ជនជាតិចិន ចេញប្លន់និងចាប់ជំរិត ផ្អើលក្រុងព្រះសីហនុ បន្ទាប់ពីយុទ្ធនាការក្តៅបង្ក្រាប Scams Online
ខេត្តព្រះសីហនុ ៖ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ជម្រុញឲ្យរដ្ឋាភិបាល ឬអាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវរិតបន្តឹងការត្រួតពិនិត្យ ឬធ្វើជំរឿន អំពីវត្តមាន របស់ជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ឲ្យបានច្បាស់លាស់ ខណៈបទល្មើសប្លន់ប្រដាប់អាវុធ និងចាប់បង្ខាំងមនុស្សជំរិតទារ បានបន្តកើតមានគួរឲ្យពួយបារម្ភ។ ចំណុចនេះ ក្រុមអាជីវករ បង្ហាញកង្វល់ពីបញ្ហាសុវត្ថិភាព ក្នុងការរស់នៅ និងប្រករបរប្រចាំថ្ងៃ ដ្បិតសង្កេតឃើញថា បទល្មើសទាំងនេះ បានបន្តកើតមានជាបន្តបន្ទាប់ ហើយជនល្មើសជាជនបរទេស មានកាំភ្លើង ចេញធ្វើសកម្មភាព គួរឲ្យភ័យខ្លាច។
ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បង្ហាញការព្រួយបារម្ភ នៃការកើនឡើងនៃបទល្មើសប្លន់ប្រដាប់អាវុធ និងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បង្កដោយជនបរទេស កំពុងធ្វើសកម្មភាពដ៏កក្រើក នៅតាមរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូរ ថ្លែងគាំទ្រចំពោះយុទ្ធនាការក្តៅ និងមានប្រសិទ្ធភាព របស់រដ្ឋាភិបាល បង្ក្រាបបទល្មើស Scams Online ក្នុងប៉ុន្មានខែដើមឆ្នាំ២០២៦នេះ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏ព្រួយបារម្ភពីការកើតឡើងបទល្មើសថ្មីទៀត គឺប្លន់ប្រដាប់អាវុធ និងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ផ្តើមដោយជនបរទេស ពិសេសជនជាតិចិន ចេញធ្វើសកម្មភាពគួរឲ្យញញើត។
លោកថា គិតមកត្រឹមថ្ងៃទី២២ ខែឧសភានេះ នៅខេត្តព្រះសីហនុ មានករណីជនល្មើសជនជាតិចិន បានប្រព្រឹត្តបទល្មើស ចាប់បង្ខាំមនុស្សជំរិតទារប្រាក់ចំនួន២ករណី គឺនៅថ្ងៃទី៩ ខែឧសភា និងនៅយប់ថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ ដោយជនល្មើសមានកាំភ្លើងខ្លីប្រើប្រាស់ និងបាញ់តដៃជាមួយ កម្លាំងសមត្ថកិច្ច ដោយមិនញញើតឡើយ។
លោក អំ សំអាត បន្តថា ទោះបទល្មើសនេះកម្លាំងជំនាញ បានចុះស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសក្តី ប៉ុន្តែវាបានបង្កការភ័យខ្លាចដល់ពលរដ្ឋ អាជីវករ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ដែលគ្រោងនឹងចូលមកបណ្តាក់ទុក នៅកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នាថ្ងៃខាងមុខ។
លោកថា៖ « អ្វីដែលយើងឃើញថ្មីនោះគឺលេចចេញនូវបទល្មើស ដែលជនបរទេសមួយចំនួន ប្រព្រឹត្តបទល្មើសនៅក្នុងតំបន់ ឬក៏នៅក្នុងខេត្តមួយចំនួន ទាក់ទងបទល្មើសប្លន់ និងចាប់ជំរិត ដែលបង្កទៅជាអសន្តិសុខ អសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ នាំឲ្យមានការភ័យខ្លាចដល់ពលរដ្ឋ។ ជាពិសេសការប្រើប្រាស់អាវុធ សម្រាប់ប្រព្រឹត្តបទល្មើស។ អញ្ចឹងត្រូវតែមានការរិតបន្តិងឡើងវិញ ទាក់ទងនឹងការចរាចរណ៍ នៃការជួញដូរអាវុធ ពីព្រោះហេតុអ្វីបានជាពួកជនបរទេស ទាំងអស់ហ្នឹងមានអាវុធប្រើប្រាស់។»
