លោក ហ្សេឡិនស្គី អះអាងថា អ៊ុយក្រែនត្រូវសម្របខ្លួនទៅនឹងស្ថានភាពនយោបាយថ្មីនៅអាមេរិក និងចាំបាច់ត្រូវពង្រឹងប្រព័ន្ធការពារដែនអាកាស
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនត្រូវតែសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងថ្មីៗ នៃនយោបាយរបស់អាមេរិក ដើម្បីកសាងកិច្ចសន្ទនា និងឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួន ក្នុងការស្វែងរកជំនួយបរទេសបន្ថែម ក៏ដូចជាការពង្រឹងប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់នឹងការវាយប្រហារពីសំណាក់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាល នៅព្រឹកថ្ងៃសុក្រនេះ។
លោក ហ្សេឡិនស្គី ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្សះផ្សាទំនាក់ទំនងដ៏ផុយស្រួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាពិសេសបន្ទាប់ពីជំនួបមួយនៅក្នុងការិយាល័យប្រធានាធិបតីកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលអំឡុងពេលនោះ លោកត្រូវបានចោទប្រកាន់ថា មិនដឹងគុណចំពោះជំនួយពីទីក្រុងវ៉ាស៊ីនតោន។
កិច្ចពិភាក្សាដឹកនាំដោយអាមេរិកជាមួយអ៊ុយក្រែននិងរុស្ស៊ី ជុំវិញការដោះស្រាយជម្លោះនេះ គ្រោងនឹងបន្តនៅសប្តាហ៍ក្រោយនៅក្រុងអាប៊ូដាប៊ី។
លោក ហ្សេឡិនស្គី ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអ៊ីបេរ៉ូ-អាមេរិក (Ibero-American summit) នៅប្រទេសអេស្ប៉ាញ បានប្រាប់ទូរទស្សន៍អ៊ុយក្រែន TSN ថា ទីក្រុងកៀវចាំបាច់ត្រូវសម្របខ្លួនទៅនឹងស្ថានភាពនយោបាយនៅអាមេរិក ដែលបានផ្លាស់ប្តូរ បន្ទាប់ពីអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក បានផ្តល់សិទ្ធិឱ្យគណបក្សប្រជាធិបតេយ្យ ឡើងកាន់កាប់សភា។
លោកនិយាយថា អ៊ុយក្រែនត្រូវតែបោះជំហានទៅមុខឆ្ពោះទៅរកហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីនៅក្នុងសហរដ្ឋអាមេរិក។
លោក ហ្សេឡិនស្គី បន្តថា អ៊ុយក្រែនត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ហើយត្រូវតែច្របាច់បញ្ចូលគ្នារវាងការគាំទ្រ ដែលទទួលបានពីរគណបក្សទាំងពីររបស់អាមេរិក។ ជាមួយនឹងការយល់ច្បាស់អំពីការផ្លាស់ប្តូរអំណាច អ៊ុយក្រែនត្រូវពង្រឹងកិច្ចសន្ទនា ដើម្បីបង្កើនការគាំទ្របន្ថែមទៀត។
អ៊ុយក្រែនចាំបាច់ត្រូវពង្រឹងខ្លួនឯងតាមរយៈកញ្ចប់ជំនួយនានា និងទាមទារយកមកវិញនូវជំនួយ ដែលមានតម្លៃ ១៦ពាន់លានដុល្លារ ដែលលោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់ឱ្យ ប៉ុន្តែមិនបានផ្តល់ជូននោះទេមកដល់ពេលនេះ។
លោកបាននិយាយថា អាទិភាពចម្បងរបស់ប្រទេសនេះ គឺការពង្រឹងប្រព័ន្ធការពារដែនអាកាស ខណៈសង្គ្រាមប្រឆាំងនឹងរុស្ស៊ីបានអូសបន្លាយរយៈពេល ៤ឆ្នាំកន្លះទៅហើយ។ នេះមានន័យថា អ៊ុយក្រែនត្រូវតែធ្វើឱ្យប្រាកដថា ខ្លួនទទួលបានការផ្គត់ផ្គង់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូតពីសហរដ្ឋអាមេរិក។
បើតាមលោក ហ្សេឡិនស្គី មានន័យថា អាទិភាពចម្បងរបស់អ៊ុយក្រែន គឺប្រព័ន្ធការពារដែនអាកាស។ ប្រសិនបើអ៊ុយក្រែនមិនដោះស្រាយបញ្ហាប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូតទេនោះ វានឹងក្លាយជារឿងលំបាកខ្លាំងសម្រាប់អ៊ុយក្រែន។ បញ្ហានេះ អាចដោះស្រាយបានតាមរយៈសហភាពអឺរ៉ុប ប្រទេសមួយចំនួននៅក្រៅតំបន់អឺរ៉ុប ហើយជាការពិតណាស់ គឺសហរដ្ឋអាមេរិកតែម្តង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានអនុម័តការលក់មីស៊ីលប៉ាទ្រីយ៉ូត PAC-3 ចំនួន ៥០០គ្រាប់ ទៅឱ្យប្រទេសអ៊ុយក្រែន ក្នុងតម្លៃប្រមាណ ២,១ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ មីស៊ីលទាំងនេះត្រូវគេរំពឹងថា នឹងមិនទាន់អាចបញ្ជូនទៅដល់អ៊ុយក្រែននោះទេ រហូតដល់អំឡុងដើមទសវត្សរ៍ឆ្នាំ២០៣០ឯណោះ។
លោក ហ្សេឡិនស្គី បាននិយាយថា លោកក៏កំពុងធ្វើការផងដែរ ដើម្បីធានាថា អ៊ុយក្រែននឹងមានយន្តហោះចម្បាំង F-16 គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ក្នុងរយៈពេល ៥ទៅ៦ខែខាងមុខ។
លោកបាននិយាយថា អ៊ុយក្រែនកំពុងប្រឈមនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើវិស័យថាមពលរបស់ខ្លួន អំឡុងរដូវរងារ ដោយស្ថានភាពនៅរដ្ឋធានីកៀវ គឺលំបាកបំផុត។
លោក ហ្សេឡិនស្គី បានថ្លែងថា មន្ត្រីមកពីសហភាពអឺរ៉ុប អង្គការណាតូ និងសហរដ្ឋអាមេរិក ដែលកំពុងជួបប្រជុំគ្នានៅទីក្រុងព្រុចសែលនៅសប្តាហ៍នេះ កំពុងរៀបចំសំណើសម្រាប់ធានាសន្តិសុខនៅពេលចប់ជម្លោះ ហើយការងារនេះកំពុងមានវឌ្ឍនភាពខ្លះៗ។
ស្របពេលជាមួយគ្នានេះដែរ លោក ចារ៉េត ឃើស្ន័រ (Jared Kushner) បេសកជនអាមេរិក បានសរសេរនៅលើបណ្តាញសង្គម X ដោយហៅកិច្ចពិភាក្សានេះថា ជាកិច្ចពិភាក្សា ដែលមានផ្លែផ្កា និងមានសារៈសំខាន់ៗ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


