សមាជិកសភាជំរុញឱ្យលោក ត្រាំ ដាក់សម្ពាធលើលោក ស៊ី ជិនពីង ឱ្យដោះលែងពលរដ្ឋអាមេរិក និងអ្នកទោសនយោបាយដែលកំពុងត្រូវបានឃុំខ្លួននៅចិន

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កាល​ពី​ថ្ងៃពុធ បានជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បន្តដាក់សម្ពាធលើមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ឱ្យដោះលែងពលរដ្ឋ​អាមេរិកពីរនាក់ រួមទាំងអ្នកទោសនយោ​បាយផ្សេងទៀតផងដែរដែលត្រូវបាន​ឃុំខ្លួនដោយខុសច្បាប់ នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងសិនជិន (Shenzhen) នា​ថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រនៅ​ថ្ងៃព្រហស្បតិ៍​នេះ​។​

លោក យូលិន ជិន (Youlin Chen) និងលោក មីន ស៊ីន​ (Min Zin) ជាអ្នកតស៊ូមតិឱ្យ​ដោះលែង​ជនជាតិ​អាមេរិកទាំងនោះ បាននិយាយថា ពួកគេរំពឹងថា លោក ត្រាំ នឹងលើកយកករណីរបស់​​ពួកគេទៅពិភាក្សាជាមួយលោក ស៊ី។

លោក ចន មូឡេណា (John Moolenaar) ប្រធាន​គណៈកម្មាធិការពិសេស នៃសភាតំណាងរាស្ត្រទទួលបន្ទុកកិច្ចការពាក់​ព័ន្ធប្រទេស​ចិន លោក រ៉ូបឺត អាដេហូល (Robert Aderholt) ប្រ​ធានក្រុមការងារសភាតំណាងរាស្ត្រ និងលោក គ្រីស ស្មីត (Chris Smith) សហប្រធានគណៈកម្មការសភា-រដ្ឋបាលទទួលបន្ទុកកិច្ចការពាក់ព័ន្ធប្រទេស​ចិន បានចេញសេចក្តីថ្លែងការណ៍នេះ​​។ សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋចំនួន១៧ រូបផ្សេងទៀត ក៏បានចូលរួមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះផងដែរ។

សមាជិកសភាទាំងនោះ បានលើកឡើងថា បុរសទាំងពីរនាក់ត្រូវបានឃុំខ្លួនដោយផ្អែកលើការសង្ស័យដែលគ្មានមូល​ដ្ឋាន​ថា បានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ពួកគេបានលើកយកករណីដោះលែងលោកគ្រូគង្វាល អេស្រា ជិន (Ezra Jin) កាលពីខែកក្កដាមកធ្វើជាឧទាហរ​ណ៍បង្ហាញថា ការងារការទូតអាចផ្តល់លទ្ធផលជាក់ស្តែង ហើយពួកគេក៏បានអំពាវនាវឱ្យមាន​ការដោះលែងអ្នក ដែលកំពុងជាប់ឃុំផ្សេងទៀត រួមមានលោក ជីមមី ឡៃ (Jimmy Lai) ជាមហា​សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅហុងកុង និងលោក អ៊ីលហាំ តូហ៊ី (Ilham Tohti) ជាអ្នកសេដ្ឋកិច្ចជន​ជាតិ​អ៊ូហ្គួរ​​ផង​ដែរ។ សមាជិកសភាទាំងនេះ​បានអះអាងថា ពួកគេគួរតែត្រូវ​បាន​ដោះលែង​ភ្លាមៗ​។​

ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះ មន្ត្រីអាមេរិកម្នាក់បានអះអាង​ថា ការដោះស្រាយ​​ករណីឃុំខ្លួនពលរដ្ឋអាមេរិកដោយមិនត្រឹមត្រូវ គឺជាអាទិភាពចម្បងបំផុតមួយសម្រាប់ប្រធានាធិបតីជានិច្ច។

ការចាត់ថ្នាក់ថា ជា «ការឃុំខ្លួនដោយមិនត្រឹមត្រូវ» នេះ បានធ្វើឱ្យការដោះលែងបុគ្គលទាំងពីរនាក់នោះ ក្លាយជាអាទិភាពចម្បងបំផុតមួយសម្រាប់សហរដ្ឋអាមេរិក។

មន្ត្រីអាមេរិក និងអ្នកតស៊ូមតិសម្រាប់បុគ្គលទាំងពីររូប ដែលកំពុងត្រូវបានឃុំខ្លួននេះ​ បានលើកឡើង​​ថា ប្រទេស​ចិន​មិន​បាន​ឆ្លើយតប ឬចូលរួមដោះស្រាយករណីទាំងនេះឡើយ ទោះបីជាលោក ដូណាល់ ត្រាំ បានលើកឡើងពីករណី​របស់​លោក ជិន​ នៅក្នុងជំនួបជាមួយលោក ស៊ី កាលពីខែឧសភា និងបានលើកឡើងពីករណីរបស់បុគ្គលទាំងពីររូបនេះម្តងទៀតនៅខែកញ្ញាក៏ដោយ។

អ្នកនាំពាក្យស្ថានទូតចិន បានថ្លែងថា ប្រទេសចិន គឺជាប្រទេស ដែលគ្រប់គ្រងដោយនីតិរដ្ឋ។ ស្ថាប័នតុលាការរបស់​ចិនចាត់ការសំណុំរឿងនានាស្របតាមច្បាប់ ហើយមិនមានអ្វីដែលហៅថា ការឃុំខ្លួនដោយខុសច្បាប់នោះឡើយ។

លោក មីន ស៊ីន​ អ្នកស្រាវជ្រាវអំពីប្រទេសមីយ៉ាន់ម៉ាត្រូវបានឃុំខ្លួន អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ចិន​ភាគនិរតីកាលពីខែមិថុនា។ ក្រសួងការបរទេសចិនបានអះ​អាង​​ថា ពលរដ្ឋអាមេរិករូបនេះ ត្រូវបានសង្ស័យថា បាន​ធ្វើ​ចារកម្ម និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន។

លោក ជិន​ គឺជាអ្នកជំនាញផ្នែករញ្ជួយដី ដែល​កើតនៅប្រទេសចិន។ ការងារស្រាវជ្រាវរបស់លោក​ត្រូវបានបោះពុម្ពផ្សាយ ពាក់ព័ន្ធនឹងសញ្ញា នៃការរញ្ជួយដី ដែលបង្កឡើងដោយការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺទទួលបានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក។ លោក​ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង កាល​ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០​២៤ ខណៈពេលលោក​កំពុងរៀបចំធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ អាជ្ញាធរចិនបាន​ចោទ​ប្រកាន់​លោក​ពីបទចារកម្ម នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានចាត់ទុកបុរសទាំងពីរនាក់នេះ​ថា ជាអ្នកដែលត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវ។

កាលពីខែមុន ក្រសួងការបរទេសបានព្រ​មានអំពីហានិភ័យនៃការឃុំខ្លួនដោយមិនត្រឹមត្រូវនៅពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​។ ក្រសួងអាចនឹងដំឡើងកម្រិតហានិភ័យនៅក្នុងសេចក្តីណែ​នាំ​អំពីការធ្វើដំណើរទៅកាន់ប្រទេសចិននេះ ប្រសិនបើមិនមានវឌ្ឍនភាពណាមួយកើតឡើង​។

លោក អេរិក ឡេបសិន​ (Eric Lebson) ប្រធានផ្នែកយុទ្ធសាស្ត្រនៃអង្គការ Global Reach ជាក្រុម​តស៊ូមតិមួយកំពុង​ធ្វើការជាមួយគ្រួសាររបស់លោក ជិន​ បានលើកឡើងថា វាជារឿងមិនធម្មតាទេ សម្រាប់រដ្ឋាភិបាលចិន ដែលមិន​ព្រមចូលរួមដោះស្រាយបញ្ហាបែបនេះ បន្ទាប់ពីមានការពិភាក្សាចំនួនពីរលើករួចមកហើយរវាងប្រធានាធិបតីនៃ​ប្រទេស​ទាំងពីរ​៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង