សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសឧក្រិដ្ឋជន៩នាក់ ក្នុងនោះ៤នាក់ដាក់ពន្ធនាគារ អស់មួយជីវិត..
ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសឧក្រិដ្ឋជន ៩នាក់ ពាក់ព័ន្ធគ្រឿងញៀន, សម្អាតប្រាក់ និងប្រើអាវុធខុសច្បាប់។ ក្នុងនោះ ៤នាក់ ត្រូវជាប់ពន្ធនាគារមួយជីវិត។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីដំណើរការនីតិវិធីតាមផ្លូវច្បាប់ ក្នុងសំណុំរឿងឧក្រិដ្ឋជន ៩នាក់ ពាក់ព័ន្ធបទល្មើសផលិត ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ការសម្រេចទោសនេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តសវនាការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៨៤ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស ផលិត, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធ ដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងបាន ប្រកាសសាលក្រមលេខ ០៨៤/០៦ ក្រ២ “ជ” ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ៕



















