សភាអាមេរិក រារាំងការប៉ុនប៉ងចោទប្រកាន់ ដើម្បីទម្លាក់រដ្ឋមន្ត្រីការពារជាតិ ហេកសិត

កាល​ពី​ថ្ងៃអង្គារ សមាជិកសសភា​មក​ពី​គណបក្សសាធារណរដ្ឋ​ បានរារាំងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីចោទប្រកាន់ ដើម្បីដក​តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសិត (Pete Hegseth)។ សកម្មភាពនេះបាន​ជួយឱ្យប្រធាន​មន្ទីរបញ្ចកោណរូបនេះ អាចគេចផុតពីវិបត្តិបានមួយគ្រា មុនពេលគណបក្សប្រជាធិបតេយ្យ​ចូល​​កាន់កាប់សភាទាំងមូលនៅឆ្នាំក្រោយ ដែលនៅពេលនោះ ពួកគេអាចនឹងព្យាយាមធ្វើរឿងនេះម្តងទៀត។ នេះបើ​តាម​​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ កាលពី​ថ្ងៃ​អង្គារ។​

ការបោះឆ្នោតលើសំណើចោទប្រកាន់​ បានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ហេកសិត បាន​រិះ​គន់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង ដើម្បីចោទប្រកាន់ដកតំណែងរូបលោក ដោយចាត់ទុកថា ជារឿងលេងសើចឥត​ន័យ ហើយលោកបានថ្លែងការពារប្រវត្តិ​ការងាររបស់លោក​ អំឡុងពេលដឹកនាំកងទ័ពអាមេរិក ដោយ​ទទួលបានការ​កោត​សរសើរពីប្រធានាធិបតី ដូណាល់ ត្រាំ។

សភាបានបោះឆ្នោត ដោយ​សំឡេង​គាំ​ទ្រ​២១១ ទល់នឹង២០៤ សំឡេង ឱ្យ​បញ្ចូន​សំណើចោទប្រ​កាន់​ទៅកាន់គណៈ​កម្មាធិ​ការ​​យុត្តិ​ធម៌​​របស់​សភា ដែលដឹកនាំដោយគណបក្សសា​ធារ​ណរដ្ឋ​។ វិធាន​ការនេះត្រូវបានលោក ថូម៉ាស ម៉ាសស៊ី (Thomas Massie) សមាជិកសភាអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតក្នុងការចោទប្រកាន់នេះ បានព្រមានថា វានឹងធ្វើឱ្យដំណើរការនេះ ត្រូវបញ្ចប់​ទៅវិញ។

លោក ម៉ាសស៊ី​ ជាសមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋខេនតាក់គី​ (Kentucky) សង្ឃឹមថា នឹងទាក់ទាញសំឡេងគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន ដែលមិនពេញចិត្តនឹងគោលនយោបាយរបស់លោក ហេកសិត​ និង​​ការព្រួយបារម្ភចំពោះការ​មិន​ពេ​ញចិត្ត​របស់​ពលរដ្ឋ​ចំពោះ​សង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែគ្មាន​សមាជិកគណបក្សសាធារណ​រដ្ឋ​ផ្សេង​ទៀត​ចូលរួមជាមួយលោក​ឡើយ។

ទោះបីជាយ៉ាងណា ខាងគណបក្សប្រជាធិបតេយ្យបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចោទប្រកាន់ ដើម្បីទម្លាក់ពីតំណែងនេះ​ ប៉ុន្តែសមាជិកសភា​ចំនួន១១រូបអវត្តមាន​ក្នុង​ការ​បោះឆ្នោតនោះ។

លោក ត្រាំ បានសម្តែងការអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនេះ ដោយ​បង្ហោះសារលើបណ្តាញសង្គម ដោយលើក​ឡើងថា ការប៉ុនប៉ងដកលោក ហេកសិត​ ចេញពីតំណែងបានបរា​ជ័យយ៉ាងធ្ងន់ធ្ងរ។​

ស្របពេលដែល​គេមើលឃើញថា​ ការចោទប្រកាន់ ដើម្បីដក​តំណែងនេះ អាចនឹងធ្វើឱ្យលោក ត្រាំ និងលោក ហេក​សិត​ កាន់តែស្និទ្ធស្នាលនឹងគ្នានោះ​ លោក ត្រាំ បានអះអាង​ថា លោក ហេកសិត គឺជា​អ្នក​ស្នេហាជាតិ​ ហើយ​លោក​គ្មាន​​កំហុស​​ចំពោះ​​សកម្ម​ភាពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់ វេណេស៊ុយអេឡា និងបញ្ហាផ្សេងៗទៀតនោះ។

