លោក ត្រាំ លោក ស៊ី និងលោក ពូទីន ចេញសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពពីកិច្ចប្រជុំកំពូល ដែលមិនធ្លាប់មានពីមុនមក

ប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នាលើ សេចក្តីថ្លែងការណ៍សន្តិភាព ក្នុងន័យ​ជានិមិត្តរូបមួយ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីដ៏កម្រមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាក់ជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនគួរកើតឡើងជាដាច់ខាត ប៉ុន្តែពួកគេមិនបានប្រកាសពីផែនការណាមួយសម្រាប់ការចរចាស្ដីពីការគ្រប់គ្រងអាវុធ ដែលលោក ត្រាំ បានទាមទារចង់បានជាយូរមកហើយនោះទេ។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​​ព័ត៌មាន​រ៉យ​ទ័រ ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។​

សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបិទ​បញ្ចប់​ដំណើរទស្សនកិច្ចការទូតរយៈពេល ៣ថ្ងៃរបស់លោក ដូណាល់ ត្រាំ នៅតំបន់អាស៊ី​។ ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលជាក់ស្តែងតិចតួចប៉ុណ្ណោះ ទោះបីជាលោក ត្រាំ បានអួតអាងម្តងហើយម្តងទៀតថា លោកបានបង្កើតប្រវត្តិសាស្ត្រ និងសម្របសម្រួលនាំមកនូវសន្តិភាពក៏ដោយ។

ផ្ទុយទៅវិញ ដំណើរទស្សនកិច្ចនេះបានបង្កឱ្យមានសំណួរថ្មីៗក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទំនាក់ទំនងដ៏ជិតស្និទ្ធកាន់តែខ្លាំងឡើងរបស់លោក ជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន ដែលកំពុងបន្តធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

លោក ត្រាំ បានស្វាគមន៍លោក ពូទីន ដោយ​និយាយ​ថា ជាមិត្ត​របស់​លោក​ ហើយទទួលបានការ​ឱបរឹត​ពីលោក ស៊ី ជីនពីង ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតក្នុងចំ​ណោមសកម្មភាពការទូតបែបសម្ញែង ដែល​លោក ត្រាំ តែងតែពេញចិត្ត។

ជំនួបទាំងនោះ ដែលរួមមានការពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ទទួលបានការកោតសរសើរពីមនុស្សមួយចំនួន ចំពោះឆន្ទៈ​របស់លោកក្នុងការចូលរួមសន្ទនាដោយផ្ទាល់ជាមួយគូប្រជែងរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ទទួលរងការរិះគន់ពីអ្នកផ្សេងទៀតផងដែរ ដោយសារលោកបានផ្តល់វេទិកាអន្តរជាតិដល់មេដឹកនាំផ្តាច់ការ។

មេដឹកនាំទាំងនោះបានប្តេជ្ញាជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ បង្កើនការផ្គត់ផ្គង់ផលិត​​ផលប្រេងឥន្ធនៈសម្រាប់ប្រទេសទាំងអស់ និងការពារអភ័យឯកសិទ្ធិ ដែលមន្ត្រីរដ្ឋទទួលបាននៅតុលាការអន្តរជាតិ។

សេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ ហើយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់មក លោក ពូទីន បានទទួលស្គាល់ថា គ្មាន​ការ​កំណត់គោលដៅធំដុំអ្វីឡើយ ព្រមទាំងបានបន្ថែមថា នឹងមិន​​មានការបង្ខំឱ្យភាគីណាមួយអនុវត្តតាមការសម្រេចចិត្តទាំងនោះទេ។

បណ្តាប្រទេសមហាអំណាចទាំងនោះបាន «បញ្ជាក់ជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនអាចមានអ្នក​ឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត ព្រមទាំងបានបន្ថែមថា ពួកគេនឹង ធ្វើ​កិច្ចសន្ទនាគ្នាអំពីការកាត់បន្ថយ​ហានិ​ភ័យ​នុយក្លេអ៊ែរ និងការទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់​នោះ​ទេ។

ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីការចរចាលើសន្ធិសញ្ញាត្រីភាគីស្តីពីការកាត់​បន្ថយអាវុធ​នុយ​ក្លេ​អ៊ែរ​ឡើយ ដែលជាចំណុចមួយលោក ត្រាំ បានជំរុញតាំងពីអាណត្តិទីមួយរបស់លោកមក ប៉ុន្តែត្រូវបានប្រទេស​ចិន​បដិសេធ​ជាបន្តបន្ទាប់ ដោយអះអាងថា ឃ្លាំងអាវុធរបស់ខ្លួន​មានទំហំតូច​ជាងមហាអំណាចដទៃទៀតយ៉ាងខ្លាំង។

នៅដើមដំបូង​នៃ​ជំនួប លោក ត្រាំ បានលើកឡើងអំពីអាវុធនុយក្លេអ៊ែរ ដោយនិយាយថា៖ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការបោះបង់ចោលអាវុធទាំងនោះ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងថា បណ្តាប្រទេសនានានឹងបន្តសម្របសម្រួលគ្នាលើកម្រិតការងារ បន្ទាប់ពីកិច្ចប្រជុំកំពូល ដើម្បីសន្តិភាព។

អ្នកវិភាគបានលើកឡើងថា លោក ត្រាំ បានមកកាន់ទីក្រុងសិនជិន ក្នុងគោលបំណងពង្រឹងជំហររបស់ខ្លួន បន្ទាប់​​ពីគណបក្សសាធារណរដ្ឋរបស់លោកបានបាត់បង់ការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីដើម​ខែនេះ។

លោក ត្រាំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រ​ថា កិច្ចប្រជុំកំពូលនៅទីក្រុងសិនជិនគឺ ធំជាង​​កិច្ចប្រជុំនៅ​យ៉ាល់​តា ដោយលោកសំដៅលើកិច្ចប្រជុំកាល​ពី​ឆ្នាំ១៩៤៥ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត ដែលបាន​ក្លាយ​ជាពាក្យតំណាងសម្រាប់កិច្ចព្រមព្រៀងនានារវាងមហាអំណាចធំៗ។

លោក​​បានការពារការហៅលោក ពូទីន ថា ជាមិត្ត ដោយលើកឡើងថា វាជារឿងល្អ ដែលមានមនុស្សម្នាក់ដែលកាន់កាប់អាវុធនុយក្លេអ៊ែរចំនួន៤.០០០គ្រាប់ មកធ្វើជាមិត្ត ជាជាងធ្វើជាសត្រូវ​។

លោកក៏បានហៅលោក ស៊ី ជិនពីង ថា ជាមិត្តភក្តិ និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់ផងដែរ ប៉ុន្តែលោកបានទទួលស្គាល់​​ពី​ការលំបាកក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា វាជារឿងលំបាកខ្លាំងណាស់ខាង​ផ្លូវចិត្តសម្រាប់​​មេដឹកនាំនានា។

លោក ឆាល ស៊ូម័រ (Charles Schumer) ប្រធាន​ក្រុម​ការងារ​​មក​ពី​គណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាសហរដ្ឋ​អាមេ​រិក បានហៅកិច្ចប្រជុំកំពូលត្រីភាគីនេះថា ជាភាពអាម៉ាស់ជាប្រវត្តិសាស្ត្រមួយ ដែលមនុស្សនឹងចងចាំទៅថ្ងៃ​មុខ​យ៉ាង​យូរ​អង្វែង។

សហរដ្ឋអាមេ​រិក និងអឺរ៉ុប ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ក្រោយបញ្ចប់សង្គ្រាមលោក​លើកទីពីរ បានចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ខណៈលោក ត្រាំ បានកាត់​បន្ថយការគាំទ្រដល់អ៊ុយក្រែន ហើយ​​ទាម​ទារឱ្យដៃគូក្នុងអង្គការណាតូ (NATO) ចំណាយថវិកាបន្ថែមទៀតសម្រាប់ការការពារខ្លួនឯង៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង