អតីតសមាជិក ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) ប្រកាសទាក់ទងនឹង អតីតជំរំភៀសខ្លួនខ្មែរ
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាស របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឋាន:ជាអតីតអគ្គលេខាធិការនៃរណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ រ.ជ.រ.ប.ខ និងជាអតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) ទាក់ទងនឹងអតីតជំរំភៀសខ្លួនខ្មែរ ៖
«នៅឆ្នាំ១៩៨២ ខ្ញុំបានចាកចេញពីប្រទេសបារាំង មកចូលរួមជាមួយ រណសីរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.) ដែលបោះជំរំនៅលើទឹកដីខ្មែរ ជាប់ព្រំដែនប្រទេសថៃ មានជំរំនងចាន់ (នៅក្បែរភូមិថៃឈ្មោះបានណងចាន់) ជំរំរិទ្ធិសែន (នៅក្បែរភូមិថៃឈ្មោះបានណងសាម៉េត) ជំរំអំពិល (នៅក្បែរភូមិថៃឈ្មោះបានសាង៉ែ) នៅជាប់ជំរំអំពិល មានជំរំមួយទៀត ឈ្មោះជំរំសម្លរឆ្ងាញ់ នៅលើទឹកដីខ្មែរ និងនៅខេត្តឆ្ងាយៗពីនោះ មានជំរំអូបុក ជំរំណាំយឺន និងជំរំសុខសាន្ត។
មកពីប្រទេសបារាំងភ្លាម ខ្ញុំបាន មកស្នាក់មួយយប់នៅជំរំនងចាន់ ដែលនៅពេលនោះមាន លោក ជា រិទ្ធីឈុត ជាប្រធាន លោក ស៊ូ គឹមស៊ុន ជាអនុប្រធាន និង លោក ជុំ ឈាង ជាប្រធានរដ្ឋបាល មុនពេលគាត់ចេញទៅធ្វើជាប្រធានជំរំដងរែក ដែលត្រូវបំបែកចេញពីជំរំនងចាន់។ ជំរំទាំងអស់ សុទ្ធតែតាំងនៅលើទឹកដីខ្មែរ ។ នៅទសវត្សរ៍១៩៨០ ជំរំទាំងអស់ ត្រូវទទួលរងការវាយប្រហារពីសំណាក់កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមានជំនួយពី កងទ័ពវៀតណាមផង។
នៅពេលវាយប្រហារនោះ គ្មានកងទ័ព ឬ កងកម្លាំងថៃណាមួយ ចេញមកប្រយុទ្ធការពារជំរំទាំងអស់នោះទេ ព្រោះជាជំរំខ្មែរ ស្ថិតនៅលើទឹកដីខ្មែរ។ ដូច្នេះ ថៃ មិនអាចអះអាងថា ជំរំទាំងអស់នោះស្ថិតនៅលើទឹកដីថៃ ដូចរដ្ឋមន្ត្រីការបរទេសថៃ និយាយប្រាប់កាសែតអន្តរជាតិនោះទេ។
ឆ្នាំ១៩៨៤- ១៩៨៥ ជំរំទាំងអស់នោះ ត្រូវបានបោសសំអាត រីឯប្រជាពលរដ្ឋ ដែលជាជនភៀសខ្លួន ក៏ត្រូវបានអនុញ្ញាតឲ្យទៅរស់នៅ ក្នុងជំរំលើទឹកដីថៃ ដូចជា៖ ជំរំសាយធូ សម្រាប់ភាគី រ.ជ.រ.ប.ខ ជំរំសាយប៊ី សម្រាប់ភាគីសម្ដេចព្រះ នរោត្តម សីហនុ និង ជំរំឯទៀត សម្រាប់ភាគីខ្មែរក្រហម។
ក៏ប៉ុន្តែចាប់តាំងពីពេល ដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានចូលជាធរមាន ជនភៀសខ្លួនខ្មែរទាំងអស់នោះ ត្រូវបានធ្វើមាតុភូមិនិវត្តន៍អស់គ្មានសល់ម្នាក់ឡើយ។ ដូច្នេះការអះអាង របស់ភាគីថៃ ថាជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃ រាប់សិបឆ្នាំមកហើយ ជាពាក្យភូតភរកុហកទាំងស្រុង។
ទាក់ទងនឹងតំបន់បឹងត្រកួន រហូតមកដល់ចុងទសវត្សរ៍១៩៨០ តំបន់នេះ គ្មានមនុស្សស្នាក់នៅទេ។ ប្រហែលនៅក្នុងរង្វង់ឆ្នាំ១៩៨៩ លោកឧត្តមសេនីយ៍ ដៀន ដែល បានដឹកនាំកងកម្លាំងសាងសង់ផ្ទះសម្បែង កើតបានជាភូមិស្ថានមុនគេ។ បន្ទាប់មក ក៏រៀបចំជាបន្ទាយ មានឈ្មោះថា បន្ទាយអំពិល នៅលើទឹកដីខ្មែរសុទ្ធសាធ។
នៅសម័យអ៊ុនតាក់ ភាគីលោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន, ដៀន ដែល គ្រប់គ្រងតំបន់បន្ទាយអំពិល-បឹងត្រកួន ឯភាគីលោកតា (សម្តេចបវរសេដ្ឋា) សឺន សាន គ្រប់គ្រងតំបន់ថ្មពួក-បន្ទាយឆ្មារ។ ក្រុមអ៊ុនតាក់ ដឹងឮរឿងនេះយ៉ាងច្បាស់ ឯសម្ដេចព្រះ នរោត្តម សីហនុ ប្រធាន អេស អិន ស៊ី (SNC) នាសម័យនោះ បានយាងទៅបំពេញព្រះទស្សនកិច្ច នៅតំបន់ទាំងពីរគឺ ថ្មពួក-បន្ទាយឆ្មារ និងនៅបឹងត្រកួន-បន្ទាយអំពិល ផងដែរ ។ នៅពេលនោះ មន្ត្រីថៃ ទទួលស្គាល់ថា ជាទឹកដីខ្មែរពិតប្រាកដ គ្មានការជំទាស់តវ៉ាអ្វីឡើយ។
ការបន្តកាន់កាប់ទឹកដីខ្មែរ ដោយកងទ័ពថៃ ជាការរំលោភបំពានអធិបតេយ្យភាព របស់កម្ពុជា យ៉ាងជាក់ច្បាស់ និងបញ្ជាក់ថា មេដឹកនាំថៃ បង្កសង្គ្រាមជាមួយ កម្ពុជា ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា តែប៉ុណ្ណោះ មិនមែនដោយសារដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើឆបោកអនឡាញ ឬក្រោមរូបភាពប្រយុទ្ធប្រឆាំង ការដាក់មីនថ្មើរជើងនោះឡើយ។
ម្យ៉ាងទៀត សង្គ្រាមឈ្លានពានកម្ពុជា ក៏ជាផលប្រយោជន៍ដែល គណបក្សនយោបាយថៃ ទាញយក តាមស្មារតីជាតិនិយមជ្រុល សម្រាប់យុទ្ធនាការប្រកួតប្រជែង តំណែងនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតថ្មីៗនេះ។
បើភាគីថៃ ចង់រកដំណោះស្រាយទ្វេភាគី ដោយសន្តិវិធីពិតប្រាកដមែន ថៃត្រូវតែអនុញ្ញាត ឲ្យក្រុមការងារវាស់វែងចំរុះ នៃប្រទេសទាំងពីរ (Joint Survey Team) ធ្វើការវាស់វែងជាបន្ទាន់ មិនចាំបាច់រង់ចាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ ។ ព្រោះនៅពេលភាគីថៃ ប្រាប់ភាគីខ្មែរ ឲ្យរង់ចាំការបង្កើតរដ្ឋាភិបាលថៃថ្មី ទាហានថៃគិតតែពីបំពានលើបទឈប់បាញ់ និង បន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដាក់កុងទើន័រ រាយលួសបន្លា ព័ទ្ធយកទឹកដីខ្មែរ ឥតរង់ចាំរដ្ឋាភិបាលថ្មីនះទេ ។
ខ្ញុំ សូមប្រកាសគាំទ្រទាំងស្រុង នូវវិធានការដោះស្រាយទំនាស់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងបទសម្តាសន៍ជាមួយ Reuters និង Fox news នៅសហរដ្ឋអាមេរិក»។
(ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦)


















