ទស្សនជុំវិញ ការផ្អាកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលសហរដ្ឋអាមេរិក ខំប្រឹងសម្របសម្រួល

លោក Ren Chanrith បានបញ្ចេញទស្សន និងបង្ហោះសារតាម គណនីហ្វេសប៊ុកផ្លូវការ របស់លោក នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកានេះថា ៖ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព ដែលសហរដ្ឋអាមេរិក បានខំប្រឹងសម្របសម្រួល ហើយពន្យាពេលដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដោយគ្មានថ្ងៃកំណត់? រឿងបែបនេះ មានតែថៃទេដែលអាចធ្វើបាន បន្ទាប់ពីនាយរដ្ឋមន្ត្រីថៃ លោក អនុទីន បានហោះយ៉ាងតក់ក្រហល់ ទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេសុី នៅថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៥កន្លងមកនេះ និងមុនស្តេចថៃ មហា វិជ្ជិរ៉ា ឡុងកន យាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាប្រវត្តិសាស្ត្រនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ (ឬសេចក្តីប្រកាសរួមស្តីពីសន្តិភាពកម្ពុជា-ថៃ) ដែលមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន នាយរដ្ឋមន្ត្រីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីម គឺជាច្បាប់កិច្ចសន្យាអន្តរជាតិ យោងតាមច្បាប់អន្តរជាតិ ដែលជាប់ពាក់ព័ន្ធ និងដោយមានសាក្សីជា ប្រទេសមហាអំណាច (អាមេរិក) និងអង្គការអន្តររដ្ឋាភិបាលថ្នាក់តំបន់ (អាស៊ាន) ដឹងឮត្រឹមត្រូវ។ តើថៃអាចសម្រេចចិត្តជាឯកតោភាគី ផ្អាកឬលុបនូវ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃបានទេ? បើថៃ មិនឱ្យតម្លៃកម្ពុជា គួរឱ្យតម្លៃអាមេរិក និងអាស៊ានផង។ ឬបើថៃ ថ្លើមធំ ហ៊ានមិនឱ្យតម្លៃ អាមេរិក និងអាស៊ាន ថៃ គួរឱ្យតម្លៃខ្លួនឯង ក្នុងនាមជាប្រទេសសុីវិល័យ ក្នុងសម័យទំនើបនេះ មិនចេះតែបន្តក់ទឹកបិច ចុះហត្ថលេខាផ្តេសផ្តាស តំណាងឱ្យរដ្ឋ (ថៃ) មួយទេ ។

ទឹកបិច ដែលចុះហត្ថលេខា តំណាងឱ្យរដ្ឋមួយ គឺមានតម្លៃណាស់ សម្រាប់ប្រជាជាតិថៃទាំងមូល ដូច្នេះថៃមិនគួរបន្ទាបបន្ថោកទឹកបិចនោះ ដោយសារតែឧប្បត្តិវហេតុតូចតាចមួយទេ។ ជាការពិត ខ្ញុំក្នុងនាមជា ប្រជាជនកម្ពុជាមួយរូប ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូប ពិតជាសោកស្តាយចំពោះ ឧប្បត្តិវហេតុផ្ទុះមីនកាលពីម្សិលមិញនេះ ដែលបណ្តាលឱ្យទាហានថៃ ៣នាក់រងរបួស។ តាមព័ត៌មានមកថា ទាហានទាំងនោះបានដើរចូលមកតំបន់វាលឥន្ទ្រីយ៍ (នៅជិតប្រាសាទព្រះហារ) ដែលកំពុងមានជម្លោះ ទើបពួកគេបានដើរជាន់មីន (កម្ពុជាបានបញ្ជាក់ច្រើនដងហើយថា នៅព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ គឺមានគ្រាប់មីន ដែលមិនទាន់បោសសម្អាតតាំងពីសម័យសង្គ្រាមសុីវិល នៅកម្ពុជា)។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺ ភ្លាមៗបន្ទាប់ពីឧប្បត្តិវហេតុនោះ នាយករដ្ឋមន្ត្រីថៃ រដមន្ត្រីការពារជាតិថៃ រដ្ឋមន្ត្រីការបរទេសថៃ និងអគ្គមេបញ្ជាការកងទ័ពថៃ បានចេញមកប្រកាសព្រមគ្នា តាមបណ្តាញសារព័ត៌មានថៃថា ផ្អាកអនុវត្តនូវកិច្ចព្រមព្រៀងនោះ។ តើឯណាទៅជាសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវរបស់ប្រទេសមួយ ក្នុងនាមជារដ្ឋឯករាជ្យ?

