តម្លៃប្រេងឆៅធ្លាក់ចុះបន្តិច ខណៈតម្លៃប្រេងម៉ាស៊ូតនៅអាមេរិកឡើងខ្ពស់បំផុតមិនធ្លាប់មាន

តម្លៃប្រេង​បាន​ធ្លាក់​ចុះបន្តិចកាល​ពី​ថ្ងៃសុក្រ ប៉ុន្តែនៅតែរក្សា​​តម្លៃ​លើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ​រហូត​ដល់​ដាច់​សប្តាហ៍នេះ​ ជាលើកដំបូងហើយ​ ចាប់តាំងពី​ពា​ក់ក​ណ្តាល​ខែឧ​សភាមក ខណៈ​តម្លៃ​ប្រេង​ម៉ាស៊ូត​នៅស​ហរដ្ឋ​អាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត​មិន​ធ្លាប់​មាន។​

ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ ការវាយប្រ​ហារតាមផ្លូវដឹកជញ្ជូនសំខាន់ៗក្នុងតំបន់មជ្ឈិមបូព៌ា ធ្វើ​ឱ្យ​មាន​ក្តីបារម្ភកាន់តែខ្លាំង​អំពីការរំខានដល់ការផ្គត់ផ្គង់ក្នុងរយៈពេលវែង​។ នេះបើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ​កាល​ពីព្រឹក​ថ្ងៃសុក្រ​។​

គិត​ត្រឹម​ម៉ោង ០៧:៥៨ ម៉ោងសកល តម្លៃប្រេងឆៅបានធ្លាក់ចុះ ១,៦៥ដុល្លារ ឬ ១,៥៣ % មកនៅត្រឹម ១០៥,៩៨​ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅ វ៉េសតិចសាស អ៊ីនធើមីឌាត (West Texas Intermediate)​ របស់សហរដ្ឋ​អាមេរិកវិញ បានធ្លាក់ចុះ ១,៣៦ដុល្លារ ឬ ១,៣៣% មកនៅត្រឹម ១០១,១២ដុល្លារ ក្នុងមួយបារ៉ែល។

សន្ទស្សន៍ទីផ្សារសំខាន់ៗបានទម្លាក់​​​ការតំឡើង​ថ្លៃ​ពី​​ដំបូងទាំង​អស់របស់ខ្លួន​​មកលក់​​ក្នុង​តម្លៃ​ថោក​ជាងមុនបន្តិច​​ បន្ទាប់ពីកាសែត ហ្វាញណានសលថាមស៍ (Financial Times) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនៅតំបន់​មជ្ឈិមបូព៌ាកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីរៀបចំ​ការដឹកជញ្ជូនប្រេង​តាមច្រកសមុទ្រ​ហ័រមូស។

សន្ទស្សន៍តម្លៃប្រេងយោងទាំងពីរ បានកើនឡើងជាង ៦% កាលពីថ្ងៃព្រហស្បតិ៍ និងនៅតែបន្តលក់​ចេញក្នុងកម្រិត​ខ្ពស់ជាង ១០% បើគិតជាទំហំ​ទឹកប្រាក់ប្រចាំសប្តាហ៍។

លោក ជីអូវ៉ានី ស្តូណូវូ (Giovanni Staunovo) អ្នកវិភាគផ្នែកថាមពលរបស់ធនាគារ UBS បានមានប្រសាសន៍ថា ព័ត៌មានអំពីលទ្ធភាពនៃការចរចាថ្មីៗនៅក្នុងតំបន់មជ្ឈិ ម​បូព៌ា មាន​ឥទ្ធិពលបន្តិចបន្តួច​ទៅលើតម្លៃប្រេងនៅថ្ងៃនេះ។ លោកបានបន្ថែមថា លោក​នៅតែមើលឃើញពី​ហានិភ័យនៃ​តម្លៃប្រេងដែល​អាចនឹងកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ​ ប៉ុន្តែរំពឹង​​ផងដែរថា តម្លៃខ្ពស់​នេះ​នឹង​ប្រែប្រួល​ជាបន្តបន្ទាប់​។

ប្រទេសអ៊ីរ៉ង់​បានប្រកាសថា ខ្លួនបានវាយប្រហារនាវាចំនួន ១០គ្រឿងនៅក្បែរច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់​ចំនួន ៥ គ្រឿង។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់​បានបញ្ជាក់ថា ខ្លួននឹងបង្កើនកម្រិតនៃការឆ្លើយតប​ចំពោះរាល់ការវាយប្រហារបន្ថែមទៀត​​ណាមួយ​។

ទិន្នន័យបឋមនៃការតាមដាននាវាចរណ៍​ដែលចេញផ្សាយនៅថ្ងៃសុក្រ បានបង្ហាញថា ចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសបានធ្លាក់ចុះមកនៅត្រឹម ៧ គ្រឿ​ងកាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹង ១១គ្រឿងនៅថ្ងៃពុធ​ ដែលចំនួននេះគឺទាបជាងកម្រិតមធ្យមក្នុងរយៈពេល១០ថ្ងៃកន្លងមក ដែលមានដល់​ ១៥គ្រឿង​។

ច្រកសមុទ្រហ័រមូសធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រចាំថ្ងៃ ដែល​ស្មើ​នឹង​ប្រ​ហែល​មួយភាគប្រាំនៃបរិមាណផ្គត់ផ្គង់សរុបលើ​ពិភពលោក មុនពេលសង្គ្រាមនៅអ៊ីរ៉ង់​បានផ្ទុះឡើងកាល​ពី​ចុងខែកុម្ភៈ។

ដោយឡែក​ថ្មីៗនេះ ក្រុមហ៊ូទី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានចូលកាន់កាប់កំពង់ផែម៉ូកា​របស់ប្រទេស​​យេម៉ែន​កាល​ពី​ថ្ងៃព្រហស្បតិ៍ ដោយ​បង្កការគំរាមកំហែងបន្ថែមទៀតដល់ការធ្វើដំណើរតាម​សមុទ្រក្រហម ស្របពេល​ដែលការធ្វើដំណើរតាម​ច្រកសមុទ្រហ័រមូស​នៅតែស្ថិតក្រោមការរឹតត្បិត ដោយសារតែមាន​ការ​កើន​ឡើង​នៃ​ការវាយប្រហារលើនាវាដឹកប្រេងនៅក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ​នេះ។

ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​អ្នកវិភាគបាន​លើកឡើងថា ការវាយប្រហារចេញ​ពីប្រទេសយេម៉ែនទៅលើហេដ្ឋារចនា​សម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត បានបង្ហាញពីការកើនឡើងនៃភាពតាន​តឹងដែលឆ្លង​ហួសពីបញ្ហា​សង្គ្រាម​​ប្រទេសអ៊ីរ៉ង់ និងច្រកសមុទ្រហ័រមូស ហើយ​បញ្ហា​នេះ ធ្វើ​ឱ្យមានការបារម្ភអំពីការរំខានរយៈពេលវែង​នៅក្នុងតំបន់ទាំងមូល។

ជាងនេះទៅទៀត​ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការផ្គត់ផ្គង់ និងតម្រូវការប្រេងសកលនឹងធ្លាក់ចុះខ្លាំងជាងការរំពឹងទុកកន្លងមក​នៅឆ្នាំនេះ ដោយសារតែគ្មាន​វឌ្ឍនភាពក្នុងការបញ្ចប់ជម្លោះជាមួយ​ប្រទេស​អ៊ីរ៉ង់ ហើយ​បញ្ហា​នេះ នឹង​ធ្វើឱ្យការវិលត្រឡប់ទៅរកស្ថានភាពធម្មតានៃការដឹកជញ្ជូនប្រេងពីតំបន់មជ្ឈិមបូព៌ា ត្រូវ​អូសបន្លាយ​ពេល​រហូតដល់ឆ្នាំ២០២៧៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង