតគូរល្អិតល្អន់ និងប្រុងប្រយ័ត្នជាងមុននៅក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួន។
លោក អាម៉ូដេ បានសរសេរនៅលើបណ្តាញសង្គម X ថា គ្រប់គ្នាត្រូវបន្ថយល្បឿននៃការបង្កើនសមត្ថភាពគំរូ AI។
ជុំវិញការលើកឡើងរបស់លោក អាម៉ូដេ នេះ លោក អាល់មែន ក៏បានបង្ហោះសារយល់ស្របនឹងទស្សនៈនេះដែរ ដោយលោកអះអាងថា គ្រប់គ្នាចាំបាច់ត្រូវកំណត់ល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យាឈានមុខគេនេះ ហើយថា នេះគឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា ដែលក្រុមហ៊ុន OpenAI របស់លោកបានធ្វើកាលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទោះបីជាយ៉ាងណា ក្តីបារម្ភអំពីសុវត្ថិភាពនេះ មិនបានធ្វើឱ្យផែនការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន Anthropic មានភាពយឺតយ៉ាវនោះទេ។
ប្រភពដែលស្និទ្ធនឹងរឿងនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅខែនេះថា ក្រុមហ៊ុន Anthropic ត្រូវគេរំពឹងថា នឹងចាប់ផ្តើមផ្សព្វផ្សាយអំពីការលក់ភាគហ៊ុនរបស់ខ្លួននៅពាក់កណ្តាលខែតុលា យ៉ាងឆាប់បំផុត និងបញ្ចប់ការចុះបញ្ជីភាគហ៊ុននៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