ទង្វើររបស់ថៃនេះ មិនត្រឹមតែទះ អាមេរិកមួយកំផ្លៀងទេ ថែមទាំង ធាក់ចិនមួយជើងចំកណ្តាលមុខទៀត។ ហេតុអ្វី?

តែកន្លះខែកន្លងផុតទៅប៉ណ្ណោះ លោកប្រធានាធិបតីអាមេរិកបដូណាល់ ត្រាំ (ទោះជាមានកាលវិភាគដ៏មមាញឹក) បានហោះមកម៉ាឡេសុី ក្នុងគោលបំណងសំខាន់ជាងគេគឺ ធ្វើជាអ្នកសម្របសម្រួល និងជាសាក្សីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ លោកដូណាល់ត្រាំ ចុះពីលើយន្តហោះភ្លាម មិនទាន់បានសម្រាកស្រួលបួលផង លោក ចេញធ្វើការភ្លាម សម្របសម្រួលនិងធ្វើជាសាក្សី ក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ រួមជាមួយ និងប្រធានអាស៊ាន លោកនាយរដ្ឋមន្ត្រីម៉ាឡេសុី  អាន់វ៉ា អុីប្រាហុីម។ ដោយពិនិត្យមើលសកម្មភាពជាក់ស្តែង រដ្ឋបាល របស់លោក ដូណាល់ ត្រាំ ពិតជាឱ្យតម្លៃលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគាត់ បានខំប្រឹងធ្វើឱ្យកិច្ចព្រមព្រៀងនោះ កើតឡើងតាំងពីកម្ពុជានិងថៃផ្ទុះសង្គ្រាម ៥ថ្ងៃ។ ចាំមើលថាតើ លោក ដូណាល់ ត្រាំ នឹងឆ្លើយតបបែបណា ចំពោះទង្វើរមិនទទួលខុសត្រូវ និងខ្វះក្រមសីលធម៌ និងវិជ្ជាជិវៈរបស់ថៃ!។

ថៃ ធាក់ចិនមួយជើងចំកណ្តាលមុខ? ថៃប្រកាសថា ផ្អាកកិច្ចព្រមព្រៀងសន្តិភាព ជាមួយកម្ពុជា និងពន្យាពេលដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ តែ៣ថ្ងៃប៉ុណ្ណោះ មុនព្រះហាក្សត្រថៃព្រះបាទ មហាវិជ្ជិរ៉ា ឡុងកន យាងទៅទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះ ដែលជាទស្សនកិច្ចផ្លូវរដ្ឋ ដ៏គួរឱ្យកត់សម្គាល់ ក្នុងប្រវត្តិសាស្ត្រថៃ និងប្រវត្តិសាស្ត្រចិន ដោយសារដំណើរព្រះរាជទស្សនកិច្ចនេះ គឺជាដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ លើកទីមួយ របស់ព្រះមហាក្សថៃលើទឹកដីចិន ក្នុងរយៈពេល ៥០ឆ្នាំមកនេះ តាំងពីព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក និងជាដំណើរព្រះរាជទស្សនៈកិច្ចលើកទីមួយ របស់ព្រះបាទមហាវិជ្ជិរ៉ា ឡុងកន ទៅកាន់ប្រទេសចិន តាំងពីព្រះអង្គសោយរាជ្យតាំងពីឆ្នាំ២០១៦មក។ តើចិនចង់បានលទ្ធផលបែបហ្នឹង ឬយ៉ាងណា?

