សេតវិមានបដិសេធព័ត៌មានថា លោក ហេកសិត និងលោក រូប៊ីអូ នឹងចាកចេញពីតំណែង បន្ទាប់ពីគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
សេតវិមានបានបដិសេធពាក្យចចាមអារ៉ាមដែលថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសិត (Pete Hegseth) និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) អាចនឹងចាកចេញពីតំណែងរបស់ខ្លួន នៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន BBC កាលពីថ្ងៃសុក្រ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មានការអំពាវនាវឱ្យដាក់ជំនួសលោក ហេកសិត ជាពិសេសពាក់ព័ន្ធនឹងរបៀប ដែលលោកដោះស្រាយបញ្ហាសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលត្រូវបានគេចាត់ទុកថា ជាមូលហេតុនាំឱ្យគណបក្សសាធារណរដ្ឋទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោត។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់ ដែលនឹងត្រូវចាកចេញពីតំណែង បានគំរាមជំរុញឱ្យមានការបោះឆ្នោតដកតំណែង លោក ហេកសិត ដែលអាចនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយ។
លោក ភីត ហេកសិត រដ្ឋមន្ត្រីក្រសួងការពារជាតិបានបង្ហោះវីដេអូមួយ ដើម្បីការពារប្រវត្តិការងាររបស់លោក ព្រមទាំងថ្កោលទោសចំពោះកិច្ចប្រឹងប្រែងធ្វើបែបនេះ។
ស្របពេលជាមួយគ្នានេះដែរ លោក រូប៊ីអូ បានបដិសេធសេចក្តីរាយការណ៍ ដែលថា លោកកំពុងពិចារណាចាកចេញពីតំណែងរបស់លោក មុនពេលដំណើរការឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៨។
លោក រូប៊ីអូ បានប្រាប់កាសែត The New York Times នៅក្នុងបទសម្ភាសន៍មួយថា លោកនឹងធ្វើការឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចប់អាណត្តិរបស់លោក ហើយថា វានៅតែជាផែនការរបស់លោកដដែល។
លោក រូប៊ីអូ បាននិយាយថា លោកស្រឡាញ់ការងារ ដែលលោកកំពុងធ្វើ ហើយលោកតែងតែអស់សំណើចនៅពេលគេនិយាយថា លោកនឹងចាកចេញពីការងារនោះ។
សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានច្រានចោលសេចក្តីរាយការណ៍ដែលថា លោក រូប៊ីអូ អាចនឹងចាកចេញពីតំណែង បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍នេះ ដោយភាគីទាំងពីរបានចាត់ទុកព័ត៌មាននេះថា ជាព័ត៌មានក្លែងក្លាយ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងប្រឈមមុខនឹងអនាគតនយោបាយដែលមិនសូវច្បាស់លាស់។
លោក ត្រាំ និងអនុប្រធានាធិបតី ជេឌី វ៉ានស៍ (JD Vance) បានបន្ទោសដូចគ្នាថា សង្គ្រាមនៅអ៊ីរ៉ង់ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សសាធារណរដ្ឋបរាជ័យ ដែលជាហេតុនាំឱ្យគណបក្សប្រជាធិបតេយ្យទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងលើសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយបណ្តាញព័ត៌មាន ABC News លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទទួលការហៅទូរសព្ទដែលសួរនាំពាក់ព័ន្ធនឹងលោក ហេកសិត ប៉ុន្តែបានបន្ថែមថា លោកមានបំណងយ៉ាងមុតមាំក្នុងការរក្សាទុកលោក ហេកសិត។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោក ភីត ហេកសិត បានបំពេញការងារយ៉ាងល្អប្រសើរ ហើយបានបន្តរៀបរាប់ពីសមិទ្ធផលមួយចំនួន ដែលលោកមើលឃើញថា ជាស្នាដៃរបស់លោក ហេកសិត រួមមានការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) កាលពីខែមករា និងសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបច្ចុប្បន្នបានអូសបន្លាយចូលដល់ខែទី៩។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ប្រហែលជាកំពុងពិចារណាលើការបណ្តេញឧត្តមសេនីយ៍ ឌែន ខេន (Dan Caine) ដែលជាប្រធានអគ្គសេនាធិការចម្រុះ។ លោកទាំងពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការណែនាំអំពីសង្គ្រាម ដែលបានចាប់ផ្តើមកាលពី៨ខែមុន។
ទន្ទឹមនឹងនេះ លោក ថូម៉ាស ម៉ាស៊ី (Thomas Massie) សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលតែងតែរិះគន់លោក ត្រាំ នោះ បាននិយាយថា លោកនឹងបន្តដំណើរការផែនការ ដើម្បីជំរុញឱ្យមានការចោទប្រកាន់និងទម្លាក់លោក ហេកសិត ចេញពីតំណែង។
លោក ថូម៉ាស បានប្រាប់គេហទំព័រព័ត៌មាន Politico ថា លោកនឹងដាក់សំណើ ដើម្បីចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ នៅដើមសប្តាហ៍ក្រោយ។
លោក ថូម៉ាស បានព្រមានថា លោកប្រធានាធិបតីគួរតែផ្លាស់ប្តូរលោក ហេកសិត ចេញ មុនពេលសភាថ្មី ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យចាប់ផ្តើមការងារនៅខែមករា។
មានពាក្យចចាមអារ៉ាមថា ហេកសិត មានចំណាប់អារម្មណ៍ក្នុងការឈរឈ្មោះសម្រាប់អាសនៈព្រឹទ្ធសភា ដែលនៅទំនេរមួយកន្លែងនៅរដ្ឋថេនណេសស៊ី (Tennessee)។
នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ លោក ហេកសិត បានថ្កោលទោសចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយ បង្កើតរឿងចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយថា កិច្ចប្រឹងប្រែងនេះ ផ្តួចផ្តើមឡើងដោយសមាជិកសភាម្នាក់ ដែលបរាជ័យ និងមានការអាក់អន់ចិត្ត រួមជាមួយសម្ព័ន្ធមិត្តមួយចំនួនមកពីគណបក្សប្រជាធិបតេយ្យ។
ជាងនេះទៅទៀត លោក ហេកសិត ក៏បានរៀបរាប់ពីចំណុចនានា ដែលក្រសួងរបស់លោកបានអនុវត្ត ដើម្បីសម្រេចបាននូវរបៀបវារៈ “អាមេរិកជាចម្បង” របស់លោក ត្រាំ ក្រោមការដឹកនាំរបស់លោក។
លោកបាននិយាយថា សមិទ្ធផលទាំងនេះ រួមមានការស្តារឡើងវិញនូវការជ្រើសរើសកងទ័ព ការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិ និងការលុបបំបាត់រាល់គំនិតផ្តួចផ្តើម ដែលផ្តោតលើភាពចម្រុះ។
ដោយឡែកពាក់ព័ន្ធនឹងគណបក្សប្រជាធិបតេយ្យវិញ លោកបាននិយាយថា គោលនយោបាយរបស់ពួកគេមិនមានប្រសិទ្ធភាពទេ។ ដូច្នេះ ការដែលពួកគេងប់ងុលនឹងល្ខោននយោបាយ បានជំរុញឱ្យពួកគេព្យាយាមបំផ្លាញគូប្រជែងរបស់ខ្លួន។ លោកបន្តថា វាគឺជារឿងនយោបាយ ដែលផ្តោតលើការបំផ្លាញបុគ្គលតែប៉ុណ្ណោះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


