ការកាន់កាប់កំពង់ផែសំខាន់របស់យេម៉ែនដោយក្រុមហ៊ូទី គំរាមដល់ការផ្គត់ផ្គង់ប្រេងសកល

ប្រភពយោធា​ ​បានឱ្យដឹងថា ក្រុមសកម្មប្រ​យុទ្ធហ៊ូទី ដែលគាំទ្រដោយប្រទេស​អ៊ីរ៉ង់ បានចូលកាន់​កាប់ទីក្រុងកំពង់​​ផែម៉ូកា​ របស់ប្រ​ទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ការផ្គត់​ផ្គង់​ប្រេងសកល​ ដែល​ហេតុការណ៍​នេះ កើត​ឡើង​ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់​ ត្រាំ បាន​បង្ហាញ​ក្តី​រំពឹងថា សង្គ្រាមនឹងបញ្ចប់ទៅវិញ បន្ទាប់ពីការបោះឆ្នោតពាក់​កណ្តាលអាណត្តិ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រកាល​ពីថ្ងៃព្រហស្បតិ៍​។​

មន្ត្រីយោធារដ្ឋាភិបាលយេម៉ែនចំនួនបួនរូប បានអះអាង​ថា ក្រុមសកម្មប្រយុទ្ធ​ហ៊ូទីមាន​ប្រៀប​ កាន់​​តែខ្លាំងឡើង​លើ​​ច្រក​​សមុទ្របាបអ៊ែលម៉ានដេប (Bab el-Mandeb) ដែលជាច្រកដឹកជញ្ជូន​​​ភាគខាងត្បូង ​នៃ​សមុទ្រក្រហម និងជា​ផ្លូវ​នាវាចរណ៍ដ៏សំខាន់បំផុតមួយក្នុងចំណោម​ផ្លូវ​នាវាចរណ៍​​សំខាន់​ៗបំផុត​ក្នុង​​ពិភពលោក ហើ​យ​ពួកគេ​​កំពុងធ្វើ​ការ​វាយលុកលើកោះយុទ្ធសាស្ត្រហានីស​ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានចូលពាក់​ព័ន្ធ​ក្នុងសង្គ្រាមពេលនេះ​ ដោយ​សហការ​ជាមួយ​​​​អ៊ីរ៉ង់ ធ្វើ​ការ​វាយ​ប្រហារលើប្រទេស​អ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែមីនា ប៉ុន្តែភាគច្រើន ក្រុម​នេះ​រក្សាភាពស្ងប់ស្ងាត់ មុនពេល​ប្រកាសបិទខ្ទប់ផ្លូវសមុទ្រ​ប្រឆាំងនឹងប្រទេស​អារ៉ាប៊ីសាអូឌីតកាល​ពី​ខែកក្កដា និងបានបង្កើនការវាយប្រហារលើភាគខាងត្បូងនៃរាជា​ណាចក្រ​​អារ៉ាប់​​នេះ​​កាល​ពី​ខែកញ្ញា។

សេចក្តីរាយការណ៍​ដដែលបន្តថា អារ៉ាប៊ីសាអូឌីត ជាប្រទេសនាំចេញប្រេងធំជាងគេបំផុតនៅលើពិភពលោក បាន​ពឹង​ផ្អែក​លើ​ច្រក​ដឹកជញ្ជូន​​សមុទ្រក្រហម ចាប់តាំងពីសង្គ្រាម​ជាមួយ​អ៊ីរ៉ង់បានបណ្តាល​ឱ្យ​មាន​ការ​បិទច្រកសមុទ្រ​ហ័រមូស​ ដែល​ពីមុនមក ច្រកនេះធ្លាប់ជាផ្លូវឆ្លងកាត់ដែល​ចំណែកមួយភាគប្រាំនៃការ​ដឹកជញ្ជូន​ប្រេងសកល។

ទីក្រុងរីយ៉ាដ និងទីក្រុងតេហេ​រ៉ង់ នៅតែជាគូប្រជែងក្នុងតំបន់ ហើយ​ការមិនទុកចិត្តគ្នាមាន​កាន់​​តែ​ខ្លាំងជាងមុន​​ផង​ដែរ ទោះបីជាមានការសម្របសម្រួលនិង​ការផ្សះ​ផ្សាទំនាក់ទំនងឡើងវិញពីសំណាក់ប្រទេសចិនក៏ដោយ។

ជាងនេះទៅទៀត ភាពតានតឹងនៅក្នុងតំបន់នេះ បាន​កើន​ឡើង​​ខ្លាំង​កាលពីថ្ងៃព្រហស្បតិ៍ ដោយ​អាជ្ញាធរការ​ពារ​ជន​​ស៊ីវិល​របស់ប្រទេសអារ៉ាប៊ីសាអូឌីតបាន​ជូនដំណឹងបន្ទាន់​នៅក្នុងទីក្រុងខាមី​ស មូសេត​ (Khamis Mushait) ជា​លើកទី​៤ ក្នុងរយៈពេល២៤ម៉ោង ខណៈដែលក្រុមហ៊ូទី បើក​ការវាយប្រហារ។

ប្រភពមួយចំនួន​ពី​អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបានបញ្ជូន​​សារព្រមានរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសអ៊ីរ៉ង់ ឱ្យទប់ស្កាត់ និងគ្រប់គ្រងក្រុមឧទ្ទាមហ៊ូទី ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងមិនឱ្យវិបត្តិនេះ​បន្តរាលដាល​កាន់តែធ្ងន់ធ្ងរឡើង។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានទទួល​ស្គាល់​ថា ប៉ាគីស្ថានពិត​ជា​បានបញ្ជូនសារនោះទៅកាន់ទីក្រុងតេហេ​រ៉ង់កាល​ពីថ្ងៃអង្គារមែន​ ហើយការឆ្លើយតបរបស់អ៊ីរ៉ង់គឺថា ​អ៊ីរ៉ង់មិនបានគ្រប់គ្រងលើក្រុមហ៊ូទីនោះទេ។

គួរកត់សម្គាល់ថា ជម្លោះដែលកំពុងតែកើនឡើងនៅក្នុងប្រទេសយេម៉ែន រវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ជា​សម្ព័ន្ធមិត្តរបស់ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​​មានការ​គាំទ្រពី​អន្តរជាតិ និងក្រុម​​សកម្ម​ប្រយុទ្ធ​ហ៊ូទី គឺកើតឡើងស្រប​ពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបើកការ​វាយបក​សងសឹកគ្នាទៅវិញទៅមក​ក្នុង​ទ្រុង​ទ្រាយ​ធំ​ ​ទៅ​លើ​ការ​​ដឹក​ជញ្ជូន​​តាម​ផ្លូវ​សមុទ្រ​ក្នុងតំបន់​ឈូងសមុទ្រ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាល​ពី​ខែកុម្ភៈ។

ជាថ្មីម្តង​ទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក បានគំរាមថា នឹងវាយប្រហារលើទីតាំង ដែលពាក់​ព័ន្ធនឹងកម្មវិធី​នុយ​ក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយ​នេះ។

ស្រប​ពេលដែល​ស្ថានភាព​ប្រឈម​មុខដាក់គ្នាកាន់តែឡើងកម្តៅ តម្លៃប្រេងឆៅបានហក់​ឡើងលើសពី​ ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈផ្លូវ​ដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស​ និងសមុទ្រក្រហម នៅតែបន្តរងការរំខានយ៉ាងខ្លាំងក្លា​នៅឡើយ​។

គួររំលឹក​ផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយោធាលើប្រ​ទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ដែល​មួយ​ផ្នែកកើត​ឡើង​ដោយសារតែការព្រួយបារម្ភជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេ​អេរ៉ង់។ ទោះបីជា​យ៉ាង​ណា អ៊ីរ៉ង់បានអះអាងថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន គឺក្នុង​គោលបំណងសន្តិភាពប៉ុណ្ណោះ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីភាពជោគជ័យរបស់​ខ្លួន​ក្នុងការ​ពារ​សុវត្ថិ​ភាព​​​នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស​ ជាច្រកដឹកជញ្ជូនមួយ​​ដែល​​មាន​ចំណែក​មួយភាគប្រាំនៃចរាចរណ៍​ផ្គត់​​ផ្គង់​​ប្រេងសកលមុនពេលសង្គ្រាមផ្ទុះឡើង​។ ប៉ុន្តែ​ការផ្ទុះឡើងវិញនៃ​ការ​ប្រយុទ្ធគ្នា​នៅខែនេះ ទំនង​បង្កជា​​ឧបសគ្គ​​ចំពោះ​ការព្យាយាម​បើកច្រក​ឡើងវិញជាបណ្តើរៗ​នេះ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច​ សូនី

អត្ថបទដែលជាប់ទាក់ទង