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់នេះ ចិន ក៏មានបំណងចង់ចូលរួមចំណែកជួយដែរ ដោយសារចិន មិនចង់ឱ្យអាមេរិក អង់អាត់ និងធ្វើអន្តរាគមន៍កាត់មុខកាត់មាត់ចិន ដែលជាមហាអំណាចនៅអាសុី។ តើបងប្អូនចាំទេ? នៅកិច្ចប្រជុំទ្វេភាគី រវាងអាមេរិក និងចិន (កិច្ចប្រជុំ៦ទល់៧) ដែលបានប្រព្រឹត្តទៅនៅកូរេខាងត្បូង នៅចុងខែតុលាឆ្នាំ២០២៥ លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានកោតសរសើរសមភាគី របស់គាត់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កម្ពុជា-ថៃ និងសេចក្តីប្រកាសរួមស្តីពីសន្តិភាពកម្ពុជា-ថៃ ។ ក្នុងជំនួបនោះ ចិនក៏មិនភ្លេចក្រើនរំលឹកដល់ អាមេរិក អំពីតួនាទី របស់ចិននៅអាសុីអាគ្នេយ៍ដែរ ដោយ លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានប្រាប់សមភាគីអាមេរិក (ដែលដឹកនាំដោយ លោក Donald J. Trump)ថា ចិនក៏នឹងចូលរួមជួយសម្របសម្រួលជម្លោះកម្ពុជា-ថៃដែរ ។ ចិន នឹងជួយសម្របសម្រួលជម្លោះកម្ពុជា-ថៃដែរ? ចុះហេតុអ្វីបានជាថៃព្រហើន ហ៊ានបង្កើតស្ថានការណ៍ឱ្យកាន់តែតានតឹង មុន ៣ថ្ងៃប៉ុណ្ណោះ ដែលព្រះមហាក្សត្រ របស់ពួកគេយាងទៅទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន? ថាតើលោកប្រធានាធិបតីចិន សុី ជីនភីង នឹងញញឹមទទួលព្រះមហាក្សត្រថៃយ៉ាងមេច? ច្បាស់ណាស់ គាត់នឹងញញឹមទទួលស្តេចថៃ ប៉ុន្តែមិនដឹងថា ញញឹមចេញពីចិត្តឬអត់!

អូ! ខ្ញុំភ្លេចជម្រាបប្រាប់បងប្អូន ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន លោក សុី ជីនភីង នឹងលើករបៀបវារៈស្តីពី កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ ទៅកាន់ស្តេចថៃផងដែរ។ ចិនបានលើកករណីកម្ពុជា-ថៃ ក្នុងពេលប្រជុំជាមួយអាមេរិក នៅកូរេខាងត្បូងកាលពីចុងខែតុលា ថា ចិននឹងចូលរួមជួយរកដំណោះស្រាយ កម្ពុជា-ថៃ ដែរ ដូច្នេះ ចិនមិនឱ្យឱកាសនេះកន្លងផុតទៅទេ។ ទាក់ទងនឹងជម្លោះកម្ពុជា-ថៃ អាមេរិក បានត្រឹមនិយាយជាមួយ នាយករដ្ឋមន្ត្រីទេ ទុកឱ្យចិន និយាយជាមួយស្តេចវិញមើល! ដូចខ្ញុំ បានសរសេរក្នុងអត្ថបទមុនអុីចឹងថា អាមេរិកជាអ្នកបោះមេ (initiative) រីឯចិន វិញជាអ្នកបិទគូថ (close deal) ៕ ដោយ ៖ Ren Chanrith

អត្ថបទដែលជាប់ទាក់ទង