មន្ត្រីសិទ្ធិមនុស្សរូបនេះ ផ្តល់ជាគំនិតថា ដើម្បីទប់ស្កាត់បទល្មើសប្លន់ប្រដាប់អាវុធ និងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ក៏ដូចជាបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធភាព សមត្ថកិច្ច ឬអាជ្ញាធរ គួរមានផែនការគ្រប់គ្រង់ចំពោះវត្តមាន របស់ជនបរទេស ដែលចូលមកស្នាក់នៅ និងធ្វើការក្នុងមូលដ្ឋាននានា ដោយកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់។ ជាងនេះទៀត ក៏ត្រូវពង្រឹងការគ្រប់គ្រង់ការជួញដូរអាវុធជាតិផ្ទុះ ឲ្យបានប្រសើរជាងរាល់ថ្ងៃនេះ ដ្បិតឃើញជនបរទេស អាចរកទិញសព្វាវុធមកធ្វើសកម្មភាព ស្ទើរគ្រប់ដៃ និងហាក់មានភាពងាយស្រួល ក្នុងការស្វែងរកទិញអាវុធទាំងនេះ មកបំរើបទល្មើស របស់ពួកគេ។
លោកបន្ថែមថា៖ « ទី១ ត្រូវតែមានការត្រួតពិនិត្យ និងទប់ស្កាត់ នូវការចរាចរណ៍អាវុធជាតិផ្ទុះ ពីព្រោះបើសិនជាជនបរទេសមានអាវុធ វាជាគ្រោះថ្នាក់មួយសម្រាប់កម្ពុជា។ ទី២ ត្រូវតែទប់ស្កាត់រាល់បទលើស ដែលកើតឡើង ក៏ដូចជាការបង្ក្រាប ដើម្បីធានានូវសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទុន និងភ្ញៀវបរទេស។ បើសិនជាករណីបទល្មើសហ្នឹងកើតឡើងច្រើន គឺវានឹងបង្កការភ័យខ្លាច ដែលធ្វើឲ្យអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ គឺមានការភ័យខ្លាច ឬមិនចូលមកប្រទេសកម្ពុជាទៀតទេ។»

ស្រដៀងគ្នាដែរ សម្រាប់ លោក សេក សុជាតិ អ្នកព្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លើកឡើងថា ក្រុមឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធ និងចាប់ជំរិតមនុស្ស ដែលកំពុងធ្វើសកម្មភាព នៅតាមខេត្តនានា ពិសេសនៅខេត្តព្រះសីហនុ គឺជាការព្រួយបារម្ភថ្មីមួយទៀត សម្រាប់សង្គមកម្ពុជា ដែលទាមទារឲ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់បង្ក្រាប និងដាក់ចេញយន្តការថ្មីៗបន្ថែមទៀត ដើម្បីតាមដាន ឬគ្រប់គ្រងបទល្មើសទាំងនេះ ឲ្យមានប្រសិទ្ធភាព។ បើមិនដូច្នេះទេ កម្ពុជា នឹងទទួលរងនូវការរិះគន់កាន់តែខ្លាំង ហើយអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស នាថ្ងៃអនាគត។
លោកបន្តថា៖ « គឺជារឿងមិនគួរបណ្តែតបណ្តោយឲ្យមានបទល្មើសប្រើប្រាស់អាវុធ និងចាប់ជំរិតមនុស្សនោះទេ។ យើងដឹងហើយថា ក្រុមឧក្រិដ្ឋជន ដែលគេចចេញពីការឆបោកតាមអនឡាញ ដូច្នេះ ពួកគាត់ប្រហែលជាមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហេតុនេះហើយគឺមានតែវិធីសាស្ត្រខ្លះ ដើម្បីបានរស់នៅក្នុងស្ថានភាពហ្នឹង។ អញ្ចឹងគឺមានតែធ្វើការចាប់ជំរិតទៅលើជនជាតិចិនខ្លួនឯង ដើម្បីរកចំណូលចិញ្ចឹម ឬក៏ដោះស្រាយបញ្ហាផ្ទាល់ខ្លួន ប្រចាំថ្ងៃ។ ក៏ប៉ុន្តែរឿងនេះ គឺជារឿងមួយដែលយើងមិនចង់ដឹងទេ?។»
បន្ថែមលើនេះ លោក សុជាតិ ក៏ចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជា មានមានភាពយុត្តិធម៌ និងមិនលំអៀង សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាននៅកម្ពុជា ដើម្បីធានាសុវត្ថិភាព ជូនដល់ពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស ឲ្យមានទំនុកចិត្ត ចូលមកកម្ពុជាថែមទៀតនាថ្ងៃខាងមុខ។ លោកថា ករណីនេះក៏ទាមទារឲ្យ អាជ្ញាធរ ត្រូវសហការជាមួយ ប្រជាពលរដ្ឋ ឲ្យជួយផ្តល់ព័ត៌មានជុំវិញវត្តមាន របស់ជនបរទេស ដែលចូលមកជួលផ្ទះស្នាក់ តាមមូលដ្ឋាននានា មកកម្លាំងសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យផងដែរ។
លោកបន្ថែមថា៖ « ពីព្រោះករណីទាំងអស់នេះ គឺជាករណីដ៏រសើបសម្រាប់កម្ពុជា ហើយក៏សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នៅគ្រប់បណ្តារាជធានីខេត្តទាំងអស់ គួរតែពិចារណា ហើយធ្វើការរិតបន្តឹងផ្នែកសន្តិសុខនេះ ឲ្យបានកាន់តែខ្លាំងជាងមុន ដើម្បីធានានូវសុសុវត្ថិភាព។ ហើយបើសិនជាមិនអាចដោះស្រាយបញ្ហានេះ បានទាន់ពេលទេ អញ្ចឹងកម្ពុជា នឹងកាន់តែទទួលរងនូវការរិះគន់បែបអវិជ្ជមានកាន់តែខ្លាំង។»
សម្រាប់អ្នកស្រី ឌួង រចនា ជាអាជីវករម្នាក់ ក្នុងចំណោមអាជីវករផ្សេងទៀត រស់នៅក្រុងព្រះសីហនុ ក៏ព្រួយបារម្ភចំពោះបទល្មើសប្លន់ប្រដាប់អាវុធ និងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ដែលកើតឡើង នៅក្រោយយុទ្ធនាការបង្ក្រាប Scams Online នេះដែរ។ តែអ្នកស្រី គាំទ្ររដ្ឋាភិបាល ចំពោះយុទ្ធនាការក្តៅ ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឲ្យអស់នៅកម្ពុជា។
អ្នកស្រីបន្តថា បទល្មើសប្លន់និងចាប់ជំរិតមនុស្សនេះ ដែលកក្រើកថ្មីៗ ក្នុងមូលដ្ឋាននេះ គឺជាក្តីព្រួយបារម្ភថ្មីមួយទៀត សម្រាប់ពលរដ្ឋ ក៏ដូចជាអាជីវករ រស់នៅក្រុងព្រះសីហនុ ប្រសិនបើសមត្ថកិច្ច គ្មានវិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពទេ។
អ្នកស្រី ឌួង រចនា ឲ្យដឹងដូច្នេះ ៖ « បើសិនអត់មានស្កែមហ្នឹង អ្នករកស៊ីមិនថាជនជាតិខ្មែរ ជនជាតិចិន ឬក៏ជនជាតិផ្សេងៗទេ គឺគាត់មានអារម្មណ៍ថា មានសុវត្ថិភាព និងកក់ក្តៅ ហើយរីករាយនឹងមករកស៊ីនៅក្នុងខេត្តយើងជាបន្តទៀត។ ហើយពាក់ព័ន្ធនឹងសុវត្ថិភាពសន្តិសុខ ក៏មានការព្រួយបារម្ភដែរ ព្រោះនៅពេលសមត្ថកិច្ច គាត់បង្ក្រាប់ស្កេមអនឡាញទៅ គឺពួកគាត់ក៏បានបែកខ្ញែកគ្នាចេញមកខាងក្រៅ។ អញ្ចឹងហើយគឺយើងអត់ដឹងថា គាត់ចេញទៅណាខ្លះ ហើយមានបំណងអីខ្លះលើអ្នករកស៊ី អាជីវករទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកនោះទេ។»
ទាក់ទិនបញ្ហានេះ លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សមត្ថកិច្ចមិនព្រងើយកន្តើយ លើការងារចុះបង្ក្រាប ឬទប់ស្កាត់បទល្មើស ដែលកើតមានក្នុងមូលដ្ឋាននេះទេ។ ជាក់ស្តែង ករណីជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ញាត់ចូលក្នុងរថយន្ត កាលពីយប់ថ្ងៃទី២១ ឧសភា គឺកម្លាំងជំនាញរបស់លោក បានចុះអន្តរាគមន៍ចាប់ជនសង្ស័យបានចំនួន៥នាក់ភ្លាមៗ។ ក្នុងនោះមាន ជនជាតិចិន៤នាក់ និងអ្នកបើកឡានជនជាតិខ្មែរម្នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ក៏មានករណីជនសង្ស័យជនជាតិចិន បានចាប់បង្ខាំងបុរសជនជាតិចិនដូចគ្នា ឈ្មោះ TANG CAIYOU ជំរិតទារប្រាក់អស់ជិត១០ម៉ឺនដុល្លារ។ ហើយក្រោយមកក៏ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តព្រះសីហនុ សហការបង្ក្រាបចាប់ខ្លួនជនល្មើសបាន៨នាក់ កសាងសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោស។
កាលពីថ្ងៃទី២៩ ខែមេសា ក៏មានករណីជនជាតិចិន ២នាក់ ចេញធ្វើប្លន់ប្រដាប់អាវុធ នៅហាងបញ្ចាំមួយកន្លែង ក្នុងក្រុងព្រះសីហនុ ហើយត្រូវ កម្លាំងសមត្ថកិច្ចចុះបង្ក្រាប់និងចាប់ខ្លួនជនសង្ស័យបានទាន់ពេល។ រីឯកាលពីយប់ថ្ងៃទី២៣ ខែមីនា ក៏មានករណីខ្មាន់កាំភ្លើងមួយក្រុម បានបាញ់សម្លាប់ថៅកែកាស៊ីណូ ជនជាតិតៃវ៉ាន់ម្នាក់ ស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលក្រុងព្រះសីហនុ ហើយខ្មាន់កាំភ្លើងបាន រត់គេចខ្លួនដោយសុវត្ថិភាព។ ហើយគិតមកដល់ថ្ងៃទី២២ ខែឧសភានេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស ឬបង្ហាញមុខ ឲ្យប្រជាពលរដ្ឋ បានដឹងជាសាធារណៈនៅឡើយទេ៕



















