ដំណើរការជួសជុលផ្នែកខ្លះៗ នៃប្រាសាទភ្នំបាខែង
ខេត្តសៀមរាប ៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុល នៅតាមផ្នែកខ្លះ នៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិច ជាបន្តទៀត។
លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្ស នៅលើប្រាសាទភ្នំបាខែង បានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុល នៅផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទនេះ មកដល់បច្ចុប្បន្ន បានជួសជុលរួចរាល់ បានចំនួន ២ជាន់ហើយ (ជាន់ទី៣ និងជាន់៤) និងនៅសល់ពីរជាន់ទៀត (ជាន់៥និងជាន់៦) កំពុងរៀបចំកម្រាល និងជញ្ជាំងផ្នែកខាងត្បូង។ កិច្ចការទាំងនេះ សម្រេចលទ្ធផលបានប្រមាណ ៨៥ភាគរយហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ ខាងមុខ។
ក្រៅពីដំណើរការនៅផ្នែកខាងត្បូងឆៀងខាងលិចហើយនោះ ក្រុមការងារ ក៏កំពុងបន្តជួសជុលមួយផ្នែកទៀត គឺផ្នែកខាងលិច ដោយចាប់អនុវត្តនៅជាន់ទី៦ ទី៥ ទី៤ និងជាន់ទី៣.។ជាលទ្ធផលបានបញ្ចប់ការជួសជុលជញ្ជាំងនៅជាន់ទី៥ និងទី៤ ដោយបច្ចុប្បន្នកំពុងរៀបចំជញ្ជាំងនៅជាន់ទី៦ និងជាន់ទី៣។
សូមជម្រាបថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងនាដើមសតវត្សរ៍ទី១០ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទភ្នំបាខែងនេះ គឺជាទីប្រជុំនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា,លោកជា វណ្ណៈ និងលោកស៊ិន ប្រណី