លោក ហេកសិត នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ ដើម្បីដក​ចេញ​​ពីតំណែង។ លើកចុងក្រោយ ដែលមានមេដឹកនាំកងទ័ពអាមេរិកត្រូវបាន​ចោទប្រកាន់តាម​របៀប​ស្រដៀង​គ្នា​​នេះ គឺនៅឆ្នាំ១៨៧៦ នៅពេលដែលលោក វីលលៀម ប៊ែលនែប (William Belknap) កាន់តំណែងជារដ្ឋមន្ត្រីក្រសួង​សង្គ្រាម។

លោក ហេកសិត បាន​ហៅខ្លួនឯងថា ជារដ្ឋមន្ត្រីក្រសួងសង្គ្រាម ដែលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការកែប្រែមុខមាត់កងទ័ព ដែលលោកបានលើកឡើងថា មានភាពទន់ខ្សោយពេក នៅពេលលោក​ចូលកាន់តំណែងកាលពីឆ្នាំមុន។ លោក ត្រាំ មិនអាចផ្លាស់​ប្តូរឈ្មោះក្រសួងការពារជាតិ​បានឡើយ ប្រសិនបើគ្មាន​ការអនុម័តពីសភា។

ការមិន​សប្បាយចិត្ត​របស់អ្នកបោះឆ្នោតចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានឈានដល់ស្ថានភាពជាប់គាំង បាន​ជួយ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងនៅ​ក្នុង​សភា នៅ​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាល​ពីសប្តាហ៍មុន។

លោក ហាគីម ជេហ្វហ្វ្រី (Hakeem Jeffries) មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភា បានរិះគន់លោក ហេក​សិត​ មុនការបោះឆ្នោត ដោយបានថ្លែងកាលពីថ្ងៃចន្ទថា លោក ភីត ហេកសិត បានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងផ្លូវខុស បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយលោក គឺជាអ្នករៀបចំផែនការនៃសង្គ្រាមមួយនៅអ៊ីរ៉ង់ ដែលជា​សង្គ្រាមកើតចេញពីការសម្រេចចិត្តផ្ទាល់ខ្លួន ទាំងមិនបាន​គិតគូរឱ្យបានល្អិតល្អន់ និងបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែលោក ហេកសិត​ បានការពារការ​ធ្វើ​សង្គ្រាម​នេះម្តងហើយ​ម្តងទៀត​ ដោយអះអាង​ថា លោក ត្រាំ​ គឺជាមនុស្សក្លាហាន ហើយបាននិយាយថា កងទ័ពអ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ លោកក៏បានបញ្ជាក់ផងដែរថា បទបញ្ជា ដែលលោកបានចេញទៅកាន់កងកម្លាំងសហរដ្ឋ​អាមេរិកនោះ គឺស្របច្បាប់ ទោះបីជាលោក ម៉ាសស៊ី​ បាន​ចោទ​ប្រកាន់​ថា ជា​បទល្មើសធ្ងន់ធ្ងរ និងបទល្មើសមជ្ឈឹម​ផ្សេងទៀត​ ដែលការចោទប្រកាន់ទាំងនោះ រួមមានសង្គ្រាម​​ជា​មួយ​អ៊ីរ៉ង់​ រហូតដល់ប្រតិបត្តិការវាយឆ្មក់របស់យោធាអាមេរិកកាលពីខែមករា ដើម្បីទម្លាក់ប្រធានា​ធិបតី​វេណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីតំណែង។

លោកបាននិយាយ​ថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យសង្គ្រាមនៅអ៊ីរ៉ង់ខុសពីការយល់ឃើញទូទៅដែលមាននៅពេលនេះ​កម្រិត​ណា​។

ទោះបីជា​យ៉ាងណា លោក ម៉ាសស៊ី​ បាន​សម្តែង​ការខកចិត្តចំពោះការបោះឆ្នោតនៅសភា​នេះ ដោយបានប្រៀប​ធៀប​​សមាជិក​សភា​​មក​ពី​គណបក្សសាធារណរដ្ឋទៅនឹងអ្នកដំណើរ ដែលសុខ​ចិត្តលិចស្លាប់​ជាមួយនាវាទីតានិច​ (Titanic)។ ដោយ​​លោក​បាន​បន្ថែមថា គ្រប់គ្នា​ដឹងថា នាវា​នោះ​កំពុង​លិច​ ប៉ុន្តែ​នៅ​តែ​បន្ត​នៅ​លើ​នាវានោះទៀត​៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង