អារ៉ាប៊ីសាអូឌីតបិទបំពង់បង្ហូរប្រេង ខណៈក្រុមហ៊ូទីពង្រឹងការកាន់កាប់ច្រកដឹកជញ្ជូននៅសមុទ្រក្រហម
ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបិទបំពង់បង្ហូរប្រេងអ៊ីសវ៉េស (East-West) របស់ខ្លួន បន្ទាប់ពីបំពង់បង្ហូរប្រេងដ៏សំខាន់នេះ រងការវាយប្រហារតាមផ្លូវអាកាស ខណៈជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងតែរីករាលដាល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃសៅរ៍នេះ។
ប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបិទបំពង់បង្ហូរប្រេងជាបណ្ដោះអាសន្ន បន្ទាប់ពីមានការវាយប្រហារដោយដ្រូន ដែលទីក្រុងបាកដាដ និងទីក្រុងរីយ៉ាដ បានអះអាងថា មានប្រភពចេញពីប្រទេសអ៊ីរ៉ាក់ ជាទីដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ កំពុងប្រតិបត្តិការ។ ជុំវិញបញ្ហានេះដែរ ប្រទេសអ៊ីរ៉ាក់បានដកមេបញ្ជាការយោធាម្នាក់ចេញពីតំណែងកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។
បំពង់បង្ហូរប្រេងដែលមានប្រវែង ១.២០០ គីឡូម៉ែត្រ (៧៤៥ ម៉ាយ) ដែលលាតសន្ធឹងកាត់ឧបទ្វីបអារ៉ាប់ បានជួយឱ្យប្រទេសអារ៉ាប៊ីសាអូឌីតអាចជៀសផុតពីការកកស្ទះ នៃការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស ទីដែលចរាចរណ៍នាវាដឹកប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។
ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ខ្លួនបានបិទបំពង់បង្ហូរប្រេងនេះ ជាវិធានការបង្ការ ហើយបើយោងតាមក្រុមហ៊ុនតាមដានការដឹកជញ្ជូន និងក្រុមអ្នកវិភាគបានឱ្យដឹងថា បំពង់បង្ហូរប្រេងនេះបានបញ្ជូនប្រេងក្នុងបរិមាណពី ៤ ទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលស្មើនឹង ៤% ទៅ ៥% នៃការផ្គត់ផ្គង់ប្រេងសកល។
គួរកត់សម្គាល់ថា ការវាយប្រហារលើបំពង់បង្ហូរប្រេងនេះ បានកើតឡើងនៅពេលដែលក្រុមឧទ្ទាមហ៊ូទីដែលមូលដ្ឋាននៅប្រទេសយេម៉ែន និងមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ កំពុងពង្រឹងការកាន់កាប់របស់ខ្លួននៅច្រកសមុទ្រក្រហម។ សកម្មភាពនេះ បូករួមជាមួយនឹងការរំខានចំពោះការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស បានបណ្តាលឱ្យការផ្គត់ផ្គង់ថាមពលធ្លាក់ចុះនៅផ្នែកសងខាងនៃឧបទ្វីបអារ៉ាប់ និងបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាថ្មីទៀត។
ប្រភពព័ត៌មាន៤រូបពីរដ្ឋាភិបាលយេម៉ែន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ូទីបានចូលកាន់កាប់កោះភើរីម (Perim) ជាទីតាំងយុទ្ធសាស្ត្រ នៃច្រកសមុទ្របាបអ៊ែលម៉ានដេប (Bab el-Mandeb) កាលពីថ្ងៃសុក្រ។
បើតាមសេចក្តីរាយការណ៍ថា មានការវាយប្រហារចំនួនពីរលើកកាលពីថ្ងៃសុក្រ គឺការវាយប្រហារលើបំពង់បង្ហូរប្រេង និងលើកោះភើរីម។ ការវាយប្រហារទាំងពីរលើកនេះ អាចបង្ហាញពីការកើនឡើង នៃភាពតានតឹងដ៏គ្រោះថ្នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមកំពុងជាប់គាំង។
ប្រភពជាច្រើនបានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានស្នើសុំជំនួយផ្នែកយោធាពីទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហាជាមួយក្រុមហ៊ូទី ចំពេលដែលការឡើងថ្លៃប្រេងឥន្ធនៈ អំឡុងពេលសង្គ្រាម បានបង្កផលប៉ះពាល់ផ្នែកនយោបាយរួចទៅហើយសម្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោក មុនការបោះឆ្នោតសភាដែលនឹងមកដល់នៅខែវិច្ឆិកា។
ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា បំពង់បង្ហូរប្រេងអ៊ីសវ៉េសបានរងការវាយប្រហារកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្រុងរីយ៉ាដ (Riyadh) និងម៉េឌីណា (Medina) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗថា តើភាគីណាមួយជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះទេ។ រូបភាពពីផ្កាយរណបបានបង្ហាញពីផ្សែងខ្មៅហុយឡើងលើពីផ្នែកមួយ នៃបំពង់បង្ហូរប្រេងនៅភាគខាងត្បូងទីក្រុងម៉េឌីណា។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានអះអាងថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាត និងអ្នករងរបួសមួយចំនួន ហើយថា វាស្ថិតក្នុងដំណាក់កាលវាយតម្លៃនៅឡើយ ដោយលោកមិនបានបញ្ជាក់លម្អិតអំពីផលប៉ះពាល់លើការនាំចេញនោះទេ។
យោងតាមសេចក្តីថ្លែងការណ៍ពីខុទ្ធកាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា មេបញ្ជាការយោធាអ៊ីរ៉ាក់ដែលត្រូវបានដកតំណែងរូបនេះ ធ្លាប់បានដឹកនាំប្រតិបត្តិការជាច្រើននៅខេត្តម៉េសាន (Maysan) ។ ខេត្តម៉េសាន មានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់ ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាតំបន់មួយ ដែលក្រុមជីវពលនិកាយស៊ីអ៊ីត (Shi’ite) គាំទ្រដោយអ៊ីរ៉ង់ ធ្វើសកម្មភាព និងរក្សាឥទ្ធិពលរបស់ខ្លួន។
ទន្ទឹមគ្នានេះដែរ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍មួយថា រហូតមកទល់ពេលនេះ អារ៉ាប៊ីសាអូឌីតសម្រេចចិត្តមិនធ្វើការសងសឹកឡើយ ដោយសារមានសំណើពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ប៉ុន្តែបានបញ្ជាក់បន្ថែមថា អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ រដ្ឋាភិបាលអ៊ីរ៉ាក់ក៏បានថ្កោលទោសចំពោះការវាយប្រហារទាំងនេះផងដែរ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការផ្គត់ផ្គង់ប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍មកនេះ ដែលមួយផ្នែកបណ្តាលមកពីការវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមហ៊ូទី (Houthi) មកលើនាវាដឹកប្រេង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាបអ៊ែលម៉ានដេប (Bab el-Mandeb)៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូន

