លោក រ៉ុង ឈុន ចាត់ទុកការតម្កល់សាលក្រម សាលាឧទ្ទរណ៍ភ្នំពេញ ថាអយុយ្តិធម៌..

រាជធានីភ្នំពេញ ៖ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ច្រានចោលសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលតម្កល់សាលក្រមសាលាដំបូង ដែលបានកាត់ក្តីឲ្យមានទោសជាប់ពន្ធនាគារ ៤ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ដកសិទ្ធិមិនឲ្យបោះឆ្នោត និងដកសិទ្ធិមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត។ ហើយបានបន្ថែមទោសមួយទៀត គឺដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ ថាមានភាពអយុត្តិធម៌ សម្រាប់រូបលោក។ ខណៈសវនាការនេះ រូបលោក បានស្នើឲ្យមេធាវី លើកពេលបើកសវនា តែបែរជាត្រូវ សាលាឧទ្ទរណ៍លើកយកមកបើកសវនាការ កំបាំងមុខទៅវិញ?។

លោក រ៉ុង ឈុន បានឲ្យ “កម្ពុជាថ្ងៃនេះ” ដឹងតាមទូរស័ព្ទ ក្រោយបញ្ចប់ធ្វើសន្នីសីទកាសែត នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ដោយចាត់ទុកសវនាការ របស់សាលាឧទ្ទរណ៍ភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ថាមានភាពអយុត្តិធម៌ និងខុសនីតិវិធី ដ្បិតរូបលោក បានឲ្យមេធាវី លើកពេលសវនានេះទៅថ្ងៃក្រោយ។ លោកថា ការបើកសវនាការនេះ ចៅក្រមសាលាឧទ្ទរណ៍ ក៏មិនបានជូនដំណឹងមកមេធាវី ក៏ដូចជារូបលោក ថាសវនានេះមិនអាចលើកពេលបាន ឬ ត្រូវតែមកចូលរួម ក្នុងសវនាការ ក៏មិនបានប្រាប់ដែរ។

ករណីនេះ លោក រ៉ុង ឈុន បន្តថា នឹងឲ្យមេធាវី របស់លោកដាក់ពាក្យប្តឹងទៅ សាលាឧទ្ទរណ៍ឲ្យបើកសវនានេះ ជាថ្មីឡើងវិញ និងចាត់ទុក សំណុំរឿង របស់លោក ថាជារឿងនយោបាយ ព្រោះរូបលោកមិនបានធ្វើអ្វីខុសច្បាប់នោះទេ។

លោកបញ្ជក់ដូច្នេះ ៖ «ពីព្រោះយើងឃើញថាការសម្រេច របស់សាលាដំបូងវាអយុត្តិធម៌ហើយ ពីព្រោះបើយើងពិនិត្យមើលអង្គហេតុវាគ្មានអ្វី ត្រូវចោទប្រកាន់ពីបទញុះញង់បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងមិនរាងចាលទេ។ ព្រោះយើងធ្វើនយោបាយតែងតែទៅជួបប្រជាពលរដ្ឋ។ ហើយដល់យើងទៅជួបប្រជាពលរដ្ឋ បែរជាចោទយើងថា ញុះញង់ទៅវិញ។ អាហ្នឹងវាជារឿងមួយអយុត្តិធម៌ បានជាយើងប្តឹងមកសាលាឧទ្ទរណ៍ »។

លោក រ៉ុង ឈុន ដែលតែងលើកយកបញ្ហាព្រំដែន បញ្ហាសិទ្ធិមនុស្ស ទំនាស់ដីធ្លី និងការរំលោភសិទ្ធិកម្មករ មកជជែកវែកញែក បន្ថែមថា ដើម្បីឲ្យស្របតាមគោលការប្រជាធិបតេយ្យ រដ្ឋាភិបាល ត្រូវធ្វើវិសោធនកម្មលុបចោល បទញុះញង់ មាត្រា ៤៩៤- ៤៩៥ នោះចោលទៅ ព្រោះមិនមានផលចំណេញដល់សង្គមជាតិនោះទេ។ ជាងនេះទៀត រដ្ឋាភិបាល ក៏គួរមានសេចក្តីក្លាហាន ទទួលយករាល់ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋខ្លួនឯង ទោះវិជ្ជមាន ឬអវិជ្ជមានបែបណាក្តី ដោយមិនត្រូវងាកគំរាមប្តឹងពលរដ្ឋខ្លួនឯង ដាក់ពន្ធនាគារទេ។

លោកសង្កត់ធ្ងន់ថា ទោះបីរូបលោកពិបាកក្នុងការស្វែងរកយុត្តធម៌បែបណាក្តី ក៏ប៉ុន្តែលោកសង្ឃឹមថា ថ្ងៃណាមួយ នឹងមានយុត្តិធ៌មសម្រាប់រូបលោក។ ហើយយុត្តិធម៌នោះ គឺត្រូវបានផ្តល់ជូនដោយប្រជាពលរដ្ឋ និងកម្មករកម្មការិនីនៅទូទាំងប្រទេស។

លោកឲ្យដឹងបន្ថែម ៖ «ការបញ្ចេញមតិវាមិនមែនសុទ្ធតែរឿងអាក្រក់ទាំងអស់ទេ វាមានរឿងល្អរឿងអាក្រក់។ ហើយបើរឿងមិនល្អ រដ្ឋាភិបាល ទុកចោលទៅ ហើយបើប្រជាពលរដ្ឋ លោកបញ្ចេញមតិលើសលស់ អាចហៅអប់រំទៅ វាចប់ហើយ។ កុំអីបន្តិចចាប់ដាក់ពន្ធនាគារ រដ្ឋប្តឹងផ្តល់កូនចៅខ្លួនឯង វាមើលទៅមិនមានផលចំណេញអីដល់ជាតិ ហើយត្រូវទទួលរងនូវការរិះគន់ ឬថ្កោលទោសពីអន្តរជាតិ ផងដែរ ប្រសិនបើយើងមិនបានធ្វើការកែលម្អ »។

សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការណ៍សង្គម មើលឃើញថា រាល់ថ្ងៃនេះ រដ្ឋាភិបាលនៅតែមានការព្រួយបារម្ភខ្លាំង ទៅលើសកម្មភាព របស់គណបក្សនយោបាយធំៗ ឬសំខាន់ៗ ជាពិសេសគណបក្សនយោបាយ ដែលមានទំនាក់ទំនងបន្តពីគណបក្សសង្គ្រោះជាតិ។ លោកបន្តថា ចំពោះករណី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក៏មិនខុសគ្នានឹងករណី លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ នោះដែរ។

លោកបណ្ឌិត មាស នី បន្តថា ស្ថិតក្នុងស្ថានភាពនយោបាយ ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងការរិះគន់ទៅលើស្ថានការតាមរឿងព្រំដែនជាបន្តបន្ទាប់។ ដូច្នេះ ការទប់ស្កាត់ការរិះគន់ពីចរន្តក្នុងប្រទេស នៅតែជារឿងចាំបាច់ ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ តែយ៉ាងណា លោកថា ករណីលោក រ៉ុង ឈុន គឺជារឿងនយោបាយ។

លោកបណ្ឌិតឲ្យដឹងដូចនេះ ៖« ខ្ញុំគិតថាគណបក្សកាន់អំណាច គាត់នៅតែមានាការប្រុងប្រយ័ត្នខ្ពស់ ព្រោះបញ្ហាទាំងពីរនេះវាអត់អាចចែកគ្នា ឲ្យដាច់បានទេ ព្រោះបើកាលណាបញ្ហាព្រំដែននៅតែក្តៅ គឺការប្រុងប្រយ័ត្នសម្រាប់កម្លាំងនៃការរិះគន់ខាងក្នុងក៏នៅតែកាន់តែខ្ពស់។ អញ្ចឹងសម្រាប់ខ្ញុំ អ្វី ដែលជាការសម្រេចរបស់តុលាការទៅលើ លោក រ៉ុង ឈុន នេះ វាមិនមានអីចម្លែកទេ។ រឿងនយោបាយត្រូវហើយ បើកាលណារឿងនយោបាយមិនទាន់ត្រជាក់ រឿងហ្នឹងក៏នៅតែបន្ត តទៅទៀតដែរ។ នេះជាការយល់ឃើញ របស់ខ្ញុំទេ !»។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលបានធ្វើឡើងកាលពី ខែឧសភា ឆ្នាំ២០២៥។ ហើយពេលនេះ បានបន្ថែមការផ្តន្ទាទោស លើ លោករ៉ុង ឈុន ដោយបានដកហូតសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ តាមបញ្ញតិ្តមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណា លោក រ៉ុង ឈុន បានអះអាងថា ទោះមានការគំរាមកំហែងតាមផ្លូវតុលាការ ឬការរារាំងបែបណា ពីរដ្ឋាភិបាលក្តី ក៏រូបលោកនៅតែបន្តជីវិតនយោបាយ របស់លោក ដោយគ្មានការផ្លាស់ប្តូរ រហូតដង្ហើមចុងក្រោយ។ លោកស្នើដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ចំពោះខ្លួនលោកឲ្យសោះ ព្រោះដរាបណា សាលក្រមតុលាការ មិនទាន់ចូលជាស្ថាពរទេ លោកនៅតែមានសិទ្ធិពេញលេញ ក្នុងការធ្វើសកម្មភាពនយោបាយដដែល ៕

អត្ថបទដែលជាប់ទាក់ទង