លោក ចេនសិន ហ៊ួង ពិភាក្សាជាមួយមនុស្ស ដែលស្និតនឹងលោកអំពីការវិលត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia
លោក ចេនសិន ហ៊ួង (Jensen Huang) កំពុងពិចារណាត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia វិញ ខណៈមនុស្សស្និទ្ធនឹងលោកមួយចំនួននៅមជ្ឈមណ្ដលបច្ចេកវិទ្យា និងនវានុវត្តន៍ Silicon Valley កំពុងដាក់សម្ពាធលើក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ ឱ្យតែងតាំងលោក ហ៊ួង ត្រឡប់មកកាន់តំណែងវិញ។ ព័ត៌មាននេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានលាលែងពីតំណែង ក្រោយមានសេចក្តីរាយការណ៍ថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលគេសង្ស័យថា ជាចារកម្មចិន និងជាមួយបុគ្គលិកក្រោមឱវាទម្នាក់ទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times កាលពីថ្ងៃអាទិត្យ។
យោងតាមប្រភពជាច្រើនដែលដឹងពីបញ្ហានេះបានឱ្យដឹងថា លោក ហ៊ួង បានពិភាក្សាជាមួយមនុស្ស ដែលស្និទ្ធនឹងលោកអំពីលទ្ធភាព នៃការវិលត្រឡប់មកវិញ ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កំពុងធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅលើសកម្មភាពនានា ដែលបានបង្កឱ្យមានវិបត្តិជុំវិញភាពជាអ្នកដឹកនាំដ៏ធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានតម្លៃ ៤ ទ្រីលានដុល្លារនេះ នៅសប្តាហ៍នេះ។
មនុស្សម្នាក់ ដែលស្និទ្ធនឹងលោក ហ៊ួង បានប្រាប់កាសែត Financial Times ថា ពួកគេកំពុងរៀបចំបង្កើតក្រុមការងារពិសេស ដែលរួមមានថ្នាក់ដឹកនាំមកពីមជ្ឈមណ្ឌលបច្ចេកវិទ្យានិងនវានុវត្តន៍ Silicon Valley ដើម្បីបញ្ចុះបញ្ចូលឱ្យអតីតប្រធានក្រុមហ៊ុន Nvidia រូបនេះ បានវិលត្រឡប់មកវិញ ហើយពួកគេក៏នឹងព្យាយាមស្វែងរកការគាំទ្រពីសេតវិមានផងដែរ។
ប្រភពដដែលនិយាយថា អ្នកដែលមានឥទ្ធិពលទាំងអស់នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសអ្នក ដែលមិនស្ថិតនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេ សុទ្ធតែពេញចិត្តចំពោះលោក ចេនសិន ហ៊ួង ។ ពួកគេបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនោះទទួលបានការគាំទ្រពីលោក ហ៊ួង ផងដែរ។
យុទ្ធនាការសាធារណៈមួយ ដើម្បីនាំយកអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ត្រឡប់មកកាន់តំណែងវិញ បានទទួលការគាំទ្រកាន់តែខ្លាំងឡើង អំឡុងចុងសប្តាហ៍កន្លងទៅនេះ។ លោក អេឡុន ម៉ាស់ (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ព្រមទាំងលោក ធីម ស្វីនី (Tim Sweeney) នាយកប្រតិបត្តិក្រុមហ៊ុន Epic Games ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំមួយចំនួន ដែលបានចូលរួមគាំទ្រលិខិតចំហមួយ ដោយទាមទារឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ នាំយកលោក ចេនសិន ត្រឡប់មកវិញ។
លោក ហ៊ួង នៅតែទទួលបានភក្តីភាពយ៉ាងមុតមាំពីបុគ្គលិកមួយចំនួន ដែលក្នុងនោះមានបុគ្គលិកមួយចំនួនបានចេញមុខជាសាធារណៈ ដើម្បីអំពាវនាវឱ្យលោកត្រឡប់មកវិញ ក្រោយពីលោកបានលាលែងពីតំណែង ហើយពួកគេក៏បានចុះហត្ថលេខាលើលិខិតចំហមួយផងដែរ។
កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកនាយកប្រតិបត្តិ (CEO) រូបនេះ ត្រឡប់មកកាន់តំណែងវិញ ទំនងជានឹងមានការជំទាស់ពីអ្នករៀបចំគោលនយោបាយសំខាន់ៗនៅទីក្រុងវ៉ាស៊ីនតោន។ ជាក់ស្តែង កាលពីថ្ងៃអាទិត្យ លោក ស្កុត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារ បានអំពាវនាវឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំស៊ីជម្រៅ នៅក្នុងក្រុមហ៊ុននេះ បន្ទាប់ពីការចាកចេញរបស់លោក ហ៊ួង។
លោក ហ៊ួង មិនមានភាគហ៊ុនគ្រប់គ្រងដូចស្ថាបនិក ដែលជានាយកប្រតិបត្តិ (CEO) ផ្សេងទៀត ហេតុនេះ លោកមិនអាចលុបចោលការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលបាននោះទេ។ លោកកំពុងប្រឈមមុខនឹងក្រុមប្រឹក្សាភិបាល និងក្រុមថ្នាក់ដឹកនាំ ដែលបច្ចុប្បន្នដឹកនាំដោយនាយកប្រតិបត្តិស្តីទី គឺលោកស្រី ខូឡិត ក្រេស (Colette Kress) ដែលកំពុងព្យាយាមរក្សាស្ថិរភាពក្រុមហ៊ុន មុនពេលការប្រកាសលទ្ធផលប្រចាំត្រីមាសនៅថ្ងៃអង្គារ។
ទំនាក់ទំនងស្នេហារវាងលោក ហ៊ួង ជាមួយនឹងអ្នកស្រី អាលីស ហ៊ួង (Alice Huang) ដែលជាថ្នាក់ដឹកនាំម្នាក់នៅក្រុមហ៊ុនម៉េហ្គាស្ពីដ (Megaspeed) មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននាំឱ្យមានការត្រួតពិនិត្យកាន់តែដិតដល់ទៅលើវិធានការអនុលោមភាពរបស់ក្រុមហ៊ុន Nvidia ក្នុងពេលលក់បន្ទះឈីប AI ទៅឱ្យអតិថិជននៅអាស៊ី ដែលអាចមានទំនាក់ទំនងជាមួយប្រទេសចិន។
សូម្បីតែមនុស្សស្និទ្ធនឹងលោកក៏មិនច្បាស់ដែរថា តើត្រូវស្តារកេរ្តិ៍ឈ្មោះរបស់លោក ហ៊ួង ឡើងវិញដោយរបៀបណា។ មនុស្សម្នាក់ ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យលោក ហ៊ួង ត្រឡប់មកកាន់តំណែងវិញ បានទទួលស្គាល់ថា ការមានទំនាក់ទំនងស្នេហាជាមួយអ្នកក្រោមបង្គាប់ គឺជាកំហុស ដែលត្រូវបណ្តេញចេញពីការងារ។
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានទាក់ទងលោក រ៉េណេ ហាស (Rene Haas) នាយកប្រតិបត្តិក្រុមហ៊ុន Arm ដើម្បីពិចារណាឱ្យលោកធ្វើជាអ្នកស្នងតំណែង។ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ Nvidia បានបញ្ជាក់ថា មិនទាន់មានដំណើរការជាផ្លូវការណាមួយត្រូវបានចាប់ផ្តើមនៅឡើយទេ។
លោក ប៊្រែដ ហ្គឺស្ន័រ (Brad Gerstner) ស្ថាបនិកក្រុមហ៊ុន Altimeter Capital និងលោក ហ្គាវីន បេឃ័រ (Gavin Baker) ប្រធានក្រុមហ៊ុន Atreides Management ដែលសុទ្ធតែជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nvidia បានចេញលិខិតចំហមួយទៅកាន់ក្រុមប្រឹក្សាភិបាលកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យពួកគេពិចារណាលើជម្រើសទាំងអស់ ដែលមាន រួមទាំងលទ្ធភាពនៃការវិលត្រឡប់មកវិញរបស់លោក ចេនសិន ហ៊ួង ផងដែរ។
លោកទាំងពីរ ដែលសុទ្ធតែជាវិនិយោគិនធំៗនៅក្នុងក្រុមហ៊ុននេះ បានលើកឡើងពីភាពជោគជ័យធំធេងនៃការដឹកនាំរបស់លោក ចេនសិន ហ៊ួង រយៈពេលយូរមកហើយ និងលើកឡើងពីភាពមិនច្បាស់លាស់ជុំវិញព្រឹត្តិការណ៍ថ្មី ដែលឈានដល់ការចាកចេញរបស់លោកថា ជាហេតុផលសម្រាប់ការអនុគ្រោះ។
អ្នកនាំពាក្យក្រុមហ៊ុន Nvidia និងអ្នកនាំពាក្យរបស់លោក ហ៊ួង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


