លោក ពូទីន ចូលរួមកិច្ចប្រជុំកំពូល BRICS នៅឥណ្ឌា ខណៈរំពឹងថានឹងមានការជជែកពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់និងអ៊ុយក្រែន
លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានធ្វើដំណើរមកដល់រដ្ឋធានីញូវដេលី (New Delhi) របស់ប្រទេសឥណ្ឌារួចហើយ នៅមុនកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) ដែលមានសមាជិកចំនួន១១ ប្រទេស ហើយគេរំពឹងថា ប្រធានបទស្តីពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែននឹងគ្រប់ដណ្តប់នៅក្នុងកិច្ចប្រជុំកំពូលនេះ រួមទាំងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចផ្សេងៗមួយចំនួនទៀត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអន្តរជាតិអាល់ចាហ្ស៊ីរ៉ា នៅថ្ងៃសុក្រនេះ។
ប្រធានាធិបតីរុស្ស៊ី និងសមភាគីអ៊ីរ៉ង់ គឺលោក ម៉ាសូដ ផេហ្សេសឃីយ៉ាន (Masoud Pezeshkian) គ្រោងជួបចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ខណៈដែលមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ក៏ត្រូវគេរំពឹងថា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះផងដែរ។
យោងតាមរូបភាពវីដេអូផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី រីយ៉ា ណូវ៉ូស្ទី (Ria Novosti) បានឱ្យដឹងថា លោក ពូទីន បានមកដល់ស្ថានីយទ័ពអាកាសប៉ាឡាំ (Palam) ក្នុងទីក្រុងដេលី (Delhi) ទីដែលលោកត្រូវបានទទួលស្វាគមន៍ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក គីទី វ៉ាដាន់ ស៊ីង (Kirti Vardhan Singh)។
កិច្ចប្រជុំកំពូលនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ជីនពីង (Xi Jinping) មកកាន់ប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៩ មក។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានដ៏ធំមួយ ក្នុងការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងវិញ តាមរូបភាពប្រុងប្រយ័ត្នមួយ រវាងប្រទេសជិតខាងជាគូប្រជែងទាំងពីរ ដែលមានន័យថា រយៈពេល ៦ ឆ្នាំក្រោយពីយោធានៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នាបណ្តាលឱ្យមានការបាត់បង់ជីវិត ដោយសារវិវាទនៅតាមព្រំដែនជួរភ្នំហិម៉ាឡៃយ៉ា។
ទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា បាននឹងកំពុងវិលត្រឡប់មករកភាពកក់ក្តៅជាថ្មីម្តងទៀតនាពេលថ្មីៗនេះ តាមរយៈការស្តារឡើងវិញបន្តិចម្តងៗនូវជើងហោះហើរ ការផ្តល់ទិដ្ឋាការ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំកម្រិតខ្ពស់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភាពមិនទុកចិត្តគ្នាដ៏ជ្រាលជ្រៅនៅតែបន្តកើតមាន ហើយវិវាទព្រំដែន ការកើនឡើងនូវឱនភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ បន្តធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញដដែល។
កិច្ចប្រជុំប្រ៊ីកស៍ (BRICS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្នុងនាមជាវេទិកាមួយសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង ដែលស្វែងរកឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងស្ថាប័ននានា ដែលត្រូវបានគ្របដណ្តប់ដោយអំណាចលោកខាងលិច។
ចាប់តាំងពីពេលនោះមក ជំនួបកំពូលប៊្រីកស៍នេះ បានពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងវត្តមានសមាជិកថ្មី ហើយបច្ចុប្បន្នមានរួមទាំងប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ។ ប្រទេសទាំងបីនេះ មានគោលជំហរខុសគ្នាយ៉ាងខ្លាំងចំពោះសង្គ្រាមដែលបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីខែកុម្ភៈ។
លោក ហាស វី ផានធ៍ (Harsh V Pant) មកពីស្ថាប័នអង្កេតនិងស្រាវជ្រាវរបស់ប្រទេសឥណ្ឌា បាននិយាយថា ជម្លោះនៅតំបន់ឈូងសមុទ្រនឹងក្លាយជាប្រធានបទរសើបនិងចម្បងនៅក្នុងកិច្ចប្រជុំកំពូលប៊្រីកស៍លើកនេះ។ លោកបន្តថា អ្វីដែលគេមើលឃើញថា ជាសមិទ្ធផលកាលពីឆ្នាំមុន ពោលគឺការពង្រីកសមាជិកភាពរបស់ BRICS នោះ នៅពេលនេះហាក់ដូចជាកំពុងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់សមាជិកនៃជំនួបកំពូល BRICS ទៅវិញ។
ព្រឹត្តិការណ៍នេះ ក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ផេហ្សេសឃីយ៉ាន ទៅកាន់ប្រទេសឥណ្ឌាក្នុងនាមជាប្រធានាធិបតីអ៊ីរ៉ង់ផងដែរ ហើយជម្លោះនៅមជ្ឈិមបូព៌ានឹងត្រូវបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ។
ស្របពេលជាមួយគ្នានេះដែរ ឥណ្ឌាបានព្យាយាមរក្សាទំនាក់ទំនងដ៏ល្អជាមួយអ៊ីរ៉ង់ និងអ៊ីស្រាអែល ប៉ុន្តែក៏មានការប្រុងប្រយ័ត្នផងដែរក្នុងការរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។
ប្រទេសឥណ្ឌាបានដោះស្រាយវិបត្តិថាមពលរបស់ខ្លួន ដែលបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់ ដោយមួយផ្នែកបានងាកទៅរកប្រទេសរុស្ស៊ី ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ខ្លួន និងជាអ្នកផ្គត់ផ្គង់ឥន្ធនៈដ៏ចម្រូងចម្រាសបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសង្គ្រាមជាមួយអ៊ុយក្រែននៅតែបន្តអូសបន្លាយ។
គួររំលឹកផងដែរថា លោក ពូទីន បានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែលោកក៏ធ្លាប់បានជួបជាមួយលោក ណារិនដ្រា ម៉ូឌី នៅទីក្រុងប៊ីស្កេក (Bishkek) ដែលជារដ្ឋធានីរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន នៅក្នុងខែនេះផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

