អ៊ីរ៉ង់បើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី និងនាវាចម្បាំងជិតច្រកសមុទ្រហ័រមូស

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​សំដៅលើមូលដ្ឋានទ័ព​មួយ ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិក​នៅ​ក្នុងប្រទេសហ្ស៊កដានី និងបាន​បើកការវាយប្រហារលើនាវាចំនួន​ ១០គ្រឿង កាលពីថ្ងៃពុធ បន្ទាប់ពីសហរដ្ឋអាមេរិកអះ​អាង​​ថា ខ្លួនបានបំផ្លាញនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥គ្រឿង ក្នុង​ស្ថានភាពនៃការឡើងកម្តៅខ្លាំងនៃសង្គ្រាមដែលមានរយៈពេល ៦ខែមកនេះ។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ កាលពីថ្ងៃពុធ​ ទី៩ ខែកញ្ញា​។​

ការកើនឡើងនូវការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើ​ឱ្យ​ខូច​ដល់​ភាពស្ងប់​ស្ងាត់ក្នុងរយៈពេលមួយខែមកនេះ ដោយការ​វាយប្រហារនេះ​ផ្តោត​គោលដៅលើទ្រព្យសម្បត្តិ​យោធា នាវាទឹកទំនិញ​ និងកន្លែង​ផលិត​ថាមពល ហើយ​ការណ៍​នេះ បានធ្វើឱ្យតម្លៃប្រេង​​ឆៅហក់​ឡើងខ្ពស់ និងបាន​ទាញឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់​ចូលរួមពាក់ព័ន្ធផង​ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុង​ក្រោយ​នេះ។

អាមេរិក បានបញ្ជាក់ថា ខ្លួនបានកម្ទេចនាវាដឹកប្រេងរបស់​អ៊ីរ៉ង់ចំនួន ៥គ្រឿង កាលពីថ្ងៃអង្គារ​។​​ បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ព​សហរដ្ឋអាមេរិក បានផ្សព្វផ្សាយវីដេអូនៃប្រតិបត្តិការវាយ​​ប្រហារនោះ ដោយខ្លួន​ចាត់ទុកថា ជាវិធានការឆ្លើយតបចំពោះការដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារចំនួនពីរលើក​ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតមកលើនាវាចម្បាំង​អាមេរិកក្នុងរយៈពេលពីរថ្ងៃមុន។​ ទោះបី​ជា​យ៉ាងណា សហរដ្ឋអាមេរិក បាន​អះអាងថា គ្មាន​បុគ្គលិកយោធាអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ​។​

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានប្រាប់អ្នកសារព័ត៌​មាន អំឡុង​ពេលបំពេញទស្សនកិច្ចនៅប្រទេសកូឡុំប៊ីថា អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ហើយរាល់ពេលដែលអ៊ីរ៉ង់​ធ្វើ ឬព្យាយាមធ្វើបែបនោះ ពួកគេនឹងត្រូវបាត់បង់នាវាដឹកប្រេងរបស់ខ្លួនជាមិនខាន។

យោងតាមសេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វ​​ផ្សាយរដ្ឋបានឱ្យ​ដឹង​ថា​ អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល ទៅលើមូលដ្ឋានទ័ពមួយ​កន្លែង ដែលត្រូវបានប្រើប្រាស់ដោយ​កង​ទ័ពសហរដ្ឋអាមេរិក នៅ​ក្បែរ​តំបន់អាល់-អស្ស្រាក់ (Al Azraq) ក្នុងប្រទេសហ្ស៊កដានី។

ទោះបីជាអ៊ីរ៉ង់​បានអះអាងថា មីស៊ីលរបស់ខ្លួនបានបង្កការខូចខាតយ៉ាងដំណាំក៏ដោយ ក៏ប្រ​ទេស​ហ្ស៊កដានីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់​​មីស៊ីលអ៊ីរ៉ង់ចំនួន ១៨គ្រាប់ ក្នុងចំណោម ២០គ្រាប់ ដោយមានមីស៊ីល ២គ្រាប់បាន​ធ្លាក់លើតំបន់គ្មានមនុស្សរស់នៅ និងគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។ មន្ត្រីសហរដ្ឋអាមេរិក​ម្នាក់​ ​បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងប្រទេស​ហ្ស៊ក​ដានី គឺ​គ្មានប្រ​សិទ្ធភាព​នោះទេ ហើយកងទ័ពអាមេរិកទាំងអស់មានសុវត្ថិភាព។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសតាំងពីថ្ងៃពុធថា ខ្លួនក៏បានបើកការវាយប្រហារលើនាវាចំនួន ១០គ្រឿង​ផងដែរ ដែលក្នុងនោះរួមមាននាវាសហរដ្ឋអាមេរិកចំនួន ២គ្រឿង និងនាវា​ដឹកប្រេងចំនួន ៨គ្រឿង ដែល​បានព្យាយាមបើកឆ្លង​កាត់តំបន់ “ហាមឃាត់ និងគ្មានសុវត្ថិភាព” នៃច្រកសមុទ្រហ័រមូស​ (Strait of Hormuz) ជាច្រក​ដឹក​ជញ្ជូន​ធនធានថាមពលដ៏សំខាន់មួយ​ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង ដោយសារតែការវាយប្រហាររបស់អ៊ីរ៉ង់។

ប្រទេសអ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំង​ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក​​ក្នុង​តំបន់ជាបន្តបន្ទាប់ អំឡុង​ពេលផ្ទុះ​សង្គ្រាមនេះ រួមទាំងការវាយប្រហារលើប្រទេសហ្ស៊កដានីជាច្រើនលើកផងដែរ ដែលបានបណ្តាលឱ្យបុគ្គលិកយោធាអាមេរិកយ៉ាងហោចណាស់ពីរនាក់​បានបាត់បង់ជីវិត អំឡុងពេលនៃការវាយប្រហារមួយកាលពីខែកក្កដា។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់ក៏បានគំរាមកំហែងកម្ទេច​នាវា​ដឹក​ប្រេង​នៅ​កំពង់​ផែ​របស់ប្រទេសគុយវែត និង​បារ៉ែនផងដែរ។ ប្រភពព័ត៌​មាន​សន្តិសុខដែនសមុទ្របានរាយការណ៍ថា នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) មួយគ្រឿងបានរងការខូចខាតនៅកំពង់ផែឃ័រហ្វាកកាន (Khor Fakkan)​ របស់ប្រទេសអារ៉ាប់រួម (UAE) ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា ភាគីណាជាអ្នកទទួលខុសត្រូវនោះឡើយ។

តម្លៃប្រេងបានបន្តកើនឡើងបន្ថែមទៀត អំឡុងពេល​លក់​ចេញ​នាព្រឹកថ្ងៃពុធ ដោយប្រេងឆៅប្រេន​ បានស្ទុះឡើង​ជិតដល់ ១០០ដុល្លារក្នុងមួយបារ៉ែលនៅលើ​ទីផ្សារ​ដោយសារ​តែ​ការរអាក់​រអួល​​នៃ​ចរាចរណ៍នាវាដឹកប្រេងនៅច្រក​សមុទ្រហ័រ​មូស​។ ការវាយប្រហារថ្មីៗនេះ​ដោយក្រុមហ៊ូទី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់ មកលើប្រទេសអារ៉ា​ប៊ីសា​អូឌីត ដែលជាប្រទេសផលិតថាមពលធំជាងគេ បានធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេង។

ជុំវិញ​ការ​វាយ​ប្រហារ​មកលើ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នេះដែរ​ កាលពីថ្ងៃអង្គារ ក្រុមហ៊ូទីបានបើកការវាយប្រហារលើទីក្រុងជាច្រើនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលកាន់តែធ្វើឱ្យស្ថិរភាពក្នុងតំបន់ធ្លាក់ចុះខ្សោយបន្ថែមទៀត។

ការវាយប្រហារដោយ​ក្រុមហ៊ូទីបានបណ្តាលឱ្យមនុស្សចំនួន ៧៣នាក់រងរបួស និងបាន​បណ្តាល​ឱ្យ​ឆេះ​រោងចក្រចម្រាញ់​ប្រេង ដែលមើលទៅហាក់ដូចជាការរីករាលដាលទ្រង់ទ្រាយធំនៃជម្លោះនេះ ដែលបានផ្ទុះឡើងតាំងពីថ្ងៃ​ទី២៨ ខែកុម្ភៈ ដោយ​ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់។

ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃតំបន់​ ដែលមានប្រជាជនរស់នៅកុះករក្នុងប្រទេសយេម៉ែន រួមទាំងរដ្ឋធានី​ផង​នោះ បានដាក់​សម្ពាធបន្ថែមទៀតលើបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តាមរយៈការរំខានដល់ការ​ដឹក​ជញ្ជូនតាមនាវាជាប្រចាំនៅផ្នែក​ម្ខាងទៀតនៃឧប​ទ្វីបអារ៉ាប់ ត្រង់ច្រកចូលសមុទ្រក្រហម។

ក្រុម​នេះ​បានអះអាងថា ខ្លួនបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយឈានជ្រៅទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដោយ​ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងមីស៊ីល ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីតមួយ​កន្លែង ស្ថិតក្នុងទីក្រុងខាមីស មូសៃ (Khamis Mushait) ភាគខាងត្បូងប្រទេស ព្រមទាំងបានវាយប្រហារទៅ​លើ​​ទីតាំង​ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតជា​ក្រុមហ៊ុន​របស់រដ្ឋ​ នៅទីក្រុងអាប់ហា (Abha) ទីក្រុងណារ៉ា​ន (Najran) និងទីក្រុងចា​ហ្សាន​ (Jazan) ផងដែរ។

អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរាយការណ៍អំពីអគ្គិភ័យឆាបឆេះនៅតាមទីតាំងមួយចំនួន​ និងបានបញ្ជាក់ថា មានស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។

ប្រទេសអារ៉ាប៊ីសាអូឌីតបានដឹកនាំសម្ព័ន្ធមិត្តអារ៉ាប់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ បន្ទាប់ពីក្រុមហ៊ូទីបានវាយបណ្តេញ​​រដ្ឋាភិបាលយេម៉ែនចេញពីរដ្ឋធានី។ សង្គ្រាមនោះបានស្ងប់ស្ងាត់ទៅវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបទឈប់បាញ់នៅទីនោះបានដួល​រលំ​ជាថ្មី។

សង្គ្រាមកាន់តែរីករាលដាលនៅក្នុងតំបន់ឈូងសមុទ្រនេះ​ បានក្លាយជាការវាស់ស្ទង់ឆន្ទៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយភាគីនីមួយៗសង្ឃឹមថា សម្ពាធសេដ្ឋកិច្ចនិង​ការបិទខ្ទប់ប្រកួតប្រជែងពាណិជ្ជកម្ម​នឹងបង្ខំឱ្យ​ភាគីម្ខាងទៀត​ចុះចាញ់​។

ទីក្រុង​វ៉ាស៊ីនតោនកំពុងព្យាយាមបង្កើនលំហូរប្រេងឆៅទៅកាន់ទីផ្សារពិភពលោក តាមរយៈការ​ការ​ពារ​នាវា​ចរណ៍​ឱ្យ​ឆ្លងកាត់ច្រកសមុទ្រហ័ម៉ូស (Strait of Hormuz) ដោយ​សុវត្ថិភាព ខណៈស្របពេល​ជាមួយ​គ្នានេះដែរ កាត់ផ្តាច់​ការ​នាំចេញប្រេង​​របស់​អ៊ីរ៉ង់​តាម​រយៈ​ការ​បិទខ្ទប់៕

អត្ថបទប្រែសម្រួលដោយ៖ អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង