ការរឹតត្បិតរបស់អាមេរិកលើការលក់បន្ទះឈីប AI ប៉ះពាល់ការរីកចម្រើននៃមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ីអាគ្នេយ៍ ខណៈតម្លៃភាគហ៊ុនបានធ្លាក់ចុះ
ភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលទិន្នន័យ និងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបនៅតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃអង្គារ ខណៈវិធានការរឹតត្បិតថ្មីរបស់អាមេរិកលើការនាំចេញបន្ទះឈីបទំនើបមកកាន់តំបន់នេះ បានបង្កជាការគំរាមកំហែងដល់ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) ដែលមានទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ហើយកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ។
បទប្បញ្ញត្តិថ្មីនេះ ដាក់កម្រិតលើការដឹកជញ្ជូនបន្ទះឈីបទំនើបទៅកាន់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំៗនៅតំបន់ដូចជា ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលក្រុមហ៊ុនចិនមួយចំនួនបានប្រើប្រាស់ ដើម្បីទទួលបានកម្លាំងគណនារបស់ប្រព័ន្ធកុំព្យូទ័រសម្រាប់បណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។
វិធានការនេះ ក៏ដាក់ចេញនូវលក្ខខណ្ឌថ្មីៗផងដែរ ទៅលើមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រ ទេស ដែលផ្តល់សមត្ថភាពគណនាដល់ក្រុមហ៊ុននានា ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសចិន។
លោក ណេល សា (Neil Shah) អនុប្រធានក្រុមហ៊ុនស្រាវជ្រាវ Counterpoint បាននិយាយថាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន មិនអាចគេចវេះពីបម្រាមលើផ្នែករឹង (hardware) តាមរយៈការជួលកម្លាំងគណនាប្រព័ន្ធកុំព្យូទ័រដ៏ទំនើបរបស់សហរដ្ឋអាមេរិកពីមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសបានទៀតនោះទេ។
លោកបានបន្តថា បទប្បញ្ញត្តិនេះ បានផ្លាស់ប្តូរជាមូលដ្ឋាន ពីក្រុមហ៊ុនផលិតផ្នែករឹងទៅកាន់អ្នកផ្តល់សេវាកម្មប្រព័ន្ធក្លោដ (cloud) និងសហគ្រាសនានា។ លោកបានបន្ថែមថា ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវប្រឈមនឹងតម្រូវការច្រើនទាក់ទងនឹងការអនុវត្តនីតិវិធី។
ភាគហ៊ុនរបស់ក្រុមហ៊ុនម៉ាឡេស៊ីចំនួនពីរ ដែលប្រកបអាជីវកម្មផ្នែករៀបចំហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ គឺក្រុមហ៊ុន MN Holdings និង Critical Holdings បានធ្លាក់ចុះជិត ២០% ស្របពេល ដែលក្រុមហ៊ុន YTL Power ជាដៃគូរបស់ក្រុមហ៊ុន Nvidia លើផ្នែកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក៏បានធ្លាក់ចុះជិត១០% ផងដែរ។
លោកស្រី ចារូ ចាណានា (Charu Chanana) ប្រធានផ្នែកយុទ្ធសាស្ត្រវិនិយោគនៅក្រុមហ៊ុន Saxo នៅប្រទេសសិង្ហបុរី បានលើកឡើងថា ដោយសារប្រតិបត្តិករនៃមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសពឹងផ្អែកលើអតិថិជនចិន ដូច្នេះស្ថានភាពនេះអាចនាំឱ្យអត្រាប្រើប្រាស់ធ្លាក់ចុះ មានការដាក់សម្ពាធលើតម្លៃ និងការពន្យារពេលក្នុងការពង្រីកប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន ក៏អាចប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម និងដំណើរការអភិវឌ្ឍ ដែលមានភាពយឺតយ៉ាវជាងមុនផងដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Frencken របស់សិង្ហបុរី ជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់ហូឡង់គឺ ASML បានធ្លាក់ចុះ ៣,៩១% ខណៈក្រុមហ៊ុន AEM ដែលធ្វើការលើផ្នែកតេស្តឧបករណ៍អេឡិចត្រូនិកពាក់កណ្តាលចម្លង និងមានទំនាក់ទំនងការងារជាមួយក្រុមហ៊ុន Intel នោះ បានធ្លាក់ចុះ២,៩%។
ការលក់ចេញភាគហ៊ុនបានរាលដាលដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាក្រុមហ៊ុនបន្ទះសៀគ្វីអេឡិចត្រូនិក ប្រព័ន្ធគ្រប់គ្រងកម្ដៅ និងថាមពល នៅទូទាំងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់។
ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាចិនក៏បានធ្លាក់ចុះផងដែរ ដោយភាគហ៊ុន Alibaba បានធ្លាក់ចុះ ៥% និងភាគហ៊ុនរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះ៣%។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន SMIC ជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាឈានមុខគេរបស់ចិន និងជាតួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការប្រើប្រាស់ជម្រើសផលិតក្នុងស្រុកនោះ បានទទួលផលចំណេញពីស្ថានការណ៍នេះ ដោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើង ៧%។
បទប្បញ្ញត្តិថ្មីនេះ បានកំណត់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រេស៊ីល ថា ជាប្រទេស ដែលប្រឈមនឹងហានិភ័យ នៃការបញ្ជូនបន្ទះឈីបទំនើបបន្តទៅកាន់គោលដៅផ្សេងទៀត។ ហេតុនេះ ការនាំចេញបន្ទះឈីបទៅកាន់ទីផ្សារទាំងនេះ តម្រូវឱ្យមានអាជ្ញាប័ណ្ណនាំចេញពីសហរដ្ឋអាមេរិក។
វិធានការនេះធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ចេនសិន ហ៊ួង នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានលាលែងពីតំណែង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់ ដែលសង្ស័យថា ជាចារកម្មចិន ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ទំនាក់ទំនងស្នេហានេះបានធ្វើឱ្យមានការចាប់អារម្មណ៍លើមជ្ឈមណ្ឌលទិន្នន័យ និងឧស្សាហកម្មផលិតបន្ទះឈីបនៅតំបន់អាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ហើយវិស័យទាំងនេះក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការត្រួតពិនិត្យកាន់តែតឹងរ៉ឹងផងដែរ។
បទប្បញ្ញត្តិថ្មីនេះមិនរាប់បញ្ចូលក្រុមហ៊ុនអាមេរិក ដែលដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់នេះទេ ដែលថ្នាក់ដឹកនាំមួយចំនួនសង្ឃឹមថា វានឹងជួយកាត់បន្ថយផលប៉ះពាល់។
តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាទីផ្សារមជ្ឈមណ្ឌលទិន្នន័យមួយក្នុងចំណោមទីផ្សារដែលមានកំណើនលឿនបំផុតនៅលើពិភពលោក ដោយទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោកកំពុងប្រណាំងប្រជែងគ្នាក្នុងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត (AI)។
ក្រសួងពាណិជ្ជកម្មរបស់ម៉ាឡេស៊ីបានអះអាងថា ម៉ាឡេស៊ីបានអនុម័តការវិនិយោគពាក់ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់ប្រមាណ៩៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២១។
គិតត្រឹមខែកុម្ភៈ ប្រទេសថៃមានមជ្ឈមណ្ឌលទិន្នន័យចំនួន៤២ ដែលមានសមត្ថភាពផ្ទុកបច្ចេកវិទ្យាព័ត៌មាន (IT load) ស្មើនឹង៣៤០០ មេហ្គាវ៉ាត់ (MW) និងមានទំហំវិនិយោគប្រហែល៧៥០ពាន់លានបាត (ស្មើនឹង២៣ពាន់លានដុល្លារអាមេរិក)។ រីឯទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសឥណ្ឌូនេស៊ីមានតម្លៃ ២,៨១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។
អាជ្ញាធរសិង្ហបុរីបានឱ្យដឹងថា ខ្លួនកំពុងសិក្សាលម្អិតអំពីវិធានការថ្មីរបស់អាមេរិកយ៉ាងយកចិត្តទុកដាក់ និងកំពុងធ្វើការជាមួយក្រុមហ៊ុននានា ដែលរងផលប៉ះពាល់ ដើម្បីវាយតម្លៃពីផលប៉ះពាល់នោះ។ ពួកគេក៏កំពុងទាក់ទងទៅកាន់អាជ្ញាធរអាមេរិកផងដែរ ដើម្បីសាកសួរអំពីវិសាលភាព និងការអនុវត្តវិធានការនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


